មេខ្លោងរំលោភច្បាប់កាត់ដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជននៅកម្ពុជាលោក ហ៊ុន សែន បានកាត់ឆ្វៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជាង ១ម៉ឺនម៉ែត្រក្រឡា ឬ ១ហិកតារ ២១អា ៦១សង់ទីអា ក្នុងខេត្តព្រះសីហនុ ប្រគល់ជាកម្មសិទ្ធិឯកជនឱ្យទៅលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាលពីអំឡុងខែមីនា ឆ្នាំ២០២៣ នេះ។
លោក ហ៊ុន សែន ដែលគេស្គាល់ថាជាមេដឹកនាំរំលោភច្បាប់លុបបឹងកាត់ដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន បានចេញអនុក្រឹត្យកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ដែលទើបនឹងចេញផ្សាយនៅពេលនេះ បានឲ្យដឹងថា លោកបានកាត់ឆ្វៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ជាង ១ម៉ឺនម៉ែត្រក្រឡា (១ហិកតារ ២១អា ៦១សង់ទីអា) ឱ្យទៅលោក ស្រ៊ី ថាមរុង្គ និងអ្នកស្រី ថោង សុជាតា ធ្វើជាកម្មសិទ្ធិតាមសំណើរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
ការកាត់ឆ្វៀលដីចេញពីដែនគម្របព្រៃឈើនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា តំបន់អភិរក្សនានានៅកម្ពុជាត្រូវបានលោក ហ៊ុន សែន កាត់ឆ្វៀលឱ្យទៅជាកម្មសិទ្ធិរបស់អ្នកមានអំណាច និងជួលឱ្យក្រុមហ៊ុនឯកជនជាបន្តបន្ទាប់សព្វថ្ងៃនេះ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន ១៥ ដើម្បីត្រៀមធ្វើអនុបយោគ និងបែងចែកសម្រាប់ជាកម្មសិទ្ធិឯកជនឱ្យទៅក្រុមហ៊ុនឯកជននានា និងអ្នកមានទ្រព្យធនដើម្បីធ្វើការអភិវឌ្ឍ។
ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ផ្ដល់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជាង ៧០០ហិកតារ (៧៣១ហិកតារ) ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ ធ្វើជាកម្មសិទ្ធិ។
ជាងនេះទៀត កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ក៏បានសម្រេចកាត់ដីសាធារណៈរបស់រដ្ឋឱ្យទៅក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក «TP Moral Group Co. Ltd.(TPMG)» របស់ឧកញ៉ា ឃុន សៀ ទំហំជាង ១ពាន់ហិកតារ (១៤៦៧ហិកតារ) ស្ថិតក្នុងខេត្តកែប ធ្វើជាកម្មសិទ្ធិឯកជនផងដែរ ដើម្បីអភិវឌ្ឍគម្រោងវិនិយោគទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋ។
ទាក់ទិននឹងករណីបែងចែកដីរដ្ឋឱ្យបុគ្គលឯកជន និងក្រុមហ៊ុនឯកជននេះ ឧកញ៉ាដែលជាមនុស្សជិតស្និទ្ធនឹងលោក ហ៊ុន សែន ជាច្រើននាក់ រួមទាំងសាច់ញាតិ និងកូនបង្កើតរបស់គាត់ផង បានទទួលដីរដ្ឋជាច្រើនរយហិកតារធ្វើជាកម្មសិទ្ធិ ដូចជាឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជីង សុភាព ឧកញ៉ា ជីង សុគន្ធាវី ឧកញ៉ា ទ្រី ភាព និងឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែមានចំណែកទទួលបានដីទាំងនោះ។
ជាក់ស្តែង ឧកញ៉ា ជីង សុគន្ធាវី ដែលត្រូវជាកូនស្រីបង្កើតឧកញ៉ា ជីង សុភាព ហៅយាយភូ ដែលត្រូវជាភរិយារបស់លោក ឡៅ ម៉េងឃិន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទទួលបានសិទ្ធិកាន់កាប់ដីរដ្ឋជាច្រើនកន្លែងតាមអនុក្រឹត្យរបស់លោក ហ៊ុន សែន ដូចជាដីសាធារណៈរបស់រដ្ឋនៅខេត្តកែប ទំហំ ២៩ហិកតារ និងដីឧទ្យានជាតិគិរីរម្យជាង ២០០ហិកតារ (២២១ហិកតារ និង ៩៤អា) ក្នុងខេត្តកំពង់ស្ពឺ ដីនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ៧០ហិកតារ និងដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាង ៦០០ហិកតារ (៦៤៩ហិកតារ) ក្នុងខេត្តកំពង់ឆ្នាំង ជាដើម។
ក្រៅពីកាត់ដីសាធារណៈរបស់រដ្ឋឱ្យទៅបក្ខពួក និងសែស្រឡាយខ្លួនឯងហើយនោះ លោក ហ៊ុន សែន ក៏បានផ្តល់ដីនៅឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងខេត្តកោះកុង ឱ្យទៅក្រុមហ៊ុនបរទេសផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Union Development Group (UDG) ទទួលបានដីសម្បទានជាង ៣ម៉ឺនហិកតារ (៣៦០០០ហិកតារ) កាលពីឆ្នាំ២០០៨ សម្រាប់ជួលរយៈពេល ៩៩ឆ្នាំ ដែលធ្វើឱ្យពលរដ្ឋរងនូវការធ្វើទុក្ខបុកម្នេញ ហើយព្រៃឈើក្នុងតំបន់នោះរងនូវការបំផ្លាញដោយក្រុមហ៊ុនចិនមួយនេះយ៉ាងធ្ងន់ធ្ងរ។
កាលពីខែឧសភា ឆ្នាំ២០២៣ យុវជនស្រឡាញ់បរិស្ថាន បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ដើម្បីស្នើឲ្យក្រសួងដកហូតដីនៅតំបន់ឧទ្យានជាតិនានាពីវិស័យឯកជនឲ្យមកទុកជាសម្បត្តិរដ្ឋវិញ ក្នុងនោះ ពួកគេក៏បានស្នើឱ្យបញ្ឈប់សកម្មភាពកាត់ដីព្រៃធម្មជាតិនៅតំបន់ការពារឲ្យទៅក្រុមហ៊ុនឯកជនផងដែរ ប៉ុន្តែត្រូវក្រសួងបរិស្ថានព្រមានចាត់វិធានការច្បាប់ទៅលើក្រុមយុវជនទាំងនោះវិញ៕