29 C
Phnom Penh

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កាស៊ីណូ​ខុស​ច្បាប់​ឃាត់​ខ្លួន​ជនជាតិ​ចិន វៀតណាម​និង​ខ្មែរ​ជាង​៨០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​កម្ពុជា ចុះ​បង្ក្រាប​ទីតាំង​ល្បែង​កាស៊ីណូ​ខុស​ច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឈ្មោះ Crown Entertainment ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិ​ខ្មែរ​បាន​ចំនួន ៨៣​នាក់ កាលពី​យប់​ថ្ងៃ​អង្គារ។

កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ទីតាំង​ប្រកប​អាជីវកម្ម​ល្បែង​ស៊ីសង​ខុស​ច្បាប់​ជា​លក្ខណៈ​កាស៊ីណូ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង ដែល​មាន​ឈ្មោះ​ថា «ការ​កម្សាន្ត​ក្រោន (Crown Entertainment)» ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បាន​ជនជាតិ​ចិន ១១​នាក់ និង​ជនជាតិ​វៀតណាម ២​នាក់ ក្រៅពី​នេះ​គឺជា​ជនជាតិ​ខ្មែរ​ទាំងអស់។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ក្រោយពី​ការ​ចុះ​បង្ក្រាប ដូចជា ទូរ​ហ្គេម​កម្សាន្ត ទូរ​ហ្គេម​បាញ់​ត្រី តុ​បៀ​បាការ៉ាត់ តុ​បៀ​នីវនីវ តុ​រ៉ូឡែតដៃ និង​តុ POKER ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​អ្នក​ទាំងនោះ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ផង​ដែរ។

ការ​ចុះ​បង្ក្រាប​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ។

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្ដីពី​ការ​ធ្វើ​ប្រតិបត្តិការ​ល្បែង​ផ្សង​សំណាង​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​ភ្នាក់ងារ​លក់​ឆ្នោត​របស់​ក្រុមហ៊ុន​ល្បែង​ផ្សង​សំណាង និង​ក្រុម​ជន​ខិលខូច​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​លួចលាក់​បង្កប់​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ជា​ហូរហែ ដែល​កំពុង​ជ្រក​ក្រោម​អាជ្ញាបណ្ណ​ល្បែង​ស៊ីសង​ស្រប​ច្បាប់ និង​ទីតាំង​ក្លឹប​កម្សាន្ត​មួយ​ចំនួន​សព្វថ្ងៃ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀប​រៀបរយ​សង្គម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ដក​តំណែង​អភិបាល​រាជធានី-ខេត្ត​ណា​ដែល​បណ្តែត​បណ្តោយ​ឱ្យ​មាន​ល្បែង​ស៊ីសង​ខុស​ច្បាប់​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ល្បែង​ស៊ីសង​ខុស​ច្បាប់​នៅតែ​បន្ត​កើត​មាន​រហូត​ដល់​សព្វថ្ងៃ​នេះ ខណៈ​ទីតាំង​ល្បែង​ស៊ីសង​ខុស​ច្បាប់​នានា​ដែល​បាន​រក​ឃើញ គឺ​មាន​ចំនួន​ប្រមាណ​ជាង ២​ពាន់​កន្លែង​ឯណោះ ដែល​កំពុង​ដំណើរ​ដោយ​លួចលាក់​នៅ​ក្នុង​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម លោក រស់ ភីរុណ ធ្លាប់​បាន​លើកឡើង​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ កម្ពុជា​ប្រមូល​ចំណូល​ក្នុង​វិស័យ​ល្បែង​ពាណិជ្ជកម្ម​បាន​ជាង ១០​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង ១០% បើ​ធៀប​នឹង​ការ​ប្រមូល​ចំណូល​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​កាស៊ីណូ​ដែល​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ចំនួន ១៨០​កន្លែង តែ​កាស៊ីណូ​ទាំងនេះ​មិន​បាន​ដំណើរការ​ទាំងអស់​នោះ​ទេ។

ទីតាំង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដែល​កំពុង​លួច​បើក​ដំណើរការ​លួចលាក់​ក្រោម​ស្លាក​ទីតាំង​ល្បែង​ស្រប​ច្បាប់ និង​ក្លឹប​កម្សាន្ត​នានា​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មិន​មែន​មាន​តែ​ក្នុង​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​បាន​កើត​មាន​នៅ​តាម​ខេត្ត​គោលដៅ​សំខាន់​មួយ​ចំនួន​ផង​ដែរ ដូចជា ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ ជាដើម។

ជាក់ស្តែង អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ក៏​ធ្លាប់​បង្ក្រាប​អាជីវកម្ម​ល្បែង​ស៊ីសង​ខុស​ច្បាប់​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​គ្មាន​ច្បាប់​អនុញ្ញាត​ផង​ដែរ ដែល​មាន​ឈ្មោះ​ថា កាស៊ីណូ​អន្តរជាតិ​តោ​ពីរ នៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា បើ​ចង់​បង្ក្រាប​ល្បែង​ស៊ីសង ទាល់តែ​លោក ហ៊ុន ម៉ាណែត ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​សមាជិក​គ្រួសារ​ហ៊ុន​ដែល​ពាក់ព័ន្ធ​ចូល​គុក ដូចជា លោក ហ៊ុន តូ ជាដើម ព្រោះ​ថា​នៅ​កម្ពុជា គ្មាន​ជំនួញ​អបាយមុខ​ណា​មួយ​ទាំង​តូច​ទាំង​ធំ អាច​ដំណើរការ​រលូន​ទៅ​បាន​ក្រៅ​ក្រសែភ្នែក​គ្រួសារ​ហ៊ុន​ឡើយ ទោះ​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ក៏ដោយ កុំ​ថា​ឡើយ​ដល់​ល្បែង​ស៊ីសង​ខុស​ច្បាប់​នោះ។

លោក គឹម សុខ អះអាង​ថា អ្នក​ដែល​នៅ​ពីក្រោយ​ល្បែង​ស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា គឺ​សុទ្ធសឹងតែ​ជា​បក្ខពួក និង​ជា​សាច់ញាតិ​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់ ដូចជា ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាដើម ហើយ​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ខ្លះ គ្រាន់តែ​ល្បិច​គ្រួសារ​ហ៊ុន ធ្វើឡើង​ក្នុង​បំណង​បិទ​ទីតាំង​ល្បែង​ដែល​ពួកគេ​ទាញ​យក​ផល​ចំណេញ​មិន​បាន និង​ឆ្លៀត​ឱកាស​បង្កើត​ព្រឹត្តិការណ៍​កុហក​ពលរដ្ឋ ដើម្បី​អួត​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ផង​ដែរ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស