31 C
Phnom Penh

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ដែល​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​ក្រោម​លេស​រក្សា​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត រុស្ស៊ី​សម្រេច​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ចំនួន​២ បន្ទាប់ពី​សភា​ជាន់​ទាប​ដែល​ភាសា​រុស្ស៊ី​ហៅ​ឌូម៉ា បាន​ប្រកាស​ទទួលស្គាល់​តំបន់​ពីរ​នេះ​ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។

សារព័ត៌មាន​អង់គ្លេស Independent បាន​ចុះផ្សាយ​ថា តំបន់​ពីរ​នេះ​ដែល​រុស្ស៊ី​លើក​ទ័ព​ចូល​ទៅ​នៅលើ​ទីតាំង​ក្រោម​ការ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដណ្ដើម​បាន​ពី​កងទ័ព​អ៊ុយក្រែន គឺ​តំបន់ Donetsk និង Luhansk ដែល​តំបន់ Luhansk ភាសា​រុស្ស៊ី​ហៅថា Donbas។ ទង្វើ​របស់​កងទ័ព​រុស្ស៊ី បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ជាច្រើន​ពី​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក។ គេ​អាច​រាប់​ទាំង​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក។ ទង្វើ​របស់​រុស្ស៊ី មិន​ត្រឹម​រង​ការ​ថ្កោលទោស​នោះ​ទេ គឺ​រង​ទណ្ឌកម្ម​ទៀត​ផង។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in បាន​ថ្លែង​ថា ពិភពលោក​ត្រូវ​នាំគ្នា​គោរព​ស្រឡាញ់​អ៊ុយក្រែន ហើយ​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​នេះ។ លោក​បញ្ជាក់​ថា វិបត្តិ​អ៊ុយក្រែន​អាច​នាំ​ឱ្យ​អឺរ៉ុប និង​អាស៊ី​ក៏​មាន​បញ្ហា​ដែរ ទាំង​សេដ្ឋកិច្ច និង​នយោបាយ ដែល​អាច​ប៉ះពាល់​ពិភពលោក​ទាំងមូល។ លោក​បន្ត​ថា ទោះ​ពី​អាស៊ី​នៅ​ឆ្ងាយ​ពី​អឺរ៉ុប​ក្ដី តែ​អាស៊ី​ពិត​ណាស់​នឹង​មាន​ការ​ព្រួយបារម្ភ​អំពី​ពិភពលោក​ជួប​នូវ​វិបត្តិ​ថាមពល ព្រោះ​ប្រទេស​រុស្ស៊ី​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​នូវ​ថាមពល​ឧស្ម័ន ហើយ​ទីផ្សារ​អឺរ៉ុប​អាច​នឹង​បិទ​ការ​នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី។

បើ​តាម​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​រូប​នេះ ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​រុស្ស៊ី​នឹង​ជួប​ផលវិបាក​ធ្ងន់​ជាងគេ ព្រោះ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ។ ទោះជាយ៉ាងណា មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​បន្ត​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ផ្នែក​ការទូត ហើយ​រុស្ស៊ី​អាច​នឹង​ត្រឡប់​ក្រោយ​វិញ។

ពី​ទីក្រុង​តូក្យូ​ឯណោះ​វិញ នាយករដ្ឋមន្ត្រី លោក Fumio Kishida បាន​ថ្កោលទោស​រុស្ស៊ី ដោយ​ហៅថា​ជា​ទង្វើ​បំពាន​ដែន​អធិបតេយ្យ​ប្រទេស​មួយ​ជា​រដ្ឋ​ឯករាជ្យ ហើយ​ព្រមាន​ថា ជប៉ុន​នឹង​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ប្រទេស​រុស្ស៊ី។ លោក Kishida បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ជប៉ុន​កំពុងតែ​តាមដាន​ការ​វិវឌ្ឍ​ជា​ខ្លាំង​អំពី​សកម្មភាព​យោធា​របស់​រុស្ស៊ី។ ជប៉ុន​បាន​បាត់​កោះ​ទៅ​រុស្ស៊ី​យ៉ាងតិច ៤​កោះ​នៅ​ពេល​ជប៉ុន​កំពុង​ធ្លាក់​ជា​ប្រទេស​ចាញ់​សង្គ្រាម​នៃ​សង្គ្រាម​លោក​លើក​ទី​២។ មកទល់​ពេលនេះ ជប៉ុន​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​កោះ​ទាំងនោះ​ពី​រុស្ស៊ី​មក​វិញ។

ចំណែក​ប្រទេស​ឥណ្ឌា តាមរយៈ​តំណាង​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ខ្លី​មួយ ដោយ​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ គឺ​ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​បើក​ការ​ចរចា​នឹង​គ្នា ព្រោះ​តែ​ឥណ្ឌា​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​កើតមាន​នៅ​ពេល​អ៊ុយក្រែន​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ដែល​ពួក​ឧទ្ទាម​កាន់កាប់ ហើយ​ទ័ព​រុស្ស៊ី​ជួយ​ការពារ​ដែនដី​ទាំងនោះ។

ដោយឡែក​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស New Zealand អ្នកស្រី Nanaia Mahuta និយាយ​ថា គ្មាន​ច្បាប់​អន្តរជាតិ​ណា​មួយ​ផ្ដល់​ឱ្យ​ប្រទេស​រុស្ស៊ី​ទទួលស្គាល់ និង​យក​ទឹកដី​របស់​ប្រទេស​ណា​មួយ​នៅ​ពេល​ក្រុម​ឧទ្ទាម​វាយ​កាន់កាប់​ដណ្ដើម​បាន មក​ដាក់​នៅ​ក្រោម​ដែនដី​ចំណុះ​របស់​ខ្លួន​នោះ​ទេ។ រដ្ឋមន្ត្រី​ការបរទេស New Zealand រូប​នេះ បាន​បន្ត​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ អ៊ុយក្រែន​អាច​វាយបក​ទ្រង់ទ្រាយ​ធំ​ដណ្ដើម​កាន់កាប់​មក​វិញ។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison និយាយ​ថា រុស្ស៊ី​ត្រូវ​ដក​ទ័ព​ត្រឡប់​ចេញពី​ទីតាំង​ទាំងឡាយ​ណា​ដែល​ខ្លួន​ចូល​ទៅដល់ ទោះ​ជា​នៅ​លើ​ទឹកដី​ធ្លាក់​ក្រោម​ពួក​ឧទ្ទាម​ក៏ដោយ។ លោក​ថា ទង្វើ​របស់​កងទ័ព​រុស្ស៊ី គឺជា​ការ​បង្ក​សង្គ្រាម ហើយ​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ​ដែល​ត្រូវតែ​រង​ការ​ថ្កោលទោស។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​បញ្ជាក់​ថា អូស្ត្រាលី​នឹង​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី។ ចំណែក​ប្រទេស​តួកគី​ដែល​ជា​សមាជិក​នៃ​អង្គការ​យោធា​ណាតូ (NATO) ហើយ​ជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ផង​ដែរ។ ក្រសួង​ការបរទេស​របស់​ប្រទេស​នេះ បាន​ហៅ​ក្រឹត្យ​ច្បាប់​របស់​លោក វ៉្លាឌីមៀរ ពូទីន ដែល​ប្រកាស​ទទួលស្គាល់​ទឹកដី​បំបែក​ខ្លួន​ជា គឺជា​ចេតនា​កាន់កាប់​ដែនដី​របស់​ប្រទេស​ជិតខាង ហើយ​តួកគី​មិន​អាច​ទទួលយក​បាន​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken បាន​សម្រេច​លើក​ទូរស័ព្ទ​ទៅកាន់​សមភាគី​អ៊ុយក្រែន លោក Dmytro Kuleba ដោយ​បន្ត​ប្រកាស​គាំទ្រ​អ៊ុយក្រែន​ក្នុង​ការ​ទាមទារ​អធិបតេយ្យ​របស់​ខ្លួន​មក​វិញ។ លោក​បញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន ត្រៀម​រួច​ហើយ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​រុស្ស៊ី ដោយ​សហការ​ជាមួយ​ប្រទេស​នៅ​អឺរ៉ុប។

