នៅទីបំផុត ដើម្បីបង្ហាញពីចំណងមិត្តភាពដែកថែបធំធេងសម្រាប់ចិន-កម្ពុជា ដែលមិនអាចកាត់ថ្លៃបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចប្រកាសដាក់ឈ្មោះផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែង ៥៣គីឡូម៉ែត្រថាជា «មហាវិថី ស៊ី ជីនពីង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធិនាមផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ សង់ជំនាន់បារាំង ទៅផ្លូវជាតិលេខ៤ សង់ដោយជំនួយសហរដ្ឋអាមេរិក ជា «មហាវិថី ស៊ី ជីនពីង»។ លោកថា ការប្រសិទ្ធិនាមនេះ មានអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។
ប្រភពដដែលបានឱ្យដឹងថា កំណាត់ផ្លូវនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៣ លេខ២ សង់ជំនាន់បារាំង លេខ៤ សង់ដោយសហរដ្ឋអាមេរិក និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ សង់ជំនាន់បារាំង ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤+៨៤០ ស្ថិតក្នុងភូមិស្ដៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានាធិបតីចិន ដែលលោកតែងតែរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រសិទ្ធិនាម «មហាវិថី ស៊ី ជីនពីង» ដើម្បីរួមបង្ហាញភាពល្អឥតខ្ចោះបន្ថែមទៀតជាមួយនឹង «មហាវិថី ម៉ៅ សេទុង» អតីតប្រធានាធិបតីចិន ដែលមានស្រាប់ក្នុងរាជធានីភ្នំពេញ និងបង្ហាញពីមរតកប្រវត្តិសាស្ត្រសម្រាប់ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិន បាននិយាយថា ការដាក់ឈ្មោះផ្លូវនេះឆ្លុះបញ្ចាំងពីការថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ការរួមចំណែករបស់ប្រធានាធិបតីចិន ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឈ្មោះដែលដាក់ឱ្យដោយរដ្ឋាភិបាលកម្ពុជានេះ គឺបំពេញបន្ថែមទៀតទៅលើមហាវិថី ម៉ៅ សេទុង ដែលមានស្រាប់។ នេះជាការបង្ហាញពីភាពល្អឥតខ្ចោះនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានប្រាប់សារព័ត៌មានក្នុងស្រុកថា មហាវិថីសំខាន់ៗជាច្រើននៅរាជធានីភ្នំពេញ បានដាក់ឈ្មោះឥស្សរជនដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ដូចជា ផ្លូវ ម៉ៅ សេទុង ផ្លូវ គីម អ៊ីលស៊ុង និងមានផ្លូវផ្សេងៗទៀត។
អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា បើជាលុយជំនួយឥតសំណង ការដាក់ឈ្មោះមានភាពសមរម្យ ប៉ុន្តែបើមិនមែនជាលុយរបស់លោក ស៊ី ជីនពីង ហើយជាលុយខ្ចីបុល នោះវាកាន់តែវែងឆ្ងាយទៅទៀត។
កាលពីឆ្នាំ១៩៦៥ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានប្រោសព្រះរាជទានប្រសិទ្ធិនាមមហាវិថី ម៉ៅ សេទុង។ ប្រទេសកម្ពុជាក៏បានយកឈ្មោះមេដឹកនាំប្រទេសផ្សេងៗទៀតមកដាក់នៅលើផ្លូវមួយចំនួន ដូចជា វិថី ហ្សាលដឺហ្គូល វិថី គីម អ៊ីលស៊ុង វិថី ស៊ូកាណូ វិថី អាលីអាឡាតាស់។ល៕