35 C
Phnom Penh

មេដឹកនាំ​វៀតណាម​បន្ត​សុំ​លោក ហ៊ុន សែន ជួយ​ពលរដ្ឋ​វៀតណាម​ឱ្យ​បាន​ភាព​ស្រប​ច្បាប់​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បន្ត​សុំ​លោក ហ៊ុន សែន ជួយ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ មក​ទទួល​បាន​ភាព​ស្រប​ច្បាប់។

ការ​បន្ត​ស្នើសុំ​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Phạm Minh Chính) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សហរដ្ឋ​អាមេរិក។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Viet Nam News របស់​វៀតណាម ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ទ្វេភាគី លោក​នាយករដ្ឋមន្ត្រី ផាម មិញជីញ បាន​អរគុណ​រដ្ឋាភិបាល​កម្ពុជា និង​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្ត​ទុកដាក់​លើ​សហគមន៍​វៀតណាម​នៅ​កម្ពុជា រួម​ទាំង​សុំ​ឱ្យ​បង្កើត​លក្ខខណ្ឌ​ដល់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​អាច​ពង្រឹង​ភាព​ស្រប​ច្បាប់ និង​រក្សា​លំនឹង​ជីវភាព​របស់​ពួកគេ​នៅ​កម្ពុជា។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​វៀតណាម​បន្ត​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​នោះ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ នា​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ (ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក)។

បើ​តាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធ ឱ្យ​ដឹង​ថា ជនបរទេស​អន្តោប្រវេសន៍​ដែល​បាន​ពាក្យ​សុំ​ប្រកាស​ទទួលស្គាល់ និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ គិត​ត្រឹម​ថ្ងៃ​បិទ​ឱសានវាទ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៃ​យុទ្ធនាការ​ជំរឿន​ស្ថិតិ​នោះ សមត្ថកិច្ច​បាន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​មាន​ចំនួន​ជិត ៣​ម៉ឺន​គ្រួសារ (២៨៩៤៥​គ្រួសារ) ស្មើ​នឹង​ចំនួន​ជិត ១​សែន​នាក់ (៨៩៧៨៦​នាក់)។

លោក​បន្ត​ថា ជនបរទេស​អន្តោប្រវេសន៍​ទាំងនោះ ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​អ្នក​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ចំនួន​ជាង ៦​ម៉ឺន​នាក់ (៦៥១៦៨​នាក់)។ ជាមួយ​គ្នា​នោះ ក្រសួង​បាន​ផ្ដល់​ប័ណ្ណ​បន្ត​សុពលភាព​ដែល​មាន​រយៈពេល ២​ឆ្នាំ​ម្ដង សរុប​ជិត ២​ម៉ឺន​ប័ណ្ណ (១៩៥៦១​ប័ណ្ណ)។

កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​ជន​អន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដង​ទន្លេ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ វិញ។ ប៉ុន្តែ​អំឡុង​ពេល​ជម្លៀស​នោះ ក៏​មាន​ពលរដ្ឋ​វៀតណាម​ខ្លះ​បាន​នាំគ្នា​ឡើង​លើ​គោក ហើយ​នាំគ្នា​ទិញ​ដី ទិញ​ផ្ទះ​សម្រាប់​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​មាន​អាជ្ញាធរ​ខ្មែរ​ជួយ​សម្រួល ខណៈ​អ្នក​ខ្លះ​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​បន្ត​ទៀត។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម​មិន​ព្រម​ទទួល​យក​ជនអន្តោប្រវេសន៍​វៀតណាម​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។

លោក ប៉ោ ភក្តិ ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​បណ្ដោយ​ឲ្យ​វៀតណាម​បំពាន​កម្ពុជា​តាម​ចិត្ត​នេះ ក៏​អាច​ជា​យុទ្ធសាស្ត្រ​បន្ត​បម្រើ​វៀតណាម​របស់​លោក ហ៊ុន សែន បន្ត​ទៅ​លោក ហ៊ុន ម៉ាណែត ដែរ ដើម្បី​ពឹងពាក់​វៀតណាម​ឲ្យ​ជួយ​គាំទ្រ​ផែនការ​ផ្ទេរ​អំណាច​របស់​ខ្លួន ព្រោះ​ថា​ផែនការ​ផ្ទេរ​អំណាច​នេះ​អាច​មាន​ផ្លូវ​ជោគជ័យ​ទៅ​បាន លុះត្រា​តែ​មាន​វៀតណាម​ជា​អ្នក​គាំទ្រ។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោល​នយោបាយ​ចំពោះ​អាណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស