ក្រុមអ្នកឃ្លាំមើលនិយាយថា ការចុះចូលជាមួយបក្សកាន់អំណាចរបស់សកម្មជន និងមន្ត្រីបក្សក្រៅរដ្ឋាភិបាល គឺជាទង្វើជាន់ពន្លិចអ្នកប្រជាធិបតេយ្យ និងគាំទ្រនយោបាយទុច្ចរិតរបស់បក្សកាន់អំណាចលោក ហ៊ុន សែន។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ឧសភា នេះថា ការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាពិតមែនថាជាសេរីភាពស្របច្បាប់របស់បុគ្គលម្នាក់ៗ ប៉ុន្តែសេរីភាពក៏ត្រូវភ្ជាប់ជាមួយឧត្តមគតិដែរ។ លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាចាប់តាំងពីបង្កើតមក និងផែនការរៀបចំទៅថ្ងៃអនាគត មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជានោះទេ ត្បិតទង្វើជាក់ស្តែងដែលបក្សនេះបានធ្វើកន្លងមក គឺតាមកម្ទេចអ្នកប្រជាធិបតេយ្យ និងបង្កើតការដឹកនាំតាមបែបក្រុមគ្រួសារនិយមប៉ុណ្ណោះ។
លោក ម៉ែន ណាត លើកឡើងថា ក្រៅពីតាមកម្ទេចអ្នកប្រជាធិបតេយ្យរបស់បក្សនេះ ក៏ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅបរទេសជិតខាងតាមរយៈឯកសារខុសច្បាប់ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាកន្លងមកជាបន្តបន្ទាប់ ខណៈធនធានធម្មជាតិរបស់ខ្មែរ ដូចជាព្រៃឈើ រ៉ែ និងថវិកាជាតិ ក៏ត្រូវក្រុមគ្រួសារ ព្រមទាំងបក្ខពួករបស់លោក ហ៊ុន សែន បំផ្លាញពីមួយអាណត្តិទៅមួយអាណត្តិដែរ ដែលជាហេតុធ្វើឱ្យប្រទេសជាតិជំពាក់បំណុលបរទេសកាន់តែធ្ងន់ទៅៗដូចសព្វថ្ងៃនេះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ទង្វើដែលគណបក្សប្រជាជនកម្ពុជាបានធ្វើជាង ៤០ឆ្នាំក្នុងការដឹកនាំរបស់ខ្លួនដូចដែលបានរៀបរាប់ខាងលើ គឺជាទង្វើរំលោភច្បាប់ រំលោភព្រះមហាក្សត្រ រំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋធ្ងន់ធ្ងរ ដូច្នេះការចុះចូលរបស់សកម្មជន និងមន្ត្រីបក្សក្រៅរដ្ឋាភិបាល គឺជាការជួយបិទបាំង និងលើកទឹកចិត្តឱ្យបក្សកាន់អំណាចកាន់តែប្រព្រឹត្តនូវទង្វើជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យកាន់តែធ្ងន់ធ្ងរទៅវិញ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ អតីតប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បានប្រកាសជាសាធារណៈសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយអះអាងថា កិច្ចការដែលខ្លួនបានធ្វើកន្លងមក គឺទទួលបានផលប្រយោជន៍តិចតួចសម្រាប់ជាតិមាតុភូមិ ដូច្នេះលោកមើលឃើញថាមានតែចូលជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ទើបអាចជួយប្រទេសជាតិបានច្រើនទៅថ្ងៃមុខ។
លោក សួង សុភ័ណ្ឌ បញ្ជាក់ថា ចាប់ពីពេលនេះតទៅ លោកគឺជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា និងជាមនុស្សរបស់រដ្ឋាភិបាលបក្សកាន់អំណាចជារៀងរហូត ដូច្នេះលោកនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិដោយឥតងាករេ។
ក្រោយពីការប្រកាសចុះចូលរបស់លោក សួង សុភ័ណ្ឌ ភ្លាម មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកសូមស្វាគមន៍ចំពោះលោក សួង សុភ័ណ្ឌ ដែលពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាល លោកនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ។
ព្រះមហាក្សត្រខ្មែរបានត្រាស់បង្គាប់តែងតាំងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ។
ក្នុងរយៈពេលចុងក្រោយនេះ សកម្មជន និងមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលបាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់ ដូចជាលោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ហ៊ុន កុសល សកម្មជនបក្សប្រឆាំង លោក ប៉ែន ផល្លីកា អតីតអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តសៀមរាប និងលោក ប៉ែន រដ្ឋា ដែលជាអតីតអ្នកតាក់តែងគោលនយោបាយសុខាភិបាលរបស់អតីតគណបក្សសង្គ្រោះជាតិ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ដែលប្រកាសចុះចូលនៅពេលនេះជាដើម។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក សួង សុភ័ណ្ឌ ត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួនពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ឱ្យជាប់ពន្ធនាគារ ២០ខែ និងបង្គាប់ឱ្យបង់ប្រាក់ ២ពាន់លានរៀល (ឬប្រហែល ៥០ម៉ឺនដុល្លារ) ដល់គណៈកម្មការកិច្ចការព្រំដែនផងដែរ បន្ទាប់ពីលោកបញ្ចេញមតិរឿងព្រំដែនកម្ពុជា-វៀតណាម។
យ៉ាងណាក៏ដោយ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ តុលាការបានសម្រេចដោះលែងលោកដោយព្យួរទោសសាកល្បងរយៈពេល ៣ឆ្នាំឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ៕