28.5 C
Phnom Penh

លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​បន្ទាប់ពី​បក្ស​ទាំង​១៧​ចូលរួម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិត​ជា​ត្រូវ​បាន​ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់ បន្ទាប់ពី​គណបក្ស​ក្រៅ​នយោបាយ​ទាំង ១៧ ព្រម​ទទួល​យក​ការ​ប្រកួតប្រជែង​រក​សន្លឹកឆ្នោត​ដោយ​ការ​ចូលរួម​យុទ្ធនាការ​ឃោសនា​កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ដើម​អម្ពិល ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រុម​ប្រឆាំង​នៅតែ​បរាជ័យ​ក្រោម​ដៃ​បក្ស​កាន់​អំណាច ទោះ​ពួកគេ​ចេញ​មក​ក្នុង​ទម្រង់​បែប​ណា​ក៏ដោយ។

លោក សុខ ឥសាន អះអាង​ថា គណបក្ស​កាន់​អំណាច​នៅតែ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ហើយ​ជា​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ដែល​អាច​យក​ឈ្នះ​លើ​គណបក្ស​ប្រឆាំង​ទាំងអស់ ក្នុង​នោះ​សូម្បីតែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​សញ្ញា​ព្រះអាទិត្យ កាលពី​នៅ​មាន​ដង្ហើម ក៏​នៅ​តែ​មិន​ឈ្នះ​បក្ស​កាន់​អំណាច​ដែល​មាន​រូប​សញ្ញា​ទេវតា​ដែរ។

អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ថា មក​ទល់​នឹង​ពេលនេះ ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​កម្ទេច​ភ្លើង​តូច​មួយ​ប៉ុណ្ណោះ មិន​មាន​សមត្ថភាព​អ្វី​មក​ប្រកួត​យក​ឈ្នះ​បក្ស​កាន់​អំណាច​នោះ​ទេ។ ដូច្នេះ​ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បាន​ជា​ដុំ​កំភួន​នោះ​ឡើយ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​នៅតែ​ជា​គណបក្ស​ដែល​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​តាមរយៈ​គណៈកម្មាធិការ​ជាតិ​ដែល​កំពុង​ដឹកនាំ​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប កំពុង​រង​នូវ​ការ​រិះគន់​ទាំង​មតិ​ជាតិ និង​អន្តរជាតិ ថា​ជា​ស្ថាប័ន​មួយ​ដែល​បាន​រៀបចំ​ដោយ​បក្ស​កាន់​អំណាច។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ ឧសភា នេះ​ថា មន្ត្រី​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឆ្នាំ​២០២២ នេះ សុទ្ធតែ​មកពី​បក្ស​កាន់​អំណាច​ទាំងអស់។ ដូច្នេះ​អ្វី​ដែល​លោក សុខ ឥសាន និយាយ​នោះ​គ្រាន់តែ​ជា​ការ​ប្រើប្រាស់​ឈ្មោះ​គណបក្ស​ចូលរួម​បោះឆ្នោត​ទាំង ១៧ ដើម្បី​បិទបាំង​នូវ​សោកនាដកម្ម​ដែល​ពួកគេ​បាន​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

លោក ហ៊ុន កុសល បញ្ជាក់​ថា យុទ្ធសាស្ត្រ​បំបែក​បំបាក់​ដើម្បី​ក្តោប​អំណាច​របស់​បក្ស​កាន់​អំណាច គឺជា​រឿង​ដដែលៗ ប៉ុន្តែ​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​បង្គ្រប់​កិច្ច​ឲ្យ​បក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ជា​ល្បែង​លេង​សើច នោះ​ទើប​ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​គណបក្ស​នយោបាយ​ទាំង​១៦ ជាពិសេស​គណបក្ស​ភ្លើង​ទៀន ដែល​ចូលរួម​បំបែក​កម្លាំង​អ្នក​ស្នេហា​ជាតិ​ប្រជាធិបតេយ្យ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ តាម​ផែនការ​នយោបាយ​ឈ្នះៗ​របស់​លោក ហ៊ុន សែន ដែល​ជា​ស្ពាន​សម្រាប់​បក្ស​ប្រជាជន​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​ក្តោប​អំណាច​បន្ត​ទៀត ដោយ​វិធី​មិន​ស្អាតស្អំ និង​បំពាន​អ្នក​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា នេះ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេលនេះ​ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គ្រាន់តែ​ជា​អន្ទាក់​នយោបាយ​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា លទ្ធិប្រជាធិបតេយ្យ​ពិត​មិន​អាច​កើត​មាន​បាន​ទេ នៅ​ពេល​ដែល​ទីលាន​ប្រកួត​នយោបាយ​មួយ​ត្រូវ​បាន​បក្ស​កាន់​អំណាច​កម្ទេច​តាម​របៀប​មិន​សុចរិត​ទៅ​ហើយ​នោះ។ ដូច្នេះ​ច្បាប់​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​សមាសភាព​សមាជិក គ.ជ.ប សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​មិន​អាច​បង្ក​លក្ខណៈ​ឱ្យ​មាន​តម្លាភាព​គួរ​ឲ្យ​ទុកចិត្ត​បាន​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទាំងស្រុង។

មាត្រា​១៥១​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល ហើយ ១​រូប​ទៀត​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

បច្ចុប្បន្ន​នេះ សមាសភាព​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួម​មាន​លោក ប្រាជ្ញ ច័ន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​លោក ហង្ស ពុទ្ធា ជា​សមាជិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស