28 C
Phnom Penh

រុស្ស៊ី​ប្រកាស​ឱ្យ​យុវនារី​ចូល​បម្រើ​កងទ័ព ខណៈ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ចូល​ដល់​ខែ​ទី​២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន មក​ដល់​ពេលនេះ​ឈាន​ចូល​ដល់​ខែ​ទី​២១ ហើយ។ រុស្ស៊ី នៅ​ពេលនេះ កំពុងតែ​វាយ​ការពារ​ទីតាំង​របស់​ខ្លួន​ពី​សំណាក់​ការ​វាយបក​របស់​កងទ័ព​អ៊ុយក្រែន។

តាម​សេចក្ដី​រាយការណ៍​របស់​ប្រភព​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស ឲ្យ​ដឹង​ថា រយៈពេល ៦​ខែ​ដំបូង រុស្ស៊ី វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន បាន​ប្រមាណ​ជា ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ ប៉ុន្តែ​នៅ​ពេលនេះ អ៊ុយក្រែន វាយ​ដណ្ដើម​បាន​មក​វិញ​ជាង ១​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា ចាប់តាំងពី​អ៊ុយក្រែន រុញ​ទ័ព​រុស្ស៊ី​ឲ្យ​បាក់​ទ័ព​នៅ​ខែ​តុលា ឆ្នាំ​២០២២។

សមរភូមិ​ដែល​រុស្ស៊ី បាក់​ទ័ព គឺ​មាន​នៅ​តំបន់​ភាគ​ឥសាន​ប្រទេស គឺ​តំបន់​ខាគាវ និង​ភាគ​ខាងត្បូង​ប្រទេស គឺ​តំបន់​ឃឺសុន។

មក​ដល់​ពេលនេះ ប្រតិបត្តិការ​វាយ​ដណ្ដើម​ទឹកដី​ពី​រុស្ស៊ី មក​វិញ បើ​រាប់​ពី​ខែ​មិថុនា មក​នោះ កងទ័ព​អ៊ុយក្រែន វាយ​ពង្រីក​ទីតាំង​ឈរជើង​របស់​ខ្លួន​ដោយ​ដណ្ដើម​បាន​សមរភូមិ​យ៉ាងតិច​ជាង ២០​សមរភូមិ​ពី​ភាគី​កងទ័ព​រុស្ស៊ី ប៉ុន្តែ​ប្រតិបត្តិការ​សឹក​វាយបក​របស់​អ៊ុយក្រែន ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាព​យឺតយ៉ាវ ទោះបីជា​អ៊ុយក្រែន មាន​ប្រៀប​ជាង​កងទ័ព​រុស្ស៊ី ក៏ដោយ​នោះ។

សារព័ត៌មាន​របស់​អ៊ុយក្រែន ដូចជា Defense Express បាន​ចុះផ្សាយ​នូវ​តួលេខ​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ដែល​អះអាង​ថា រុស្ស៊ី​បាត់បង់​ទ័ព​គិត​មក​ដល់​ថ្ងៃទី​១ វិច្ឆិកា នេះ ក្នុង​សង្គ្រាម ៦១៦​ថ្ងៃ មហា​អំណាច​នេះ​បាត់បង់​ទ័ព​របស់​ខ្លួន ៣០​ម៉ឺន ១៤៩០​នាក់ រថក្រោះ​បាត់បង់ ៥២២៣​គ្រឿង រថពាសដែក ៩៨៣៤​គ្រឿង កាំភ្លើង​ធំ ៧៧៥០​គ្រឿង។

យោង​តាម​តួលេខ​នេះ បញ្ជាក់​ថា មហា​អំណាច​រុស្ស៊ី បាន​បាត់បង់​សព្វាវុធ​គាំទ្រ​ទ័ព​ថ្មើរជើង​យ៉ាង​សម្បើម ដែល​ចំនួន​នេះ​ត្រូវ​បាន​អ្នកជំនាញ​មើល​ឃើញ​ថា នាំ​ឲ្យ​រុស្ស៊ី ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិពល​កម្លាំង​ទ័ព​ថ្មើរជើង​របស់​ខ្លួន ហើយ​បើ​និយាយ​ពី​ចំនួន​ទ័ព​របស់​រុស្ស៊ី ដែល​បាត់បង់​នៅ​ក្នុង​សមរភូមិ​ហក់​ឡើង​ជាង ៣០​ម៉ឺន​នាក់​នេះ ក៏​នាំ​ឲ្យ​អ្នកជំនាញ​ផ្នែក​យោធា​មើល​ឃើញ​អំពី​រុស្ស៊ី ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កម្លាំង​ប្រយុទ្ធ​នៅ​លើ​សមរភូមិ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​ថា ការ​វាយប្រហារ​របស់​អ៊ុយក្រែន លើ​កងទ័ព​ជើងទឹក​រុស្ស៊ី នៅ​សមុទ្រ​ខ្មៅ បាន​ធ្វើ​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​ទីក្រុង​មូស្គូ ថយ​ចុះ ខណៈ​កំពុង​លើក​ទឹកចិត្ត​ដល់​កងទ័ព​របស់​លោក​ឱ្យ​ប្រឹងប្រែង​តស៊ូ​ប្រយុទ្ធ។

ក្នុង​សុន្ទរកថា​ជា​វីដេអូ លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ការ​ឈ្លានពាន​ចាប់ផ្តើម មនុស្ស​ជាច្រើន​មិន​ជឿ​ថា អ៊ុយក្រែន​អាច​នឹង​នៅ​រស់​រាន​មាន​ជីវិត​នោះ​ទេ។ តែ​យើង​សូម​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​អ្នក​ដែល​មិន​រាថយ និង​មិន​ចុះញ៉ម ហើយ​ជឿជាក់​លើ​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បាន​ឲ្យ​ដឹង​ទៀត​ថា កងទ័ព​របស់​លោក​កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​អំណាច​យោធា​របស់​ទីក្រុង​មូស្គូ នៅ​សមុទ្រ​ខ្មៅ និង​នៅ​សមរភូមិ​ភាគ​ខាងកើត និង​ខាងត្បូង ហើយ​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ពី​សម្ព័ន្ធមិត្ត នឹង​នាំ​ទៅ​ដល់​ជ័យជម្នះ​ទាំងស្រុង​លើ​អ្នក​ឈ្លានពាន។

យ៉ាងណា នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ ក្រសួង​ការពារ​ជាតិ​អង់គ្លេស បញ្ជាក់​ថា ក្នុង​អន្តរកាល​នេះ រុស្ស៊ី​កំពុងតែ​ពង្រីក​កម្លាំង​បន្ថែម​ទៀត​រហូត​ប្រកាស​កេណ្ឌ​ស្ត្រី​ជា​កងទ័ព ជាពិសេស​យុវនារី​ឲ្យ​ក្លាយ​ជា​កងទ័ព​កាន់​អាវុធ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ ប៉ុន្តែ​ស្ត្រី​ទាំងនោះ​ត្រូវ​បាន​រុស្ស៊ី រៀបចំ​ឲ្យ​ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល។

ក្រុម​ទាហាន​ស៊ីឈ្នួល​របស់​រុស្ស៊ី ការពិត​គឺ​មាន​រួច​ទៅ​ហើយ​ដែល​គេ​ហៅថា​ក្រុម Wagner Group ហើយ​ធ្លាប់​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​របស់​ខ្លួន គឺ​លោក យេនហ្គូនី ព្រីកូហ្ស៊ីន។ តែ​បុរស​ដ៏​កំណាច​នេះ​បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី​២៤ សីហា ដោយសារតែ​ការ​ផ្ទុះ​យន្តហោះ​ខណៈ​ដែល​យន្តហោះ​នោះ​ដឹក​លោក​ពី​ទីក្រុង​មូស្គូ ទៅ​ទីក្រុង​ពីនស្ដូប៊ើគ ក្នុង​ចម្ងាយ​ដី ៣០០​គីឡូម៉ែត្រ។

មរណភាព​របស់​លោក ព្រីកូហ្ស៊ីន ត្រូវ​បាន​ចារកម្ម​អាមេរិក​រក​ឃើញ​ថា ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​រៀបចំ​ដោយ​កម្លាំង​សម្ងាត់​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌឺមៀរ ពូទីន ក្រោម​ហេតុផល​ដែល​គេ​ថា​លោក ពូទីន បញ្ជា​ឲ្យ​ប្រហារ​ជីវិត​លោក ព្រីកូហ្ស៊ីន។

លោក ព្រីកូហ្ស៊ីន ដឹកនាំ​ទ័ព Wagner Group ជាង ៨​ម៉ឺន​នាក់​ជួយ​ច្បាំង​កងទ័ព​រុស្ស៊ី នៅ​លើ​ទឹកដី​អ៊ុយក្រែន ប៉ុន្តែ​ចារកម្ម​របស់​អាមេរិក​អះអាង​ថា ក្រុម​ទាហាន​ស៊ីឈ្នួល​នេះ​ត្រូវ​បាន​សម្លាប់​ក្នុង​សមរភូមិ​ដល់​ទៅ​ជាង ៥​ម៉ឺន​នាក់ ដែល​នាំ​ឲ្យ​លោក ព្រីកូហ្ស៊ីន ត្រូវការ​ទ័ព​បន្ថែម​ទៀត។ តែ​យ៉ាងណា ទោះ​ជា​បាត់​រូបលោក ព្រីកូហ្ស៊ីន ក៏​ក្រុម Wagner Group នៅតែ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​កងទ័ព​រុស្ស៊ី ធ្វើ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស ឲ្យ​ដឹង​ថា ក្រោយពី​ក្រុម Wagner Group បាត់បង់​ទ័ព​ដ៏​ច្រើន​ដូចនេះ​របប​ក្រុង​មូស្គូ បាន​កេណ្ឌ​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន​ទៅ​ជួយ​ក្រុម​ទាហាន​ស៊ីឈ្នួល​នេះ ដោយ​យក​អ្នកទោស​ឧក្រិដ្ឋ​នៅ​ទូទាំង​ប្រទេស សូម្បី​អ្នកទោស​ស្ត្រី ក៏​ទីក្រុង​មូស្គូ កេណ្ឌ​ឲ្យ​មក​ធ្វើ​កងទ័ព​ផង​ដែរ។

ឥឡូវ​នេះ ទីក្រុង​មូស្គូ ប្រកាស​ឲ្យ​យុវនារី​ត្រូវតែ​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព ព្រោះ​ពេលនេះ​ប្រទេស​ជាតិ​កំពុងតែ​ត្រូវការ​កម្លាំង​យុវជន។

ប្រភព​ចារកម្ម​របស់​អង់គ្លេស ឲ្យ​ដឹង​ថា ស្ត្រី​ដែល​របប​នៅ​ក្រុង​មូស្គូ លើក​ទឹកចិត្ត​ផង បង្ខំ​ផង​ឲ្យ​បម្រើ​កងទ័ព គឺ​ស្ត្រី​ទាំងនោះ​ភាគច្រើន​រើស​បាន​តែ​ស្ត្រី​នៅ​តាម​ជនបទ​តែប៉ុណ្ណោះ រីឯ​យុវនារី​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ ពួកគេ​មិន​មាន​ការ​ស្ម័គ្រចិត្ត​នោះ​ទេ។

យ៉ាងណា លោក ពូទីន អះអាង​ថា ទ័ព​របស់​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​នៅ​លើ​ទឹកដី​អ៊ុយក្រែន មាន​ជាង ៧០​ម៉ឺន​នាក់ ប៉ុន្តែ​ចារកម្ម​របស់​អ៊ុយក្រែន អះអាង​ថា ទ័ព​រុស្ស៊ី​នៅ​សល់​ប្រមាណ​ជា ៤០​ម៉ឺន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស