28 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ឈ្មោះ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ជា​ឈ្មោះ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត ដើម្បី​បង្ហាញ​ពី​ចំណង​មិត្តភាព​ដែកថែប​ធំធេង​សម្រាប់​ចិន-កម្ពុជា ដែល​មិន​អាច​កាត់ថ្លៃ​បាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សម្រេច​ប្រកាស​ដាក់​ឈ្មោះ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ដែល​មាន​ប្រវែង ៥៣​គីឡូម៉ែត្រ​ថា​ជា «មហាវិថី ស៊ី ជីនពីង»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា មិត្ត​ចិន​បាន​ឯកភាព​ក្នុង​ការ​ប្រសិទ្ធិនាម​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ សង់​ជំនាន់​បារាំង ទៅ​ផ្លូវជាតិ​លេខ​៤ សង់​ដោយ​ជំនួយ​សហរដ្ឋ​អាមេរិក ជា «មហាវិថី ស៊ី ជីនពីង»។ លោក​ថា ការ​ប្រសិទ្ធិនាម​នេះ មាន​អត្ថន័យ​ធំធេង​សម្រាប់​ចំណង​មិត្តភាព​ដែកថែប​កម្ពុជា-ចិន។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា កំណាត់​ផ្លូវ​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ផ្លូវ​ក្រវាត់​ក្រុង​ដ៏​ធំ និង​ទំនើប​ថ្មី​មួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​រវាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៦ លេខ​៥ លេខ​៣ លេខ​២ សង់​ជំនាន់​បារាំង លេខ​៤ សង់​ដោយ​សហរដ្ឋ​អាមេរិក និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ សង់​ជំនាន់​បារាំង ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ស្ថិត​ក្នុង​ភូមិ​ស្ដៅ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ដើម្បី​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រធានាធិបតី​ចិន ដែល​លោក​តែងតែ​រួម​ចំណែក​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្រសិទ្ធិនាម «មហាវិថី ស៊ី ជីនពីង» ដើម្បី​រួម​បង្ហាញ​ភាព​ល្អ​ឥតខ្ចោះ​បន្ថែម​ទៀត​ជាមួយ​នឹង «មហាវិថី ម៉ៅ សេទុង» អតីត​ប្រធានាធិបតី​ចិន ដែល​មាន​ស្រាប់​ក្នុង​រាជធានី​ភ្នំពេញ និង​បង្ហាញ​ពី​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា-ចិន។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ចិន បាន​និយាយ​ថា ការ​ដាក់​ឈ្មោះ​ផ្លូវ​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់​ការ​រួម​ចំណែក​របស់​ប្រធានាធិបតី​ចិន ចំពោះ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។ ឈ្មោះ​ដែល​ដាក់​ឱ្យ​ដោយ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​បំពេញ​បន្ថែម​ទៀត​ទៅ​លើ​មហាវិថី ម៉ៅ សេទុង ដែល​មាន​ស្រាប់។ នេះ​ជា​ការ​បង្ហាញ​ពី​ភាព​ល្អ​ឥតខ្ចោះ​នៃ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ។

អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក យង់ ពៅ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មហាវិថី​សំខាន់ៗ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​ដាក់​ឈ្មោះ​ឥស្សរជន​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ដូចជា ផ្លូវ ម៉ៅ សេទុង ផ្លូវ គីម អ៊ីលស៊ុង និង​មាន​ផ្លូវ​ផ្សេងៗ​ទៀត។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា បើ​ជា​លុយ​ជំនួយ​ឥត​សំណង ការ​ដាក់​ឈ្មោះ​មាន​ភាព​សមរម្យ ប៉ុន្តែ​បើ​មិនមែន​ជា​លុយ​របស់​លោក ស៊ី ជីនពីង ហើយ​ជា​លុយ​ខ្ចី​បុល នោះ​វា​កាន់តែ​វែងឆ្ងាយ​ទៅ​ទៀត។

កាលពី​ឆ្នាំ​១៩៦៥ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ បាន​ប្រោស​ព្រះរាជទាន​ប្រសិទ្ធិនាម​មហាវិថី ម៉ៅ សេទុង។ ប្រទេស​កម្ពុជា​ក៏​បាន​យក​ឈ្មោះ​មេដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត​មក​ដាក់​នៅ​លើ​ផ្លូវ​មួយ​ចំនួន ដូចជា វិថី ហ្សាលដឺហ្គូល វិថី គីម អ៊ីលស៊ុង វិថី ស៊ូកាណូ វិថី អាលីអាឡាតាស់។ល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស