27 C
Phnom Penh

លោក ហ៊ុន សែន លក់​ដី​រដ្ឋ​៤​កន្លែង​របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​ថ្នូរ​សង់​ហេដ្ឋារចនាសម្ព័ន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​បាន​លក់​ដី​រដ្ឋ​ចំនួន ៤​កន្លែង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល ដែល​មាន​តម្លៃ​ជាង ៤៥​លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ K T China Asia Prince City Investment (ខេ​ធី ឆាយណា អេស៊ា ប្រ៊ីនស៊ីធី អិនវេសម៉ិន ឯ.ក) ជា​ថ្នូរ​នឹង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​រដ្ឋបាល​ក្រុង​សំពៅពូន។

លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ បាន​សម្រេច​លក់​ដី​រដ្ឋ​ចំនួន ៤​កន្លែង​ដែល​មាន​ទំហំ​ជិត ៣៨​លាន​ម៉ែត្រ​ការ៉េ (៣៧ ៥៦៩ ០៧២​ម៉ែត្រ​ការ៉េ) ដោយ​ទីតាំង​ដី​មួយ​ផ្នែក​នៃ​អាងទឹក​ក្របី​កូន អាងទឹក​ម្ដេច អាងទឹក​បឹងធំ និង​អាង​ទឹកស្រះ​៨ ស្ថិត​នៅ​ស្រុក​កោះធំ និង​ក្រុង​សំពៅពូន។

ការ​សម្រេច​លក់​ដី​រដ្ឋ​ទាំង ៤​កន្លែង​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ ជា​ថ្នូរ​ទៅ​នឹង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ស្ពាន និង​អគារ​រដ្ឋបាល​ក្រុង​សំពៅពូន របស់​ភាគី​ក្រុមហ៊ុន K T China Asia Prince City Investment (ខេ​ធី ឆាយណា អេស៊ា ប្រ៊ីនស៊ីធី អិនវេសម៉ិន ឯ.ក) ដែល​មាន​តម្លៃ​សរុប​ស្មើ​នឹង​ជាង ៤៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (៤៥ ០៥០ ០០០​ដុល្លារ)។

ចំណែក​ក្នុង​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អះអាង​ថា ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​លក់​ដី ក្នុង​នោះ​មាន​ការ​ស្ថាបនា​ផ្លូវ​ដី “ស” ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២៣ មក​គល់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់​ថ្មី​ក្រុង​សំពៅពូន ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្នុង​តម្លៃ ១២​លាន​ដុល្លារ​អាមេរិក។

លើស​ពី​នេះ ក៏​ដើម្បី​ស្ថាបនា​ផ្លូវ​ដី “ស” ចាប់ពី​ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​២៣ រហូត​ដល់​ផ្លូវ​ប៉ាក់ណាម ឆ្លងកាត់​ឃុំ​លើកដែក ស្រុក​កោះធំ និង​សង្កាត់​ព្រែកជ្រៃ ក្រុង​សំពៅពូន តម្លៃ ៨​លាន​ដុល្លារ និង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ សម្រាប់​ឆ្លង​ពី​សង្កាត់​សំពៅពូន ទៅ​សង្កាត់​ព្រែកជ្រៃ ក្រុង​សំពៅពូន ដែល​មាន​តម្លៃ ២៤​លាន​ដុល្លារ ព្រមទាំង​សង់​អគារ​រដ្ឋបាល​ក្រុង​សំពៅពូន តម្លៃ​ជាង ១​លាន​ដុល្លារ​ផង​ដែរ (១ ០៥០ ០០០​ដុល្លារ)។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​រិះគន់​ថា របប​លោក ហ៊ុន ម៉ាណែត ក៏​មិន​ខុស​ពី​របប​លោក ហ៊ុន សែន ដែល​ជា​ឪពុក​នោះ​ដែរ។ លោក​បាន​ចោទប្រកាន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក៏​នឹង​លក់ ឬ​ខ្ទី​ប្រាក់​ពី​បរទេស​ដែរ ហើយ​របប​ដែល​ដឹកនាំ​ដោយ​កូន នឹង​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ដូចជា​ដី សួនច្បារ បឹង ឬ​អគារ​រដ្ឋ ជាដើម។

រដ្ឋាភិបាល​ក្នុង​អាណត្តិ​នៃ​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រយៈពេល​ជិត ៤០​ឆ្នាំ​មក​នេះ ត្រូវ​អ្នក​ឃ្លាំមើល និង​ក្រុម​យុវជន​រិះគន់​ថា បំផ្លាញ​ធនធាន​ធម្មជាតិ ព្រៃឈើ កាត់ និង​លក់​ដី​បឹង​ធម្មជាតិ ភ្នំ ជាដើម នៅ​តាម​បណ្ដា​ខេត្ត​នានា និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ជាក់ស្ដែង​ដូចជា​ផ្ទៃដី​បឹងកក់ បឹងទំពុន បឹង​តាមោក ជាដើម រួម​ទាំង​ដី​ឧទ្យាន​ជាតិ​ផ្សេងៗ​ទៀត ត្រូវ​បាន​លោក ហ៊ុន សែន កាត់​លក់ និង​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​នេះ អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) លោក ស ខេង កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ ធ្លាប់​បាន​ទម្លាយ​រឿង​ពុករលួយ​របស់​រដ្ឋមន្ត្រី​មួយ​រូប​ដោយ​មិន​បញ្ចេញ​ឈ្មោះ ពាក់ព័ន្ធ​គម្រោង​ធ្វើ​ផ្លូវ។

លោក ស ខេង អះអាង​ថា ការ​ដែល​លោក​ទម្លាយ​រឿង​មន្ត្រី​កិបកេង​ថវិកា​ជាតិ​នេះ ដោយសារតែ​លោក​ទ្រាំ​មិន​បាន ព្រោះ​ផ្លូវ​ខ្លះ​ចំណាយ​រហូត​ដល់ ១​លាន​ដុល្លារ ខណៈ​ចំណាយ​ជាក់ស្ដែង​អស់​ថវិកា​ត្រឹម​ប្រហែល ៤០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

របាយការណ៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០២២ ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ បាន​ដាក់​ចំណាត់ថ្នាក់​អំពើពុករលួយ​ដល់​កម្ពុជា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុង​លេខ​រៀង​១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០។ ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ក្នុង​កម្រិត​ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ ឬ​អាក្រក់ ៥​ឆ្នាំ​ជាប់​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស