អ្នកធ្វើសេចក្ដីរាយការណ៍ព័ត៌មាន និងអ្នកកាសែតថតរូបសុទ្ធតែជាអ្នកដែលងាយគ្រោះថ្នាក់ដល់អាយុជីវិត បើពួកគេចុះស្រង់ព្រឹត្តិការណ៍នៅក្នុងសមរភូមិដោយផ្ទាល់។ សង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន គឺជាសមរភូមិនៃសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ អ្នកកាសែតមានភារកិច្ចផ្ទាល់នៅក្នុងសមរភូមិ គឺដូចកងទ័ពផងដែរ។
គិតមកដល់ពេលនេះ គឺជិត ៧០ថ្ងៃមកហើយ។ អាយុជីវិតកងទ័ពទាំងសងខាងស្លាប់រាប់ពាន់នាក់ ខណៈជនស៊ីវិលជាតិសាសន៍អ៊ុយក្រែន ក៏ត្រូវបានរាយការណ៍មកថាស្លាប់ជាង ៣ពាន់នាក់មកហើយ។
សារព័ត៌មាន Interfax Ukraine បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ដោយធ្វើការកត់សម្គាល់ថា កងទ័ពរុស្ស៊ីបានបាញ់សម្លាប់អ្នកសារព័ត៌មាន គឺមានជាង ២០នាក់ ខណៈពួកគេកំពុងធ្វើសេចក្ដីរាយការណ៍ផ្ទាល់អំពីការវាយប្រយុទ្ធគ្នារវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន ហើយជាពិសេសអ្នកកាសែតថតរូបដែលចូលថតយកព្រឹត្តិការណ៍ផ្ទាល់នៅពេលពួកគេចង់បានរូបភាពអំពីការឆេះមន្ទីរពេទ្យ សាលារៀន និងទីតាំងភស្តុភាររបស់កងទ័ព ដែលពេលនោះការបាញ់ផ្លោងរបស់កងទ័ពរុស្ស៊ីនៅបន្តដែលបណ្ដាលឲ្យអ្នកកាសែតត្រូវគ្រាប់កាំភ្លើង។
បើនៅទូទាំងប្រទេសអ៊ុយក្រែនវិញ គឺការិយាល័យរបស់អ្នកកាសែតជាង ១០០ទីតាំងត្រូវបានបាញ់បំផ្លាញចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ មកនោះ។ នេះគឺជាការចេញផ្សាយដោយក្រសួងការបរទេសអ៊ុយក្រែន ដើម្បីរំឭកអំពីគុណបំណាច់នៃភារកិច្ច និងតួនាទីរបស់អ្នកសារព័ត៌មាននៅចំទិវាសេរីភាពសារព័ត៌មានពិភពលោកនាថ្ងៃទី៣ ខែឧសភា។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយក្រែន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ មក ដែលរុស្ស៊ីនៅពីក្រោយក្រុមផ្ដាច់ខ្លួននៅក្នុងសមរភូមិភាគខាងកើតប្រទេស គឺតំបន់ដុនបាស់ អ្នកសារព័ត៌មានបានក្លាយជាកម្លាំងមួយដែលកងទ័ពរុស្ស៊ីដៅជាមុខសញ្ញានៃការកម្ទេច។
ប្រភពដដែលនេះឲ្យដឹងថា អ្នកសារព័ត៌មានដែលស្លាប់ជាង ២០នាក់នោះ ក៏មានអ្នកសារព័ត៌មានបរទេសផងដែរ។
នៅក្នុងទឹកដីដែលកងទ័ពរុស្ស៊ីវាយកាន់កាប់បាន គឺការិយាល័យរបស់អ្នកកាសែតត្រូវបានវាយបំផ្លាញ និងសម្ភារៈការិយាល័យត្រូវកងទ័ពរុស្ស៊ីដុតកម្ទេចចោលជាង ១០០ការិយាល័យ។
ក្រសួងការបរទេសអ៊ុយក្រែន បានឱ្យដឹងទៀតថា អ្នកកាសែតបរទេសម្នាក់ស្លាប់កាលពីថ្ងៃទី២៨ ខែមេសា ដោយគ្រាប់កាំជ្រួចរបស់កងទ័ពរុស្ស៊ី បាញ់ចូលរដ្ឋធានីគៀវ ហើយអ្នកកាសែតរូបនេះមានឈ្មោះថា Vira Hyrych។ គាត់ជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យស្ថាប័ន Radio Liberty ដែលមានការិយាល័យនៅទីក្រុងប្រាគ នៃសាធារណរដ្ឋឆេក។ អ្នកកាសែតរូបនេះមកស្រង់ព្រឹត្តិការណ៍ព័ត៌មានជុំវិញទស្សនកិច្ចរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres មករដ្ឋធានីគៀវ ជួបនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymir Zelenskyy។
ក្រសួងការបរទេសអ៊ុយក្រែន រកឃើញអ្នកកាសែតស្លាប់ទាំងអ្នកកាសែតបរទេស និងអ្នកកាសែតជនជាតិអ៊ុយក្រែន មានជាង ២០នាក់ គិតត្រឹមថ្ងៃទី៣០ ខែមេសា៕