សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ព្រមទាំងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ដោយចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេស» ពាក់ព័ន្ធនឹងលោកចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្តឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ា។
លោក យុង ផានិត មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី ប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅថ្ងៃពុធ ទី១៩ តុលា នេះ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសកូនក្ដីរបស់លោកឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ និងបង្គាប់ទៅសមត្ថកិច្ចចាប់ខ្លួនលោក សម រង្ស៊ី ផងដែរ។
ការប្រកាសសាលក្រមផ្ដន្ទាទោសនៅថ្ងៃនេះ បន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះសំណុំរឿង «ប្រគល់ឲ្យរដ្ឋបរទេស» កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ដោយកំបាំងមុខជនជាប់ចោទ។
ការចោទប្រកាន់ និងកាត់ទោសលោក សម រង្ស៊ី ពីបទ «ប្រគល់ឲ្យរដ្ឋបរទេស» ដោយតុលាការផ្អែកលើភស្តុតាងដែលនគរបាលយុត្តិធម៌ និងឯកសារដែលលោក សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយមេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា លោក កុក ស នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។
បើតាមកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានសន្យាកាត់ទឹកដីកម្ពុជាចំនួន ៤ខេត្តនៅភូមិភាគឦសាន ប្រគល់ឲ្យជនជាតិភាគតិចម៉ុងតាញ៉ារស់នៅជាមួយនឹងប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីបង្កើតបានរដ្ឋាភិបាលថ្មីមួយដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ ខេត្តទាំងនោះមានខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ក្រៅពីសំណុំរឿងខាងលើនេះ លោក សម រង្ស៊ី កំពុងជាប់ចោទសំណុំរឿង «រួមគំនិតក្បត់» មួយទៀត ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់មកកម្ពុជាលើកទីពីររបស់អ្នកស្រី មូរ សុខហួរ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ សំណុំរឿង «រួមគំនិតក្បត់» នេះ បច្ចុប្បន្នតុលាការកំពុងដំណើរការសវនាការដោយមានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំងចំនួន ៣៩នាក់។
ចំណែកសំណុំរឿងដែលតុលាការបានប្រកាសផ្ដន្ទាទោសលោក សម រង្ស៊ី នាពេលកន្លងមក ក្នុងនោះសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធដំណើរវិលត្រឡប់មកកម្ពុជាវិញកាលពីឆ្នាំ២០១៩៕