32.9 C
Phnom Penh

ឫសគល់​នៃ​វិបត្តិ​វត្តអារាម​នៅ​អាមេរិក​ភាគច្រើន​កើត​ចេញពី​បញ្ហា​ជម្លោះ​កាន់កាប់​អចលវត្ថុ​និង​ហិរញ្ញវត្ថុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​សឹង​គ្រប់​រដ្ឋ​ទៅ​ហើយ តែង​រស់នៅ​ញាំញី​ទៅ​ដោយ​ជម្លោះ​ដណ្តើម​កាន់កាប់​គ្រប់គ្រង​វត្តអារាម ទាំង​ផ្នែក​អចលវត្ថុ និង​ផ្នែក​ហិរញ្ញវត្ថុ ដែល​នាំ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​របស់​ខ្មែរ​ធ្លាក់​ចុះ និង​រង​នូវ​ភាព​អាម៉ាស់​ជាច្រើន​ដល់​ជាតិសាសន៍​ដទៃ​ទៀត។

ជាក់ស្តែង វិបត្តិ​ក្នុង​វត្ត​កម្ពុជាក្រោមធម្មរង្សី នៅ​ក្រុង​ម៉ាណាសាស់ រដ្ឋ​វើជីនីញ៉ា កំពុង​មាន​ភាព​ចម្រូងចម្រាស​ជា​ខ្លាំង ខណៈ​គណៈកម្មការ​វត្ត​មួយ​នេះ​មួយ​ភាគី​កំពុង​ស្វែងរក​លទ្ធភាព​មិន​ធានា​ផ្លូវច្បាប់​ឲ្យ​ព្រះ​ភិក្ខុ​មួយ​អង្គ​អាច​គង់​បន្ត​នៅ​ក្នុង​អារាម​មួយ​នេះ​តទៅទៀត។

ពុទ្ធបរិស័ទ​ប្រុស​ស្រី​ចំណុះ​ជើងវត្ត​កម្ពុជាក្រោមធម្មរង្សី នៅ​ក្រុង​ម៉ាណាសាស់ រដ្ឋ​វើជីនីញ៉ា ប្រមាណ​ជិត ១០០​នាក់ រួម​ទាំង​ព្រះសង្ឃ​និមន្ត​ពី​ទី​ជិត​ឆ្ងាយ​ចំនួន​ជាង ១០​អង្គ ជួបជុំ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មីនា ឆ្នាំ​២០២២ មាន​សភាព​ខុស​ពី​ធម្មតា គឺ​ពុំ​មាន​ប្រារព្ធ​ពិធី​បុណ្យ​អ្វី​មួយ​ទេ។ វត្តមាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងអស់​នេះ គឺ​គេ​នាំគ្នា​ទៅ​សម្ដែង​ការ​គាំទ្រ​ព្រះ អង្វរ​សុំ​ឲ្យ​គណៈកម្មការ​វត្ត​ជួយ​បំពេញ​ភារកិច្ច​តាម​ផ្លូវច្បាប់ ប្រគេន​ព្រះ​ភិក្ខុ ថេរសីលោ គិម អ៊ុក មាន​សិទ្ធិ​គង់​ប្រចាំ​អារាម​ស្រប​តាម​ផ្លូវច្បាប់ ហើយ​សូម​ឲ្យ​ព្រះ​បន្ត​គង់​ក្នុង​ទីអារាម​តទៅទៀត​ដើម្បី​កសាង​បង្ហើយ​គម្រោង​ស្ថាបនា​ធម្មសាលា ដែល​ពុទ្ធបរិស័ទ​បាន​ប្រមូល​បច្ច័យ​ទាន​ជួយ​ឧបត្ថម្ភ។

ធម្មសាលា​នេះ​កសាង​បាន​ជាង ៦០% ហើយ ហើយ​ទាយក​ទាយិកា​ប្ដេជ្ញា​ចិត្ត​ថា នឹង​កសាង​ឲ្យ​ចប់​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០២២ នេះ។

អារាម ឬ​វត្ត​កម្ពុជាក្រោមធម្មរង្សី កសាង​និង​គង់​ថែរក្សា​ពី​ថ្ងៃ​ចាប់​បដិសន្ធិ​មក​ដោយ​លោកគ្រូ​ចៅអធិការ ថាច់ សួន និង​ព្រះតេជព្រះគុណ ឈាន។ វត្ត​នេះ​ក្រោយ​ពី​លោក​ចៅអធិការ ថាច់ សួន សុគត​ទៅ ធ្លាប់​មាន​រឿង​អាស្រូវ​ទាក់ទិន​នឹង​លុយកាក់​គ្រប់គ្រង​ដោយ​គណៈកម្មការ​វត្ត ដែល​មាន​សមាសភាព ៥​រូប ព្រមទាំង​រឿង​ទាក់ទង​នឹង​សេចក្តី​រាយការណ៍​ឲ្យ​នាយកដ្ឋាន​ពន្ធដារ Internal Revenue Service ឬ IRS ក្នុង​ឆ្នាំ​២០២០។

ការ​បំពេញ​បែបបទ​រាយការណ៍​ខុស តម្រូវ​ឲ្យ IRS ផាក​ពិន័យ​វត្ត​ក្នុង​មួយ​ថ្ងៃ ២០​ដុល្លារ ឬ​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ដុល្លារ។ គួរ​កត់សម្គាល់​ថា តាម​ឯកសារ​ដែល​សារព័ត៌មាន The Cambodia Daily បាន​ឃើញ ស្រុក Prince Williams County បាន​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​អាមេរិកាំង​ជា​ឧបាសក​ឧបាសិកា ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​កម្ពុជាក្រោមធម្មរង្សី មាន​សិទ្ធិ​កាន់កាប់ និង​សង់​វត្ត​ក្នុង​បរិវេណ​ផ្ទៃដី​ជាង ៣​ហិកតារ ដោយ​មិន​តម្រូវ​ឲ្យ​បង់​ពន្ធដារ​ដល់​រដ្ឋ។ បញ្ហា​ដទៃ​ទៀត​កើតមាន​ក្នុង​វត្ត​កម្ពុជាក្រោមធម្មរង្សី គឺ​កើតមាន​រវាង​ព្រះសង្ឃ និង​គណៈកម្មការ​គ្រប់គ្រង​វត្ត​សព្វថ្ងៃ​នេះ ពីព្រោះ​ព្រះសង្ឃ​មួយ​ចំនួន​គង់​នៅ​វត្ត​ហ្នឹង​មិន​បាន​យូរ ឬ​យ៉ាង​យូរ ៣​ឆ្នាំ។

តាម​សមាជិក​ក្នុង​សហគមន៍​ពុទ្ធបរិស័ទ​ខ្មែរ​មួយ​ចំនួន​មាន​ទាំង​អាចារ្យ​ផង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា គណៈកម្មការ​វត្ត​ដែល​មួយ​ចំនួន​ជា​បង​ប្អូន​ធម៌​នឹង​គ្នា មាន​ចេតនា​មិន​ចង់​ឲ្យ​ព្រះសង្ឃ​អង្គ​ខ្លះ​គង់​ជាប់​លាប់​ជា​ចៅអធិការ​ឡើយ។ ដូច្នេះ​វត្ត​កម្ពុជាក្រោមធម្មរង្សី ជា​វត្ត​គ្មាន​អារាមាធិការ ឬ​គ្រូ​សង្រ្គាជ ឬ​ចៅអធិការ ដែល​មាន​ន័យ​ថា មាន​តែ​គណៈកម្មការ​វត្ត​ជា​បាសក​សុទ្ធសាធ​ធ្វើជា​ម្ចាស់​គ្រប់គ្រង ចាត់ចែង សម្រេច​កិច្ចការ​អ្វីៗ​ទាំងអស់​ទាំង​គរុភណ្ឌ និង​លហុភណ្ឌ។

រីឯ​ពុទ្ធសាសនិកជន​ជា​សមាជិក​សហគមន៍​ទ្រទ្រង់​វត្ត​នេះ រួម​នឹង​ព្រះសង្ឃ​ត្រឹមត្រូវ​បរិសុទ្ធ​ខ្លះ​ទៀត ក៏​មិន​ដឹង​រាល់​កិច្ចការ​ធំៗ​មួយ​ចំនួន​ក្នុង​វត្ត​ដែរ។ តាម​សេចក្តី​ថ្លែង​សុន្ទរកថា​ពី​សមាជិក​សមាជិកា​ទ្រទ្រង់​វត្ត​ក្នុង​សហគមន៍​ពុទ្ធសាសនិកជន ដែល​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​គណៈកម្មការ​វត្ត​ចំពោះ​ការ​មិន​ចង់​បំពេញ​ភារកិច្ច ធានា​ព្រះភិក្ខុ ថេរសីលោ គិម អ៊ុក គង់​ប្រចាំ​វត្ត​ស្រប​ច្បាប់​នោះ ថា​សមាសភាព​ក្នុង​គណៈកម្មការ​វត្ត​អនុវត្ត​តាម​លក្ខន្តិកៈ ឬ​បទបញ្ញត្តិ​ផ្ទៃក្នុង​ដែល​គេ​ធ្វើ​វិសោធនកម្ម​ប្រាំ​ដង​រួច​មក​ហើយ។

ក្នុង​លិខិត​មួយ​សរសេរ​ទៅកាន់​គណៈកម្មការ​ចុះបញ្ជី​សាជីវកម្ម​រដ្ឋ​វើជីនីញ៉ា ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និយាយ​អំពី​ការ​បាត់​ឈ្មោះ​សមាជិក​គណៈកម្មការ​វត្ត ២​នាក់ ពោល​គឺ​ក្នុង​បញ្ជី​ផ្លូវការ​មាន ៥​នាក់ ក្រៅ​បញ្ជី​ផ្លូវការ​មាន ៧​នាក់ បញ្ជាក់​ថា ម្នាក់​ធ្វើ​ប្រធាន​ផង នាយក​ផង អ្នក​ទុកចិត្ត​ផង ឬ trustee ម្នាក់​ធ្វើជា​អនុប្រធាន​ផង អគ្គលេខាធិការ​ផង អ្នក​ទុកចិត្ត ឬ trustee ផង។ បី​នាក់​ទៀត​ធ្វើជា​នាយក​ផង ជា​អ្នក​ទុកចិត្ត​ផង។ ម្នាក់​ទៀត​ធ្វើជា​នាយក និង​ម្នាក់​ទៀត​ធ្វើជា​ហេរញ្ញិកា។

មន្ទីរ​ទទួល​បន្ទុក​កិច្ចការ​ចុះបញ្ជី​អង្គការ/ក្រុមហ៊ុន​នានា​ក្នុង​រដ្ឋ​វើជីនីញ៉ា បាន​ឆ្លើយ​បញ្ជាក់​តប​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ថា យោង​តាម​ការ​ចុះបញ្ជី​ក្នុង​នាម​វត្ត​កម្ពុជាក្រោម រដ្ឋ​បាន​ចេញ​ប័ណ្ណ​ទទួលស្គាល់​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៩ ពី​ត្រឹម​នោះ​មក គ្មាន​អ្វី​ត្រូវ​បញ្ជាក់​ថែម​ទៀត​ទេ។

តាម​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ដែល​ដឹង​រឿងរ៉ាវ​ច្រើន​តាំងពី​រឿង​ជាមួយ​ព្រះសង្ឃ រហូត​ដល់​រឿង​ប្តឹង​ផ្តល់​ក្តី​ក្ដាំ​គ្នា​ឡើង​តុលាការ គឺ​ទាក់ទង​បញ្ហា​លុយ។ អ្នក​ខ្លះ​ចោទ​ថា មាន​អ្នក​ចង់​គៃ​ប្រវ័ញ្ច​បច្ច័យ​ទាន​ពី​វត្ត​យក​ទៅ​ចាយវាយ​ផ្ទាល់ខ្លួន​ក្រៅ​ការងារ​វត្ត និង​ក្លែង​បន្លំ​ឯកសារ ឬ​សេចក្តី​រាយការណ៍​ផ្នែក​ហិរញ្ញវត្ថុ។

ចំពោះ​រឿងរ៉ាវ​ពុទ្ធបរិស័ទ​ខ្មែរ​ពីរ​ក្រុម​មិន​ត្រូវ​គ្នា ចោទ​គ្នា​រវាង​អ្នក​ទ្រទ្រង់​វត្ត និង​គណៈកម្មការ​វត្ត ទាក់ទង​នឹង​ព្រះ​ភិក្ខុ ថេរសីលោ គិម អ៊ុក វិញ គឺ​មាន​ករណី​ប្រធាន​គណៈកម្មការ​វត្ត​បំពេញ​បែបបទ​ដាក់​ពាក្យ​ធានា​ព្រះអង្គ​ឲ្យ​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ តាមរយៈ​មេធាវី។ ក្រោយ​មក​មាន​ការ​សរសេរ​លិខិត​ទៅ​សុំ​ដក​ពាក្យ​ថា មិន​ធានា​ព្រះអង្គ​ទៅវិញ។ រឿង​ទាំងអស់​នេះ ភិក្ខុ ថេរសីលោ គិម អ៊ុក ក៏​មិន​បាន​ជ្រាប មេធាវី​កាន់​សំណុំរឿង​ក៏​មិន​បាន​ដឹង។

ក្នុង​ឱកាស​ជួបជុំ​គ្នា​កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មីនា The Cambodia Daily បាន​សួរ​សំណួរ​ពីរ៖ ទី​១ ថា​តើ​មាន​មូលហេតុ​អ្វី​ពិតប្រាកដ បាន​ជា​ដក​ពាក្យ​មិន​ធានា​ព្រះអង្គ​វិញ បន្ទាប់ពី​ដាក់​ពាក្យ​ធានា​ទៅ​ហើយ​នោះ? ទី​២ ថា​តើ​អ្នក​ណា​ជា​អ្នក​ទៅ​សុំ​ដក​ពាក្យ​វិញ បាន​ជា​មាន​លិខិត​ផ្លូវការ​ឆ្លើយតប​មក​វិញ​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​សន្តិសុខ​ផ្ទៃ​ប្រទេស សរសេរ​ដាក់​ឈ្មោះ​ប្រធាន​គណៈកម្មការ​វត្ត?

សំណួរ​ទាំង​ពីរ​នេះ គ្មាន​ចម្លើយ​ច្បាស់លាស់​ចំៗ​សម្រាប់​ពុទ្ធសាសនិកជន​ជិត ១០០​នាក់​ចាំ​ស្តាប់​នោះ​ទេ ព្រោះ​ថា​ប្រធាន​ក៏​មិន​ចូលរួម​ប្រជុំ អនុប្រធាន​ក៏​មិន​ចូលរួម​ប្រជុំ ដើម្បី​បំភ្លឺ​ចម្ងល់​ចំពោះ​អាថ៌កំបាំង​នេះ​ឡើយ។

អ្នក​ឆ្លើយ​ជំនួស​ជា​សមាជិក​គណៈកម្មការ​វត្ត មាន​ឋានៈ​ជា​នាយក (មិន​ដឹង​ជា​នាយក​ខាង​អ្វី) មិនមែន​ជា​ប្រធាន ឬ​អនុប្រធាន ហើយ​ប្រាប់​ទៅ​សាធារណជន​ថា៖ គណៈកម្មការ​មិន​ដឹង​ថា​អ្នក​ណា​សរសេរ​ដក​ពាក្យ​វិញ​នោះ​ទេ ហើយ​ក៏​មិន​បាន​ដេញ​ភិក្ខុ ថេរសីលោ គិម អ៊ុក ដែរ។ សហគមន៍​ទាំងមូល​បាន​ធ្វើ​សំណូមពរ​យ៉ាង​ទទូច​អង្វរ​សុំ​ឲ្យ​សមាជិក​គណៈកម្មការ​ទាំង ៣​នាក់​ដែល​មាន​វត្តមាន​ក្នុង​ទីប្រជុំ ឲ្យ​យល់ព្រម​ធានា​ព្រះអង្គ​ឲ្យ​មាន​សិទ្ធិ​រស់នៅ ដើម្បី​ជួយ​កសាង ពង្រឹង​ព្រះពុទ្ធសាសនា។

សមាជិក​គណៈកម្មការ​វត្ត​មួយ​រូប​ទៀត​បាន​ថ្លែង​រៀបរាប់​សុំ​ឲ្យ​មនុស្សម្នា​យល់​អំពី​ច្បាប់ ដោយ​បញ្ជាក់​ថា មាន​ការ​ជជែក​គ្នា​កន្លងមក​អំពី​វិធី​ចង់​ជួយ​ព្រះ​ភិក្ខុ គិម អ៊ុក ដោយ​បង្ហាញ​ផ្លូវ​ឲ្យ​ព្រះអង្គ​សឹក ហើយ​រៀបការ​ជាមួយ​អ្នក​មាន​សញ្ជាតិ​អាមេរិកាំង​ទៅ នឹង​អាច​រស់នៅ​ស្រប​ច្បាប់​បាន។

ទោះជាយ៉ាងណា​ក្តី សមាជិក​គណៈកម្មការ​ទាំង ៣​នាក់​នោះ​ហាក់ដូចជា​ញញើត​មិន​ហ៊ាន​ឆ្លើយ​សម្រេច​ថា​យ៉ាង​ណា​ឲ្យ​អស់​ក្តី​មន្ទិល និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​ព្រះអង្គ​នោះ​ទេ។

គួរ​បញ្ជាក់​ថា តាម​អត្ថន័យ​ក្នុង​ភាសា​ច្បាប់ ពាក្យ​ថា trustee ដែល​ក្នុង​លក្ខន្តិកៈ​គណៈកម្មការ​វត្ត​មាន ៥​នាក់ មាន​ន័យ​ថា បុគ្គល ឬ​ជន​អ្នក​ដែល​គេ​ផ្តល់​សេចក្តី​ទុកចិត្ត និង​តែងតាំង​ចាត់​ឲ្យ​គ្រប់គ្រង​ចាត់ចែង​ទ្រព្យសម្បត្តិ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ជន​ដទៃ​ក្នុង​គោល​បំណង​បញ្ជាក់​ច្បាស់លាស់។ នេះ​មាន​ន័យ​ថា សហគមន៍​ពុទ្ធបរិស័ទ​ខ្មែរ​បាន​ប្រគល់​សេចក្តី​ទុកចិត្ត​លើ​សមាជិក​គណៈកម្មការ​វត្ត​ឲ្យ​បំពេញ​ភារកិច្ច​សម្រាប់​ប្រយោជន៍​រួម ឬ​ហៅថា​ភាគី​ទី​បី​ដែល​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​ព្រះសង្ឃ​គង់​ប្រចាំ ហៅថា អាវាស ឬ​សង្ឃ​វាស​នោះ។

យើង​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​គណៈកម្មការ​វត្ត​បាន​នៅឡើយ​ទេ ថា​តើ​អ្នក​ខ្លះ​បាន​តែងតាំង​ចាត់​ឲ្យ​សមាជិក​គណៈកម្មការ​វត្ត​ជា trustee លើ​ទី​វត្ត​ទាំងមូល​នោះ​ទេ។

វត្ត​ដែល​សំដៅ​ថា​ជា​អាវាស ឬ​អារាម ជា​ទី​ស្នាក់​នៅ​នៃ​ពួក​សមណៈ ឬ​អ្នក​ប្រឹង​ប្រព្រឹត្ត​ធម៌ ឬ​ហៅថា​ព្រះសង្ឃ។ វត្ត​មកពី​ពាក្យ​បាលី និង​សំស្ក្រឹត ដែល​មាន​ន័យ​ថា៖ ការប្រព្រឹត្ត សេចក្តី​ប្រតិបត្តិ​មុខការ កិច្ច មុខ​នាទី ដែល​គួរ​ធ្វើ ការ​កាន់​សីលធម៌ ការ​គោរព ទំនៀម សណ្ដាប់ធ្នាប់ ពោល​គឺ​ទី​ដែល​ត្រូវ​ប្រកាន់​ផ្លូវ​ធម៌។ តាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត បើ​គេ​និយាយ​ថា មនុស្ស​មាន​វត្ត​ល្អ គឺ​មាន​ន័យ​ថា មនុស្ស​មាន​សេចក្តី​ប្រតិបត្តិ​ល្អ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស