41.3 C
Phnom Penh

លោក ហ៊ុន សែន មិន​ពេញចិត្ត​សមាជិក​អាស៊ាន​ដែល​ចូលរួម​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​៧ ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​ប្រទេស​ជប៉ុន ដែល​ប្រធានាធិបតី​អាមេរិក​ប្រកាស​សម្ពោធ​កាលពី​ពេល​ថ្មីៗ​នេះ។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ដាវ៉ូស-ក្លូស្ទើរ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ទិដ្ឋភាព​យុទ្ធសាស្ត្រ​ស្ដីពី​អាស៊ាន និង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២» នេះ​ថា អាស៊ាន​មិន​គួរ​គិត​តែ​ពី​ដើរ​គាំទ្រ​ប្រទេស​ដទៃ​ទាំង​ដែល​ប្រទេស​ដទៃ​មិន​គាំទ្រ​យន្តការ​របស់​អាស៊ាន​ខ្លួនឯង​នោះ​ទេ។

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន លើកឡើង​ថា បើ​ទោះបីជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​អាមេរិក ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​អូស្ត្រាលី ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​អឺរ៉ុប និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​ជប៉ុន​ក៏ដោយ ក៏​អាស៊ាន​មាន​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​ខ្លួន​ដែរ ដូច្នេះ​សមាជិក​អាស៊ាន​ដែល​បាន​គាំទ្រ​យន្តការ​ណា​ដែល​ក្រៅពី​ក្របខ័ណ្ឌ​អាស៊ាន ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ជានិច្ច ប៉ុន្តែ​ការ​ប្រុងប្រយ័ត្ន​បែប​ណា​នោះ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា អាស៊ាន​គឺជា​សហគមន៍​មួយ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ផល​ប៉ះពាល់​មក​លើ​ខ្លួន​ពាក់ព័ន្ធ​ការ​ប្រកួតប្រជែង​រវាង​មហាអំណាច​ចិន និង​មហាអំណាច​សហរដ្ឋ​អាមេរិក ដូច្នេះ​អាស៊ាន​មិន​ត្រូវ​ជ្រើសរើស​មហាអំណាច​ណា​មួយ​នោះ​ឡើយ ជាពិសេស​គំនិត​ផ្ដួចផ្ដើម​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី​អាគ្នេយ៍​នា​ពេលនេះ។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា គំនិត​ផ្ដួចផ្ដើម​ណា​ក៏ដោយ​ដែល​ទាក់ទង​ជាមួយ​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺ​ត្រូវ​បម្រើ​ដល់​គោលបំណង​៣ គឺ​សន្តិភាព ការ​អភិវឌ្ឍ មិន​ប្រឆាំង​នឹង​ប្រទេស​ណា​ទាំងអស់ និង​បម្រើ​ដល់​ភាព​ជា​អព្យាក្រឹត​របស់​អាស៊ាន​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ប្រកាស​សម្ពោធ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ ឧសភា នេះ​ថា មិន​ចម្លែក​ទេ​ដែល​ពេល​លោក ហ៊ុន សែន សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ករណី​កម្ពុជា​គ្មាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​ជប៉ុន ស្រប​ពេល​ប្រទេស​ភូមា និង ឡាវ ក៏​គ្មាន​ឈ្មោះ​ដែរ​នោះ។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាមេរិក និង​ដៃគូ​នានា​ក្នុង​ឥណ្ឌូ-ប៉ាស៊ីហ្វិក បាន​ចាត់ទុក​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ខុស​គ្នា​នឹង​រដ្ឋបាល​រដ្ឋប្រហារ​បង្ហូរ​ឈាម​របស់​មេ​យោធា​ផ្ដាច់ការ មីន អ៊ុងឡាំង នៅ​ភូមា និង​រដ្ឋាភិបាល​កុម្មុយនីស្ត​ឡាវ ដែល​ជា​អាយ៉ង​របស់​វៀតណាម ដូច្នោះ​ដែរ។

លោក គឹម សុខ អះអាង​ថា តាមរយៈ​ចលនា​នយោបាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ចុងក្រោយ​នេះ ជា​ការ​ចង្អុល​ត្រង់ៗ​ទៅ​កាន់​លោក ហ៊ុន សែន ថា វត្តមាន​របស់​គាត់​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ឈ្មោះ​កម្ពុជា​ជា​សមាជិក​អាស៊ាន​នោះ ពុំ​មាន​សារសំខាន់​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តល់​កិត្តិយស​នោះ​ទេ ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ទេ​នោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ការ​សម្រេច​របស់​អាមេរិក​បែប​នេះ ហាក់​កំពុង​ព្យាយាម​ដាក់​ចេញ​នូវ​សេណារីយ៉ូ​កាន់តែ​ច្បាស់​ទាក់ទង​នឹង​នយោបាយ​ប្រជាធិបតេយ្យូបនីយកម្ម ដើម្បី​កំណត់​ផ្លូវ​ដើរ​ឲ្យ​បុរស​ខ្លាំង​កម្ពុជា មេ​យោធា មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ​នៅ​ភូមា និង​មេដឹកនាំ​កុម្មុយនិស្ត​ឡាវ បន្ទាប់ពី​ពួកគេ​បាន​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​ក្នុង​អំណាច​របស់​ខ្លួន​កន្លងមក។

លោក គឹម សុខ គូស​បញ្ជាក់​ថា ការ​បង្ហាញ​ជំហរ​របស់​លោក ហ៊ុន សែន បដិសេធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​មក​លើ​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​មិន​ចុះសម្រុង​គ្នា​នឹង​នយោបាយ​ប្រជាធិបតេយ្យូបនីយកម្ម ដែល​អាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន ខំ​រៀបចំ​ឡើង​ដើម្បី​ធានា​សន្តិសុខ​ក្នុង​តំបន់​នៅ​ពេលនេះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ជប៉ុន លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ចំនួន ៧​ប្រទេស​ផង​ដែរ។

ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ​រួម​មាន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម ខណៈ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​៣ ផ្សេង​ទៀត រួម​មាន​កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​បាន​រាប់​បញ្ចូល​ជា​សមាជិក​នៃ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នេះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស