34 C
Phnom Penh

អាមេរិក​សម្រេច​លើក​ទណ្ឌកម្ម​ដោយ​ស្នើ​ទិញ​ប្រេង​ពី​វេណេហ្ស៊ុយអេឡា ខណៈ​រក​វិធី​ព្យួរ​ការ​នាំ​ប្រេង​និង​ឧស្ម័ន​ពី​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​មីនា ថា គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ការ៉ាកាស នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បី​សិក្សា​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស ថា​តើ​យល់​ឃើញ​ដូចម្ដេច ប្រសិនបើ​អាមេរិក​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​ការ​ស្នើ​ទិញ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​នេះ​ឡើងវិញ។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​និយាយ​ថា ខ្លួន​គេ​ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​គណៈប្រតិភូ​អាមេរិក​ដែល​មក​កាន់​រដ្ឋធានី​ការ៉ាកាស ហើយ​បាន​ពិភាក្សា​អំពី​ជំហរ​របស់​អាមេរិក​ដែល​បាន​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ម៉ាឌូរ៉ូ ដោយ​ក្រុម​ប្រឆាំង​សម្ដែង​ការ​យល់ព្រម​ដោយ​ប្រុងប្រយ័ត្ន។

តែ​បែប​នេះ អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ដែល​រដ្ឋការ​លោក​ប្រធានាធិបតី ចូ បៃដិន សម្រេច​ដូចនេះ គឺ​ទី​មួយ ក្រុង​វ៉ាស៊ីនតោន ចង់​ផ្សារភ្ជាប់​ឡើងវិញ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការទូត​ដែល​រដ្ឋការ​នៃ​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ធ្វើ​ទៅ​លើ​របប​លោក ម៉ាឌូរ៉ូ ក្នុង​ហេតុផល​ដែល​ជន​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា បំបិទ​សេរីភាព​ក្រុម​ប្រឆាំង និង​ទី​ពីរ គឺ​សហរដ្ឋ​អាមេរិក​ត្រូវការ​ប្រេង​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា ដើម្បី​កាត់បន្ថយ ឬ​ក៏​ព្យួរ​ការ​នាំ​ប្រេង​ពី​រុស្ស៊ី ដែល​អាមេរិក​តម្រូវការ​ប្រេង​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​រហូត​ដល់​ទៅ ៣០%។

ចំណែក​សភា​សហរដ្ឋ​អាមេរិក កំពុង​ព្រាង​ច្បាប់​មួយ​អនុម័ត​ឱ្យ​រដ្ឋការ​លោក បៃដិន ផ្អាក​ការ​នាំ​ប្រេង​ទាំងស្រុង​ពី​ប្រទេស​រុស្ស៊ី ដែល​ប្រទេស​នេះ​កំពុង​ធ្លាក់​ក្រោម​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ករណី​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ តែ​យ៉ាងណា​ក៏ដោយ លទ្ធផល​វិជ្ជមាន​ពី​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា អាច​នឹង​មាន​តែ​ក្នុង​កម្រិត​ណា​មួយ។ នេះ​បើ​តាម​ប្រភព​របស់​មន្ត្រី​សេតវិមាន។

ការពិត​ទៅ របប​លោក ម៉ាឌូរ៉ូ តែងតែ​ទាមទារ​ឱ្យ​អាមេរិក និង​សហភាព​អឺរ៉ុប អង់គ្លេស កាណាដា លើកលែង​ការ​ដាក់​ទណ្ឌកម្ម ព្រោះ​ទណ្ឌកម្ម​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ទី​៤ នៃ​ពិភពលោក​សឹងតែ​រលំ​ទៅ​ហើយ។

ទណ្ឌកម្ម​នេះ សូម្បី​ប្រទេស​ចិន ឥណ្ឌា ជា​ប្រទេស​នាំ​ប្រេង​ដ៏​ធំ​ទី​ពីរ ប្រទេស​វេណេហ្ស៊ុយអេឡា ក៏​មិន​អាច​នាំ​ប្រេង​ចេញពី​ប្រទេស​នេះ​បាន​ដែរ ព្រោះ​អាមេរិក​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​លើ​ប្រទេស​នេះ​មិន​ត្រឹម​ទៅ​លើ​ផលិតផល​ប្រេង​នោះ​ទេ គឺ​ទៅលើ​ប្រព័ន្ធ​ចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​ផង​ដែរ។

អ្នក​នាំពាក្យ​សេតវិមាន Jen Psaki បាន​ឱ្យ​ដឹង​ថា គោលបំណង​នេះ គឺ​រដ្ឋការ​លោក បៃដិន ត្រូវការ​ធានា​សុវត្ថិភាព​ថាមពល​សម្រាប់​ផ្គត់ផ្គង់​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក ដោយ​ជំនួស​ការ​នាំ​ប្រេង​ពី​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​បញ្ហា​ប្រជាធិបតេយ្យ គឺ​អាមេរិក​នៅតែ​ជំរុញ​ឱ្យ​វេណេហ្ស៊ុយអេឡា បើក​ចំហ​សម្រាប់​ក្រុម​ប្រឆាំង និង​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី ឬ​សមាជិក​សភា​នៅ​ខាងមុខ​នេះ។

អ្នក​នាំពាក្យ​រូប​នេះ​ថា រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ បាន​សាទរ​សហរដ្ឋ​អាមេរិក​ដែល​បាន​លើកលែង​ទណ្ឌកម្ម​ដូចនេះ។ យ៉ាងណា អ្នក​នាំពាក្យ​មិន​បាន​លម្អិត​ថា អាមេរិក​លើកលែង​ទណ្ឌកម្ម​លើ​របប​លោក ម៉ាឌូរ៉ូ ទាំងស្រុង ឬ​ក្នុង​កម្រិត​ណា​នោះ​ទេ។

នៅមុន​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន លោក ម៉ាឌូរ៉ូ បាន​គាំទ្រ​ផែនការ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​ហ៊ាន​ប្រឈម​នឹង​ក្រុម​បស្ចិម​ប្រទេស និង​កងទ័ព​ណាតូ។ រុស្ស៊ី និង​វេណេហ្ស៊ុយអេឡា ជា​សម្ពន្ធមិត្ត​យុទ្ធសាស្ត្រ​នឹង​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឥទ្ធិពល​រុស្ស៊ី នៅ​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង។

សម្រាប់​សហរដ្ឋ​អាមេរិក នៅតែ​គាំទ្រ​ខ្លាំង​ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ Juan Guaido ដែល​អាមេរិក​សង្ឃឹម​ថា​ក្រុម​នេះ​អាច​នឹង​មាន​ឱកាស​ដឹកនាំ​ប្រទេស​វេណេហ្ស៊ុយអេឡា ទៅ​ថ្ងៃ​ខាងមុខ នៅ​ក្រោម​ការ​បោះឆ្នោត​មួយ​ដ៏​ត្រឹមត្រូវ និង​បើក​ចំហ​សេរីភាព​របស់​ប្រជាជន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស