រដ្ឋាភិបាលកម្ពុជាបានលក់ដីរដ្ឋចំនួន ៤កន្លែងរបស់រដ្ឋបាលខេត្តកណ្តាល ដែលមានតម្លៃជាង ៤៥លានដុល្លារអាមេរិក ឲ្យទៅក្រុមហ៊ុនឯកជនឈ្មោះ K T China Asia Prince City Investment (ខេធី ឆាយណា អេស៊ា ប្រ៊ីនស៊ីធី អិនវេសម៉ិន ឯ.ក) ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលក្រុងសំពៅពូន។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានសម្រេចលក់ដីរដ្ឋចំនួន ៤កន្លែងដែលមានទំហំជិត ៣៨លានម៉ែត្រការ៉េ (៣៧ ៥៦៩ ០៧២ម៉ែត្រការ៉េ) ដោយទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្ដេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន។
ការសម្រេចលក់ដីរដ្ឋទាំង ៤កន្លែងឲ្យក្រុមហ៊ុនឯកជនមួយនេះ ជាថ្នូរទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលក្រុងសំពៅពូន របស់ភាគីក្រុមហ៊ុន K T China Asia Prince City Investment (ខេធី ឆាយណា អេស៊ា ប្រ៊ីនស៊ីធី អិនវេសម៉ិន ឯ.ក) ដែលមានតម្លៃសរុបស្មើនឹងជាង ៤៥លានដុល្លារសហរដ្ឋអាមេរិក (៤៥ ០៥០ ០០០ដុល្លារ)។
ចំណែកក្នុងលិខិតមួយដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី បានអះអាងថា ផលប្រយោជន៍ដែលទទួលបានពីការលក់ដី ក្នុងនោះមានការស្ថាបនាផ្លូវដី “ស” ដោយតភ្ជាប់ពីផ្លូវជាតិលេខ២៣ មកគល់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីក្រុងសំពៅពូន ក្នុងគម្រោងអភិវឌ្ឍន៍ក្នុងតម្លៃ ១២លានដុល្លារអាមេរិក។
លើសពីនេះ ក៏ដើម្បីស្ថាបនាផ្លូវដី “ស” ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ២៣ រហូតដល់ផ្លូវប៉ាក់ណាម ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ និងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន តម្លៃ ៨លានដុល្លារ និងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រាប់ឆ្លងពីសង្កាត់សំពៅពូន ទៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដែលមានតម្លៃ ២៤លានដុល្លារ ព្រមទាំងសង់អគាររដ្ឋបាលក្រុងសំពៅពូន តម្លៃជាង ១លានដុល្លារផងដែរ (១ ០៥០ ០០០ដុល្លារ)។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានរិះគន់ថា របបលោក ហ៊ុន ម៉ាណែត ក៏មិនខុសពីរបបលោក ហ៊ុន សែន ដែលជាឪពុកនោះដែរ។ លោកបានចោទប្រកាន់ថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក៏នឹងលក់ ឬខ្ទីប្រាក់ពីបរទេសដែរ ហើយរបបដែលដឹកនាំដោយកូន នឹងលក់ទ្រព្យសម្បត្តិរដ្ឋដូចជាដី សួនច្បារ បឹង ឬអគាររដ្ឋ ជាដើម។
រដ្ឋាភិបាលក្នុងអាណត្តិនៃការដឹកនាំដោយលោក ហ៊ុន សែន រយៈពេលជិត ៤០ឆ្នាំមកនេះ ត្រូវអ្នកឃ្លាំមើល និងក្រុមយុវជនរិះគន់ថា បំផ្លាញធនធានធម្មជាតិ ព្រៃឈើ កាត់ និងលក់ដីបឹងធម្មជាតិ ភ្នំ ជាដើម នៅតាមបណ្ដាខេត្តនានា និងនៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងដូចជាផ្ទៃដីបឹងកក់ បឹងទំពុន បឹងតាមោក ជាដើម រួមទាំងដីឧទ្យានជាតិផ្សេងៗទៀត ត្រូវបានលោក ហ៊ុន សែន កាត់លក់ និងវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនដែលស្និទ្ធនឹងគ្រួសារត្រកូលហ៊ុនផងដែរ។
ពាក់ព័ន្ធនឹងការចំណាយថវិកាធ្វើផ្លូវនេះ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ស ខេង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ធ្លាប់បានទម្លាយរឿងពុករលួយរបស់រដ្ឋមន្ត្រីមួយរូបដោយមិនបញ្ចេញឈ្មោះ ពាក់ព័ន្ធគម្រោងធ្វើផ្លូវ។
លោក ស ខេង អះអាងថា ការដែលលោកទម្លាយរឿងមន្ត្រីកិបកេងថវិកាជាតិនេះ ដោយសារតែលោកទ្រាំមិនបាន ព្រោះផ្លូវខ្លះចំណាយរហូតដល់ ១លានដុល្លារ ខណៈចំណាយជាក់ស្ដែងអស់ថវិកាត្រឹមប្រហែល ៤០ម៉ឺនដុល្លារប៉ុណ្ណោះ។
របាយការណ៍ស្ដីពីអំពើពុករលួយឆ្នាំ២០២២ ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) កាលពីដើមខែមករា ឆ្នាំ២០២៣ បានដាក់ចំណាត់ថ្នាក់អំពើពុករលួយដល់កម្ពុជា ឆ្នាំ២០២២ ស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោមប្រទេសចំនួន១៨០។ ចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងកម្រិតប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ឬអាក្រក់ ៥ឆ្នាំជាប់គ្នា៕