29 C
Phnom Penh

លោក ស៊ី និង​លោក ពូទីន រួម​គ្នា​ថ្កោលទោស​អាមេរិក​ថា​ជា​មេខ្លោង​ទាញ​ពិភពលោក​ទៅ​រក​សង្គ្រាម​ត្រជាក់​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​ត្រឡប់​ទៅ​ប្រទេស​ចិន ជា​ថ្មី​ទៀត ដែល​អ្នក​សង្កេតការណ៍​ហៅថា​ដំណើរ​ទៅ​ជួប​សមមិត្ត សំដៅ​ពង្រឹង​សម្ពន្ធភាព​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​លោក ពូទីន កំពុងតែ​ដឹកនាំ​កម្លាំង​នយោបាយ និង​កងទ័ព​វាយ​ពង្រីក​ទឹកដី​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ទៅ​ដល់​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៦ ឧសភា ក្នុង​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ លោក ពូទីន ទទួល​បាន​ការ​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់​ពី​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន។

លោក ស៊ី ជីនពីង បាន​ស្វាគមន៍​លោក ពូទីន ដោយ​ដំណើរ​មួយៗ​លើ​កម្រាលព្រំ​ក្រហម​នៅ​ខាងក្រៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ជា​ទី​ដែល​មេដឹកនាំ​ពីរ​រូប​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន។

ការ​ស្វាគមន៍​ដោយ​កង​កិត្តិយស​ជាតិ​នៅ​ទីលាន​ធានអានមេន ដោយ​មាន​កង​កុមារ​គ្រវី​ទង់ជាតិ​ចិន និង​រុស្ស៊ី ចម្រុះ​គ្នា។

បើ​តាម​សារព័ត៌មាន Asia Financial លោក ពូទីន ទៅ​ប្រទេស​ចិន ​ជា​លើក​ទី​២ នេះ ក្នុង​រយៈពេល​មិន​ដល់ ៦​ខែ​ផង គឺជា​ការ​ពង្រឹង​សម្ពន្ធភាព​នៃ​ប្រទេស​មហាអំណាច​ពីរ​នេះ​ដែល​ទំនាក់ទំនង​ការទូត​មាន​អាយុកាល ៧៥​ឆ្នាំ គឺ​ច្រើន​ជាង​វ័យ​របស់​បុរស​ខ្លាំង​ពីរ​រូប​នេះ​ទៅ​ទៀត។

លោក ស៊ី មាន​វ័យ ៧០​ឆ្នាំ និង​លោក ពូទីន មាន​វ័យ ៧១​ឆ្នាំ។ មេដឹកនាំ​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា ដែល​សេចក្ដី​ថ្លែងការណ៍​នេះ​ចារ​ថា «សករាជ​ថ្មី​នៃ​សម្ពន្ធភាព​ទ្វេភាគី»។

ប៉ុន្តែ​សារព័ត៌មាន Asia Financial ធ្វើ​សេចក្ដី​រាយការណ៍​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ បាន​ប្រកាស​ប្រឆាំង និង​ថ្កោលទោស​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​សន្តិសុខ​សកល ដែល​រាប់​បញ្ជូន​តាំងពី​បញ្ហា​កោះ​តៃវ៉ាន់ សង្គ្រាម​នៅ​អ៊ុយក្រែន ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​អាវុធ​នុយក្លេអ៊ែរ។

ប្រទេស​ចិន និង​រុស្ស៊ី បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ «គ្មាន​ព្រំដែន» កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ពេល​ដែល​លោក ពូទីន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្មាន​ថ្ងៃ មុន​នឹង​លោក ពូទីន បញ្ជា​ឱ្យ​លើក​ទ័ព ២៥​ម៉ឺន​នាក់​ដំបូង​វាយ​ចូល​រដ្ឋធានី​គៀវ ដើម្បី​ទាញ​ទម្លាក់​លោក វូឡូឌីមៀ ហ្សេឡេនស្គី ពី​ប្រធានាធិបតី​អ៊ុយក្រែន ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​ប្រយុទ្ធ​គ្នា​មក​ដល់​ពេលនេះ​មាន​រយៈពេល ២​ឆ្នាំ​ជិត ៣​ខែ​ហើយ។

សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​អ្នក​សង្កេតការណ៍​ហៅថា​ជា​សង្គ្រាម​ពង្រីក​ទឹកដី និង​បង្កើន​អនុត្តរភាព​របស់​ក្រុង​មូស្គូ។ ពិភពលោក រួម​ទាំង​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​ជា​កម្លាំង​ប្រជាធិបតេយ្យ បាន​រួម​គ្នា​ថ្កោលទោស​រុស្ស៊ី ហើយ​ជំរុញ​ឱ្យ​របប​នៅ​ក្រុង​មូស្គូ ដក​ទ័ព​ចេញពី​អ៊ុយក្រែន។

តែ​សម្រាប់​ក្រុង​ប៉េកាំង មិន​ត្រឹមតែ​មិន​ចូលរួម​ថ្កោលទោស​រុស្ស៊ី នោះ​ទេ ក៏​មិន​ចូលរួម​ជាមួយ​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រុស្ស៊ី ផង​ដែរ។

នៅ​គ្រប់​វេទិកា​អន្តរជាតិ​ទាំងអស់ រួម​ទាំង​នៅ​ឯ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រួម​នឹង​មហាសន្និបាត​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ ក៏​ក្រុង​ប៉េកាំង មិន​បាន​ប្រើ​សន្លឹកឆ្នោត​បោះឆ្នោត​ថ្កោលទោស​ក្រុង​មូស្គូ ម្ដង​ណា​នោះ​ទេ។ ផ្ទុយទៅវិញ ចិន​កាន់តែ​ធ្វើ​ខ្លួន​ឱ្យ​ស្និទ្ធ​នឹង​រុស្ស៊ី ក្នុង​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ក្នុង​ជំនួប​កំពូល លោក ស៊ី ជីនពីង បាន​ប្រាប់​លោក ពូទីន ថា ទំនាក់ទំនង​ចិន-រុស្ស៊ី នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ពិបាក​រក​បាន ហើយ​ភាគី​ទាំង​ពីរ​ត្រូវតែ​ស្រឡាញ់ និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​រឹងមាំ​ថែម​ទៀត។

លោក ស៊ី ជីនពីង និង​លោក ពូទីន មាន​ទំនុក​ចិត្ត​ខ្លាំង​លើ​សម្ពន្ធភាព​នឹង​គ្នា​នេះ សំដៅ​ទប់ទល់​ឥទ្ធិពល​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស ដែល​ពេលនេះ​ពិភពលោក​កំពុង​ទាញ​ចូល​ក្នុង​សករាជ​ថ្មី គឺ​សង្គ្រាម​ត្រជាក់​ដែល​ជំនួស​សម័យ​សហភាព​សូវៀត ឱ្យ​មក​ចូល​បរិបទ​ថ្មី​នៃ​ការ​ប្រជែង​គ្នា​រវាង​មហាអំណាច​អឺរ៉ុប​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​មហាអំណាច​អាស៊ី​ដឹកនាំ​ដោយ​ប្រទេស​ចិន ដែល​រួម​ជាមួយ​សហព័ន្ធ​រុស្ស៊ី ជា​សម្ពន្ធភាព​គ្មាន​ព្រំដែន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​តំណាង​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ពិភពលោក បាន​ហៅ​លោក ស៊ី ជីនពីង ថា​ជា​ជន​ផ្ដាច់ការ​តំណាង​ប្រទេស​កុម្មុយនីស្ត​ចិន​ផ្ដាច់ការ ហើយ​លោក ពូទីន គឺជា​និមិត្តរូប​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​ផ្ដាច់ការ​និយម។ តែ​លោក បៃដិន បាន​ហៅ​លោក ពូទីន គឺជា​ឃាតករ​ដែល​លើក​ទ័ព​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន។ បន្ថែម​លើស​​ពី​នេះ លោក បៃដិន បាន​ហៅ​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​ថា​កំពុង​បំផ្លាញ​ពិភពលោក​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស