34 C
Phnom Penh

អ្នក​ឃ្លាំមើល​បារម្ភ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​និង​ទាសភាព​សេដ្ឋកិច្ច​របស់​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ដែល​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លើកឡើង​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ពឹង​មហាអំណាច​ណា​មួយ​ផ្ដាច់មុខ នោះ​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ និង​ទាសភាព​សេដ្ឋកិច្ច​របស់​មហាអំណាច​ជាមិនខាន។

សកម្មជន​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ខ្មែរ​នឹង​លែង​មាន​សេដ្ឋកិច្ច​ជា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​កម្មករ​ដាច់ថ្លៃ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​បរទេស ដូចជា​ទាសករ​លើ​ទឹកដី​របស់​ខ្លួន​ជា​រៀង​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​សាង​ភាព​ឯករាជ្យ​ឱ្យ​កម្ពុជា​ដោយ​ខ្លួនឯង​បាន​ទេ​នោះ។

លោក ស្រ៊ុន ស្រ៊ន អះអាង​ថា ប្រសិនបើ​កម្ពុជា​ប្រកាន់យក​មហាអំណាច​កុម្មុយនីស្ត​ផ្ដាច់ការ ទាត់​ចោល​មហាអំណាច​លោកសេរី​ដូច​សព្វថ្ងៃ​នេះ កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​បន្តិច​ម្តងៗ ហើយ​ពលរដ្ឋ​ខ្មែរ​នឹង​គ្មាន​ឱកាស​ទទួល​បាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។ ជាង​នេះ​ទៀត កម្ពុជា​ក៏​គ្មាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ជា​របស់​ខ្លួន​ដែរ គឺ​មាន​តែ​រដ្ឋាភិបាល​កូនអុក​របស់​បរទេស​ប៉ុណ្ណោះ។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​របស់​ខ្លួន​ឱ្យ​មាន​ភាព​ឯករាជ្យ ពួកគេ​ត្រូវតែ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រាល់​ទំនាក់ទំនង​បរទេស​ទាំងអស់ ទាំង​លក្ខណៈ​ទ្វេភាគី​ក្នុង​តំបន់ និង​អន្តរជាតិ ព្រោះ​ថា​មាន​តែ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​តែ​មួយ​គត់​ដែល​អាច​ឱ្យ​មេដឹកនាំ​កម្ពុជា អនុវត្ត​ច្បាប់​នានា​ជាមួយ​បរទេស​ដោយ​ស្មើ​មុខ​បាន ដូចជា​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​ខ្មែរ​បាន​ប្រកាស​ជំហរ​ផ្ញើ​វាសនា​ប្រទេស​ជាតិ​ទៅ​លើ​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​គេ​មើល​ឃើញ​ថា​ជា​ថ្នូរ​ដើម្បី​ទទួល​បាន​ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ គឺ​ដឹកនាំ​នយោបាយ​តាម​របៀប​លក់​ខ្លួន​ឱ្យ​បរទេស និង​ជា​ការ​ដឹកនាំ​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ។

លោក ប៉ា ងួនទៀង ពន្យល់​ថា នយោបាយ​លក់​ខ្លួន គឺ​មាន​ន័យ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ត្រូវការ​ឱ្យ​បរទេស​ជួយ​ពង្រឹង​អំណាច​របស់​គាត់ មេដឹកនាំ​ខ្មែរ​រូប​នេះ​មិន​ស្ទាក់ស្ទើរ​នឹង​ផ្តល់​ផលប្រយោជន៍​ឱ្យ​បរទេស​គ្រប់​បែប​យ៉ាង​នោះ​ឡើយ។ ចំណែក​នយោបាយ​បោក​ពលរដ្ឋ​របស់​ខ្លួន​វិញ គឺ​លោក ហ៊ុន សែន ព្យាយាម​វាយប្រហារ​ប្រទេស​លោកសេរី ដើម្បី​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​មហាអំណាច​កុម្មុយនីស្ត ដែល​ប្រទេស​លោកសេរី​កំពុងតែ​ភ័យ​ព្រួយ​ពី​ឯករាជភាព និង​អព្យាក្រឹតភាព​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា មហាអំណាច​ចិន​បាន​ជួយ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ ទាំង​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន​រហូត​មក ដូច្នេះ​បើ​មិន​បាន​ចិន​ជួយ​ទេ កម្ពុជា​ក៏​មិន​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ត្អូញត្អែរ​ថា ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ដៃ​ដូច​សព្វថ្ងៃ​នេះ​ហើយ ទើប​រដ្ឋាភិបាល​ចិន​អាច​បង្កើត​រដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ ដែល​ពួកគេ​នាំគ្នា​ហៅថា «តៃកាំង» ដែល​អាច​ឱ្យ​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​កាន់តែ​មាន​សិទ្ធិ​អំណាច​រឹតតែ​ខ្លាំង​ឡើងៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស