26 C
Phnom Penh

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​បាន​ជិត​១០០​ករណី​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្ហាញ​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ​សរុប​ជាង ៨០​ករណី (៨៧​ករណី) ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ ដែល​មាន​ការ​កើន​ឡើង​ចំនួន ១៣​ករណី ស្មើ​នឹង ១៧,៥៦% បើ​ធៀប​នឹង​ឆមាស​ទី​១ ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បង្ហាញ​របាយការណ៍​ក្នុង​ពិធី​ខួប​លើក​ទី​១៧ នៃ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ១២​ធ្នូ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «បច្ចេកវិទ្យា​ជា​មធ្យោបាយ ដើម្បី​អភិវឌ្ឍ​ជាតិ មិន​មែន​ដើម្បី​ជួញដូរ​មនុស្ស» ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ គណៈកម្មាធិការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ​សរុប​មាន​ចំនួន​ជាង ៨០​ករណី (៨៧​ករណី) ប៉ុន្តែ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ គឺ​មាន​ចំនួន​ត្រឹមតែ​ជាង ៧០​ករណី (៧៤​ករណី) ប៉ុណ្ណោះ។

ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ បញ្ជូន​ទៅ​តុលាការ​ចំនួន​ជិត ១០០​នាក់ (៩៦​នាក់) និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ជិត ៣០០​នាក់ (២៨១​នាក់) ផង​ដែរ។

ការ​ចេញ​របាយការណ៍​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា​កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ប្រើ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្នុង​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក​បាន​ចាត់ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គឺជា​កិច្ចការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នេះ ដើម្បី​លើក​កម្ពស់​សន្តិសុខ សុវត្ថិភាព​មនុស្ស​ជាតិ និង​លើក​កម្ពស់​សក្ដានុពល​នៃ​ធនធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

លោក ស សុខា អំពាវនាវ​ឱ្យ​អភិបាល​រាជធានី-ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ និង​មន្ទីរ​អង្គភាព​ក្រោម​ឱវាទ​គ្រប់​ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូត​ដល់​កងកម្លាំង​ឈរជើង​តាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន ត្រូវ​ពង្រឹង​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ឲ្យ​បាន​ម៉ត់ចត់​ជា​ទីបំផុត។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្ហាញ​របាយការណ៍​ជុំវិញ​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា ក្នុង​រយៈពេល ១​ឆ្នាំ​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​អន្តរាគមន៍​ស្រាវជ្រាវ​រុករក​បទល្មើស​បាន​រហូត​ដល់​ ១២១៣​ករណី ក្នុង​នោះ ករណី​បង្ខំ​ឱ្យ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​បាន​ធ្វើ​ទៅ​លើ​ជនរងគ្រោះ​ ២៥៩​នាក់ ស្រី ៤៨​នាក់ មាន ៧​សញ្ជាតិ ដែល​សន្និដ្ឋាន​ថា​ជា​ករណី​ជួញដូរ​មនុស្ស ព្រមទាំង​បិទ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ចំនួន ៥​ទីតាំង និង​បើក​ការ​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​បាន ១០​ករណី​ថែម​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​តាម​សហគ្រាស និង​ក្លឹប​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ អំពើ​ជួញដូរ​មនុស្ស​នៅតែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​ដដែល។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​បង្កើត​វិធី​ជួញដូរ​មនុស្ស​តាម​របៀប​ថ្មីៗ​ដែល​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ប្រើប្រាស់​អាជីវកម្ម​បន្លំ​ភ្នែក​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ ដូចជា ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ជាដើម។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​អំពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ថា អំពើ​ជួញដូរ​មនុស្ស​ទាំងនោះ​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ជាង​នេះ​ទៀត សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស