29 C
Phnom Penh

ប៉ូលិស​បញ្ជូន​ជន​សង្ស័យ​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ប៉ង​ប្លន់​ទ្រព្យសម្បត្តិ​ស្ត្រី​ជនជាតិ​បារាំង​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​ខេត្ត​បាត់ដំបង បញ្ជូន​ជន​សង្ស័យ​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ដឹក​ស្ត្រី​ជនជាតិ​បារាំង និង​វត្ថុ​តាង​ទៅ​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់ បន្ទាប់ពី​ជនសង្ស័យ​សារភាព​ថា​បាន​ប៉ុនប៉ង​គំរាម​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​រងគ្រោះ​ជនជាតិ​បារាំង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ជន​សង្ស័យ​ឈ្មោះ ទេព ភាឡី ហៅ លីញ បាន​ផ្តល់​ចម្លើយ​ថា​រូប​គេ​បាន​ធ្វើ​សកម្មភាព​ចំពោះ​ស្ត្រី​បរទេស​ម្នាក់​ជា​ជនជាតិ​បារាំង អាយុ ២២​ឆ្នាំ ដោយ​ព្យាយាម​ដឹក​ស្ត្រី​រូប​នេះ​តាម​ម៉ូតូ​កង់បី​ទៅ​កន្លែង​ស្ងាត់​ណា​មួយ ដើម្បី​ប៉ុនប៉ង (គំរាម​ប្លន់) យក​ទ្រព្យសម្បត្តិ​របស់​នាង​កាលពី​ថ្ងៃទី​០៥ ខែ​សីហា កន្លងទៅ ខណៈ​ដែល​ស្ត្រី​បរទេស​រូប​នេះ​បាន​ចុះ​ពី​រថយន្តក្រុង ហើយ​ជិះ PassApp ទៅ​កាន់​កន្លែង​ស្នាក់នៅ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ប៉ូលិស​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​រត់​ម៉ូតូ​កង់បី​មិន​បាន​ជូន​ស្ត្រី​បរទេស​រងគ្រោះ​ទៅ​កាន់​គោលដៅ​ផ្ទះសំណាក់ ពេជ្រ ខៀវ ក្នុង​ក្រុង​បាត់ដំបង ទេ ដោយ​ព្យាយាម​ជិះ​ពង្វាង​ទៅ​កន្លែង​ផ្សេង ហើយ​ក៏​ក្រឡាប់​ម៉ូតូ​កង់បី​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ទេសចរ​ជនជាតិ​បារាំង មាន​ឱកាស​រត់​ចេញពី​នោះ​ទាំង​របួស​រាងកាយ ក្នុង​នោះ​ក៏​បាក់​ឆ្អឹង​ម្រាមដៃ​កណ្តាល​ផង​ដែរ។

យោង​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ Sam Achhara បាន​បង្ហោះ​ថា ដោយ​មាន​ការ​សំណូមពរ​ពី​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ជា​ជន​រងគ្រោះ ក៏​បាន​សរសេរ​រៀបរាប់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង ដើម្បី​ជា​ដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្រោយពី​បាន​ឃើញ​ព័ត៌មាន​នោះ ក៏​មាន​ការ​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បាន​បញ្ចេញ​នូវ​ទស្សនៈ​ស្រដៀងៗ​គ្នា​ថា ប្រសិនបើ​រឿង​នេះ​ជា​ការពិត នោះ​អាជ្ញាធរ​ត្រូវតែ​ដាក់​ទោស​ជន​សង្ស័យ​រត់​ម៉ូតូ​កង់បី​នេះ​ឲ្យ​បាន​ធ្ងន់ធ្ងរ ដោយសារ​សកម្មភាព​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ សន្តិសុខ និង​វិស័យ​ទេសចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

បើ​តាម​គេហទំព័រ​ហ្វេសប៊ុក​ប៉ូលិស​ខេត្ត​បាត់ដំបង ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​នេះ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ហើយ​ឈាន​ទៅ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​នៅ​ថ្ងៃទី​០៧ ខែ​សីហា។

ជន​សង្ស័យ​ឈ្មោះ ទេព ភាឡី ហៅ លីញ នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង ធ្វើការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់​ម្តង​រួច​មក​ហើយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​កាល​នោះ​រូប​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទ្រព្យសម្បត្តិ​របស់​ជន​រងគ្រោះ​ម្នាក់​ជា​ស្ត្រី​ជនជាតិ​បារាំង ដែរ​នៅ​ក្រុង​បាត់ដំបង ប៉ុន្តែ​ក្រោយពី​ចេញពី​ពន្ធនាគារ​វិញ បុគ្គល​នេះ​នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ល្មើស​បន្ត​ទៀត​ដោយ​គ្មាន​រាងចាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស