35 C
Phnom Penh

អតីត​មន្ត្រី​អាដហុក​ថា ទឹកដី​ថៃ​លែង​ជា​ទី​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​នយោបាយ​ទៀត​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អះអាង​ថា សព្វថ្ងៃ​នេះ ទឹកដី​ថៃ មិន​អាច​ជា​ទី​ជម្រក​មាន​សុវត្ថិភាព​សម្រាប់​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ទៀត​ទេ ប៉ុន្តែ​សកម្មជន​ដែល​បាន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ក៏​មិន​ត្រូវ​បង្ក​ភាព​ស្មុគស្មាញ​ណា​មួយ​ដែល​បង្ក​ការ​លំបាក​ដល់​អង្គការ​ដែល​ជួយ​ពួកគេ​ដែរ មុន​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​ទី​៣។

លោក ស៊ឹង សែនករុណា ដែល​កំពុង​និរទេស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ទឹកដី​អូស្ត្រាលី បាន​លើកឡើង​កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ មិន​ត្រូវ​បង្ក​បញ្ហា​ណា​មួយ​ទេ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ជួយ​ពួកគេ​ឱ្យ​ចេញ​ទៅ​ប្រទេស​ទី​៣ ដោយ​សុវត្ថិភាព។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​ការ​ទទួលស្គាល់​ពី​អង្គការ​អន្តរជាតិ​នានា ក៏​ធ្លាប់​បាន​ផ្លាស់ប្ដូរ​ទីកន្លែង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​ជាច្រើន​កន្លែង​ដែរ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្រោយ​ទទួល​បាន​ការ​ណែនាំ​ពី​អង្គការ​ដែល​ទទួល​បន្ទុក​លើ​សុវត្ថិភាព​របស់​លោក មុន​នឹង​លោក​ទៅ​ដល់​ប្រទេស​អូស្ត្រាលី នៅ​ពេលនេះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា លោក​មិន​ចង់​ចាកចេញ​ពី​ទឹកដី​កំណើត​ទេ ប៉ុន្តែ​ដោយសារ​មាន​ការ​គំរាមកំហែង និង​ការ​ប្តឹងផ្តល់​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​បាន​ទាមទារ​ឱ្យ​លោក​បង់​លុយ​ប្រមាណ​ជា ៥​សែន​ដុល្លារ​អាមេរិក ដូច្នេះ​លោក​ពិត​ជា​គ្មាន​ជម្រើស​ណា​ល្អ ក្រៅពី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ទេ ដើម្បី​បន្ត​ឧត្តមគតិ​របស់​លោក។

អតីត​មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា មុន​នឹង​លោក​ចាកចេញ​ពី​ទឹកដី​កម្ពុជា លោក​ធ្លាប់​ត្រូវ​បាន​គេ​គំរាមកំហែង​តាម​ទូរសព្ទ និង​បញ្ចុះបញ្ចូល​គ្រប់​រូបភាព​ឱ្យ​សុំទោស​លោក ហ៊ុន សែន និង​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ទាំងស្រុង។

លោក ស៊ឹង សែនករុណា គូស​បញ្ជាក់​ថា លោក​មើល​ឃើញ​ថា លោក​មិន​អាច​កែប្រែ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​នៅ​ពេល​ដែល​លោក​ចុះចូល​ជាមួយ​ពួកគេ ព្រោះ​ថា​ជា​បទពិសោធន៍ ក៏​ធ្លាប់​មាន​អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​នាក់​ហើយ​ដែល​តែង​អះអាង​ថា ចុះចូល​ជាមួយ​រដ្ឋាភិបាល​ដើម្បី​កែប្រែ​ការ​ដឹកនាំ ប៉ុន្តែ​ជា​លទ្ធផល គឺ​បរាជ័យ​ទាំងអស់ ហើយ​ពួកគេ​ក៏​នៅតែ​បន្ត​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ដដែល​ដែរ​សព្វថ្ងៃ​នេះ។

លោក ស៊ឹង សែនករុណា គឺជា​អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​បាន​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​បង្ក​ចលាចល និង​ញុះញង់​ឲ្យ​មាន​ការ​ស្អប់ និង​រើសអើង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការ​ទាមទារ​សំណង ២​ពាន់​លាន​រៀល (ប្រមាណ ៥០​ម៉ឺន​ដុល្លារ) កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ។

ក្រោយ​រង​នូវ​ការ​ប្តឹងផ្តល់​នេះ លោក ស៊ឹង សែនករុណា បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ថៃ មួយ​រយៈ ដើម្បី​រង់ចាំ​បន្ត​ទៅ​រស់នៅ​ប្រទេស​ទី​៣ ប៉ុន្តែ​អំឡុង​ពេល​រស់នៅ​ក្នុង​ទឹកដី​ថៃ ក្នុង​នាម​ជា​ជនភៀសខ្លួន លោក​បាន​សង្កេត​ឃើញ​ថា ទឹកដី​ថៃ មិន​អាច​ជា​ទី​ជម្រក​ដែល​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ឡើយ។

ជាង​នេះ​ទៀត លោក​ក៏​សង្កេត​ឃើញ​ទៀត​ថា មាន​ជនភៀសខ្លួន​ខ្លះ​បាន​បង្ក​បញ្ហា​ដោយ​ខ្លួនឯង​រហូត​មាន​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ថៃ ដែល​ជា​ហេតុ​បង្ក​ការ​ស្មុគស្មាញ​ដល់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ដែល​មាន​បំណង​ធានា​ពួកគេ​ឱ្យ​ទៅ​រស់នៅ​ប្រទេស​ទី​៣ យ៉ាង​ខ្លាំង ដូច្នេះ​ជនភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​ទោះបីជា​ពួកគេ​បាន​ទៅ​ដល់​ទឹកដី​ថៃ ហើយ​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២៤ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ដោយ​បញ្ជាក់​ថា “Swap Mart” ឬ ផ្សារ​ជួញដូរ​ក្នុង​ប្រទេស​ថៃ កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដូចជា​មកពី​ប្រទេស​កម្ពុជា ជាដើម។

ជុំវិញ​បញ្ហា​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អ្នកស្រី Elaine Pearson លើកឡើង​ថា «អាជ្ញាធរ​ថៃ បាន​បង្កើន​ការ​ចូលរួម​នៅ​ក្នុង ផ្សារ​ជួញដូរ ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដើម្បី​ផ្លាស់ប្ដូរ​អ្នក​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​ដោយ​ខុស​ច្បាប់» ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។

“Swap mart” ឬ ផ្សារ​ជួញដូរ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​រដ្ឋាភិបាល​យោធា​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​របស់​ប្រទេស​ថៃ ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៤ និង​បាន​បន្ត​ប្រើប្រាស់​ក្រោម​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់អូរចា ចាប់ពី​ឆ្នាំ​២០១៩ មក។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា គិត​ត្រឹម​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ៧​នាក់​ហើយ​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​ឃុំ​ខ្លួន​នោះ ដូចជា កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និង​សាច់ញាតិ​របស់​កញ្ញា ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​ទោះ​ពួកគេ​មាន​បណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​នាម​ជនភៀសខ្លួន​ដែល​ចេញ​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ហើយ​ក៏ដោយ ក៏​មក​ទល់​នឹង​ពេលនេះ ពួកគេ​មិន​ត្រូវ​បាន​ដោះលែង និង​អនុញ្ញាត​ឱ្យ​ជួប​អង្គការ​នានា​ដែល​ទទួល​បន្ទុក​សិទ្ធិ​ជនភៀសខ្លួន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស