ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយប្រើសិទ្ធិសេរីភាពរបស់ខ្លួនដោយកុំព្រួយបារម្ភអំពីការគំរាមកំហែង ខណៈគណបក្សក្រៅរដ្ឋាភិបាលស្នើឱ្យមានការរៀបចំវេទិកាសម្រាប់តំណាងគណបក្សនយោបាយដេញដោលមតិជុំវិញគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់នៅចំពោះមុខម្ចាស់ឆ្នោត។
ព្រះរាជសាររបស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី១០ ឧសភា នេះ អំពាវនាវដល់ជនរួមជាតិ និងអ្នកបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបានគ្រប់ៗគ្នា។
ព្រះរាជសារដដែលបន្តថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច្នេះសុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឱ្យសោះ។
ព្រះរាជសារព្រះមហាក្សត្រ ក៏បានលើកទឹកចិត្តដល់អ្នកបោះឆ្នោត ប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយផងដែរ។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រចាំខេត្តកណ្តាល បានចេញលិខិតមួយទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ស្នើសុំឱ្យមានការរៀបចំវេទិកាពិភាក្សាដេញដោលមតិរវាងបេក្ខជនមេឃុំ ចៅសង្កាត់ ដែលជាតំណាងគណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយបើកឱ្យពលរដ្ឋម្ចាស់ឆ្នោតសួរដេញដោលលើសមត្ថភាពក្នុងការដឹកនាំឃុំ-សង្កាត់របស់ពួកគេ។
ប្រភពដដែលលើកឡើងថា ការរៀបចំវេទិកានេះមានសារសំខាន់ណាស់ក្នុងការជួយឱ្យពលរដ្ឋម្ចាស់ឆ្នោតបានដឹងច្បាស់ពីគោលនយោបាយ និងគោលជំហររបស់គណបក្សនយោបាយនីមួយៗ ហើយគណបក្សនយោបាយទាំងនោះក៏នឹងដឹងកាន់តែច្រើនបន្ថែមទៀតអំពីបញ្ហានៅមូលដ្ឋានរបស់ពលរដ្ឋដែលកំពុងតែកើតមាន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បញ្ជាក់ថា ការសិក្សាឈ្វេងយល់គ្នាទៅវិញទៅមកតាមរយៈនៃវេទិកានេះ នឹងធ្វើឱ្យមន្ត្រីដែលជាប់ឆ្នោតអាចសហការជាមួយពលរដ្ឋដោះស្រាយបញ្ហានៅក្នុងភូមិ-ឃុំកាន់តែមានប្រសិទ្ធភាព ដែលអាចឲ្យពលរដ្ឋម្ចាស់ឆ្នោតទទួលបានទាំងប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍សម្រាប់កូនចៅទៅថ្ងៃអនាគត។
ការស្នើឱ្យមានវេទិកាដេញដោលនេះ ធ្វើឡើងស្របពេលដែលកាលបរិច្ឆេទនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់នាពេលខាងមុខនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ឧសភា ថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលគណៈកម្មាធិការបោះឆ្នោតឃុំព្រែកស្ដី បានបដិសេធសំណើនេះ ក្រោមហេតុផលថា គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំមិនមានលទ្ធភាពក្នុងការធ្វើកិច្ចការនេះ។
បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ក្រុមការងារគណបក្សរបស់លោកនឹងបន្តស្នើទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ជាតិបន្តទៀត ដើម្បីជំរុញឱ្យមានវេទិកាដេញដោលមតិរវាងម្ចាស់ឆ្នោត និងបេក្ខជនមេឃុំ ចៅសង្កាត់នេះឡើង។
ជុំវិញការបោះឆ្នោតនេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងរៀបចំឧក្រិដ្ឋកម្មបោះឆ្នោតមួយដើម្បីបន្លំភ្នែកអន្តរជាតិ និងពលរដ្ឋម្ចាស់ប្រទេស ហើយក៏កំពុងបន្តឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាធ្ងន់ធ្ងរផងដែរ បន្ទាប់ពីបក្សកាន់អំណាចបានរំលោភច្បាប់រំលាយគណបក្សសង្គ្រោះជាតិកាលពីអាណត្តិកន្លងទៅ។ ដូច្នេះពលរដ្ឋខ្មែរត្រូវតែនាំគ្នាងើបឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដោយកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់ ប៉ុន្តែការបោះឆ្នោតនេះត្រូវគេរិះគន់ថាគ្រាន់តែជាដំណើរការបង្គ្រប់កិច្ចឱ្យបក្សកាន់អំណាចប៉ុណ្ណោះ៕