បន្ទាប់ពី​មាន​ដំណឹង​ថា រុស្ស៊ី​រំកិល​ទ័ព​ឆ្លង​ចូល​ទឹកដី​អ៊ុយក្រែន នៅ​តំបន់ Donetsk និង Luhansk ឬ​ហៅថា Donbas ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ជួប​ប្រជុំ​គ្នា​ជាបន្ទាន់ ហើយ​កិច្ចប្រជុំ​នេះ​តាម​សំណើ​របស់​មហាអំណាច​អាមេរិក អង់គ្លេស បារាំង និង​អ៊ុយក្រែន​ផ្ទាល់។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ តំណាង​របស់​ប្រទេស​រុស្ស៊ី រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រទេស​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ សម្រាប់​ប្រទេស​ចិន មិន​បាន​ចេញ​មុខ​ថ្កោលទោស​រុស្ស៊ី​នោះ​ទេ ហើយ​សឹងតែ​និយាយ​មិន​រួច ដោយ​គ្រាន់តែ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ការទូត​ជាបន្ទាន់។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី បាន​ប្រតិកម្ម​វិញ​ថា ដោយសារតែ​ក្រុម​បស្ចិម​ប្រទេស​លម្អៀង​អ៊ុយក្រែន ទើប​លើក​ទឹកចិត្ត​ឱ្យ​អ៊ុយក្រែន​បង្ក​ការវាយប្រហារ​ទៅលើ​ដែនដី​រុស្ស៊ី ក្រោម​លេស​ថា​ដេញ​តាម​វាយប្រហារ​ពួក​កងទ័ព​បំបែក​ដែនដី។

តំណាង​រុស្ស៊ី Vassily Nebenzia បាន​និយាយ​ថា រុស្ស៊ី​អត់ធ្មត់​ជា​ខ្លាំង​ទោះ​ជា​អ៊ុយក្រែន​បាញ់​ផ្លោង​ចូល​ទឹកដី​រុស្ស៊ី​ក៏ដោយ។ លោក​ថា កងទ័ព​រុស្ស៊ី​នៅ​លើ​តំបន់​ពីរ​នេះ គឺជា​កងកម្លាំង​រក្សា​សន្តិភាព​តែប៉ុណ្ណោះ។

ចំពោះ​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន លោក Sergiy Kyslytsya បាន​ទាមទារ​ឱ្យ​ក្រុង​មូស្គូ​លុបចោល​ក្រឹត្យ​ច្បាប់ ហើយ​ដក​ពាក្យ​ចេញ​វិញ​នូវ​ការប្រកាស​ទទួលស្គាល់​ដែនដី​បំបែក​រដ្ឋ។ ជាមួយ​គ្នា​នេះ កងទ័ព​រុស្ស៊ី​ដែល​ស្ថិតនៅ​លើ​ទីតាំង​របស់​ពួក​ឧទ្ទាម ក៏​ត្រូវ​ដក​ចេញ​វិញ​ជាបន្ទាន់​ដែរ។ ចំណែក​ឯ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ដែល​ទើប​បាន​ជួប​លោក ពូទីន តាម​ទូរស័ព្ទ​ជា​ថ្មី លោក​បាន​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ដោយ​បាន​ហៅ​វិធានការ​របស់​លោក ពូទីន ថា​ជា​អំពើ​ក្បត់​នឹង​ការ​សន្យា​របស់​ខ្លួន ដែល​ថា​នឹង​មិន​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។

មក​ដល់​ពេលនេះ កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​ឡោមព័ទ្ធ​អ៊ុយក្រែន​ជាង ១០​ម៉ឺន​នាក់ ហើយ​មួយ​ភាគ​បាន​រុល​ចូល​ទៅ​បោះ​ជំរំ​លើ​ទីតាំង​ដែល​ពួក​ឧទ្ទាម​វាយ​កាន់កាប់​បាន​ពី​កងទ័ព​អ៊ុយក្រែន​នៅ​តំបន់ Donetsk និង Luhansk។ ទាំង​អ៊ុយក្រែន និង​ក្រុម​បស្ចិម​ប្រទេស បាន​ចោទ​រុស្ស៊ី​ថា​ជា​អ្នក​ជួយ​គាំទ្រ​អាវុធ​ទៅ​ឱ្យ​ក្រុម​បំបែក​ទឹកដី​នៅ​តំបន់​ពីរ​នេះ ប៉ុន្តែ​រុស្ស៊ី​បដិសេធ ដោយ​អះអាង​ថា​ក្រុម​កងទ័ព​ទាំងនោះ​ត្រូវ​វាយ​ការពារ​ដែនដី​កំណើត​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស