លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រីអះអាងថា សារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលទាមទារឲ្យអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពីសារព័ត៌មាន ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។
ថ្លែងជាអធិបតីភាពនៃការប្រារព្ធពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ដែលតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឪពុករបស់លោក លោក ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសារព័ត៌មានត្រូវបំពេញការងារក្នុងសេរីភាពសារព័ត៌មាន ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពច្បាប់ស្ដីពីសារព័ត៌មាន ក៏ដូចជាច្បាប់នានារបស់ប្រទេស ដើម្បីទទួលបានទំនុកចិត្ត និងការគោរពស្រឡាញ់ពីសាធារណជន។
លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងសង្គមប្រជាធិបតេយ្យ ការរួមចំណែកអភិវឌ្ឍសង្គមជាតិក៏ដូចជាការផ្តល់ចំណេះដឹងដល់ពលរដ្ឋ គឺអ្នកសារព័ត៌មានដើរតួនាទីសំខាន់ណាស់ជាកញ្ចក់ឆ្លុះបញ្ចាំង និងបង្ហាញការពិតលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គម។ លោកអះអាងថា បើចង់ឲ្យប្រទេសរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នាគ្មាននិទ្ទណ្ឌភាពសម្រាប់អ្នកណាទេ។ លោកថា រដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។
លោកបានលើកឡើងទៀតថា អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជនឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ អ្នកសារព័ត៌មានជាអ្នកតម្រង់ ឬជាកែវយឹតនៅពេលបុគ្គលណាមួយអនុវត្តខុស។ អំណាចទី៤ របស់អ្នកសារព័ត៌មានមិនមែនទៅចាប់ចងនៅណាមួយនោះទេ ប៉ុន្តែគឺជាការលាតត្រដាងឲ្យមហាជនបានដឹងថា អ្នកណាមួយកំពុងអនុវត្តខុស ឬមិនល្អនៅក្នុងសង្គម។
ទីប្រឹក្សា និងប្រធានការិយាល័យស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា អ្នកស្រី ខាមីឡា អុតតូសុន ថ្លែងថា សារព័ត៌មានឯករាជ្យ និងប្រជាធិបតេយ្យមិនអាចអត់គ្នាបានឡើយ ដោយសារអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការជំរុញ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានប្រឌិត ហើយស្វែងរកការពិតដោយផ្សាយសំឡេងដល់ពលរដ្ឋ។ ដូច្នេះ អ្នកស្រីថាការប្រារព្ធទិវាសេរីភាពសារព័ត៌មាន ពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សជាតិ ដោយថានៅពេលដែលអ្នកសារព័ត៌មានឯករាជ្យរងការវាយប្រហារនោះ ពលរដ្ឋក៏ទទួលរងការវាយប្រហារដែរ ព្រោះពលរដ្ឋនឹងបាត់បង់សំឡេង។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានចេញរបាយការណ៍របស់ខ្លួនស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅ ដោយសារការបន្តរឹតត្បិតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
របាយការណ៍ដដែលអះអាងថា មានការបៀតបៀនលើអ្នកសារព័ត៌មានជាង ៥០ករណី។ អ្នកកាសែតជាង ៣០នាក់ត្រូវបានចាប់ខ្លួន ខណៈអ្នកសារព័ត៌មានជាង ២០នាក់ប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់។ ចំណែក ១៨ករណីផ្សេងទៀត ត្រូវរងនូវអំពើហិង្សាដោយការយាយីលើរូបរាងកាយយ៉ាងធ្ងន់ធ្ងរ។
ក្រុមអ្នកសង្កេតការណ៍ខ្លះនិយាយថា ដើម្បីអាចក្រាញអំណាចបានយូរតទៅមុខទៀត លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញ និងបានបិទស្ថាប័នសារព័ត៌មានឯករាជ្យក្នុងស្រុកទាំងអស់។ ជាក់ស្តែងដូចជាការបង្ខំឲ្យកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងវិទ្យុមួយចំនួនទៀតបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ក្រោមហេតុផលមិនបង់ពន្ធឲ្យរដ្ឋាភិបាល។
អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះបានបន្តផ្ដល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល ដោយស្ថិតក្នុងលេខរៀងទី១៤៤ ក្នុងចំណោម ១៨០ប្រទេសនៅលើពិភពលោក។ សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញថា កម្ពុជាបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧ មក៕