28 C
Phnom Penh

ក្រុង​ប៉េកាំង​ទំនង​មិន​ចូលរួម​សន្និសីទ​ពិភពលោក​ស្ដីពី​សន្តិភាព​នៅ​អ៊ុយក្រែន ក្រោម​ហេតុផល​ថា​ខ្លួន​អព្យាក្រឹត្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សន្និសីទ​ពិភពលោក​ស្ដីពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​មហាអំណាច​រុស្ស៊ី នឹង​កំណត់​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស ចាប់ពី​ថ្ងៃទី​១៥-១៦ ខែ​មិថុនា។ គេ​រំពឹង​ថា​មាន​ជាង ១០០​ប្រទេស​នឹង​បញ្ជូន​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​មក​ចូលរួម។

ប្រទេស​ស្វីស ជា​អ្នក​ទទួល​បន្ទុក​រៀបចំ​សន្និសីទ​អន្តរជាតិ​នេះ ដែល​សហការ​ជាមួយ​ប្រទេស​អ៊ុយក្រែន។ តាម​សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋាភិបាល​ស្វីស បាន​ត្រៀម​លិខិត​អញ្ជើញ​ដល់​ទៅ ១៦០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ដែល​ក្នុង​នោះ​មាន​ប្រធានាធិបតី​ប្រទេស​ចិន ផង​ដែរ តែ​ពុំ​មាន​ការ​អញ្ជើញ​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី នោះ​ទេ។

លោក ពូទីន ត្រូវ​គេ​ចាត់ទុក​ជា​ដើមហេតុ​នៃ​ការ​ធ្វើ​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ព្រោះតែ​បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង រូប​នេះ​ជា​អ្នក​ចេញ​បញ្ជា​ឱ្យ​លើក​ទ័ព​រុស្ស៊ី រាប់​ម៉ឺន​សែន​នាក់ វាយលុក​ចូល​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​មក​ដល់​ពេលនេះ។

យ៉ាងណា ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក ពូទីន ទើប​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃទី​១៦ ឧសភា ដែល​លោក ពូទីន ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង។

គេ​មិន​អាច​ដឹង​ថា​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​ជំនួប​កំពូល​របស់​មេដឹកនាំ​មហាអំណាច​ទាំង​ពីរ​រូប​នេះ​ទេ តែ​គេ​អាច​ដឹង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ពួកគាត់ ដែល​សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ដំឡើង​សំឡេង​រួម​គ្នា​ទប់ទល់​នឹង​ពួក​បស្ចិម​ប្រទេស ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក។

សន្និសីទ​អន្តរជាតិ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ស្វីស នេះ ពិត​ណាស់​នឹង​ក្លាយ​ជា​វេទិកា​ប្រមូលផ្ដុំ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ប្រទេស​ដែល​ថ្កោលទោស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ ដូច្នេះ ប្រទេស​ដែល​ជា​សម្ពន្ធភាព​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី អាច​នឹង​មិន​ចាត់តាំង​ប្រតិភូ​មក​ចូលរួម​នោះ​ទេ។ បើ​បញ្ជូន​ប្រតិភូ​មក​ចូលរួម គឺ​គ្រាន់តែ​បង្គ្រប់​កិច្ច​តាម​សេចក្ដី​អញ្ជើញ​របស់​ប្រទេស​ស្វីស ប៉ុណ្ណោះ។

នៅ​ថ្ងៃទី​៣១ ឧសភា នេះ ក្រុង​ប៉េកាំង ចាប់ផ្ដើម​បង្ហាញ​ជំហរ​របស់​ខ្លួន​ហើយ ដែល​ថា​ខ្លួន​ចង់​នៅ​អព្យាក្រឹត្យ មិន​ចង់​ចូលរួម​សន្និសីទ​អន្តរជាតិ​នេះ​ទេ។ ក្រុង​ប៉េកាំង ពោល​ពាក្យ​ថា «លំបាក» ចូលរួម។

សារព័ត៌មាន​ប្រទេស​សិង្ហបុរី The Straits Times លើកឡើង​ថា ចិន​តាំងខ្លួន​ជា​អ្នក​អព្យាក្រឹត្យ តែ​មិន​ព្រម​ថ្កោលទោស​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ហើយ​កាន់តែ​ធ្វើ​ខ្លួន​កាន់តែ​ស្និទ្ធ​នឹង​រុស្ស៊ី ទាំង​សេដ្ឋកិច្ច និង​យោធា។

នៅ​ថ្ងៃទី​៣១ ឧសភា ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky នៅតែ​បន្ត​ស្នើសុំ​លោក ស៊ី ជីនពីង មក​ចូលរួម​សន្និសីទ​នេះ ដោយ​ចាត់ទុក​ថា​វា​មាន​តម្លៃ​ជា​ខ្លាំង​សម្រាប់​ចិន ដែល​បង្ហាញ​ជំហរ​ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ទីក្រុង​ប៉េកាំង បាន​លើកឡើង​ថា សន្និសីទ​នេះ​គួរតែ​មាន​វត្តមាន​តំណាង​ប្រទេស​រុស្ស៊ី និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ នេះ​បើ​យោង​តាម​អ្នកស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន។

តែ​ការពិត ទីក្រុង​មូស្គូ បាន​ទាត់​ចោល​ទៅ​ហើយ​ដោយ​មិន​ទទួលស្គាល់​វេទិកា​សន្និសីទ​អន្តរជាតិ​នេះ​ទេ។ ក្រុង​មូស្គូ បាន​ហៅ​លទ្ធផល​ដែល​ចេញពី​សន្និសីទ​នេះ គឺ​ស្មើ​នឹង​សូន្យ។

តែ​ផ្ទុយទៅវិញ ក្រុង​មូស្គូ បែរ​ជា​ស្នើ​ទៅ​ក្រុង​ប៉េកាំង ជួយ​ចុង​ផ្ដើម​ឱ្យ​មាន​វេទិកា​អន្តរជាតិ​ធំ​មួយ​និយាយ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុស្ស៊ី RIA រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​លើកឡើង​ថា ចិន​អាច​ជួយ​រៀបចំ​សន្និសីទ​សន្តិភាព​មួយ​ដែល​ទាំង​រុស្ស៊ី និង​អ៊ុយក្រែន នឹង​ចូលរួម។ លោក Lavrov បាន​បន្ត​ថា វា​អាច​ជា​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​ប៉េកាំង ដែល​សំដៅ​ជួយ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​បន្ត​ថា៖ មាន​ការ​យល់​ឃើញ​ដូច​គ្នា​ចំពោះ​ជំហរ​របស់​ចិន ដែល​ថា​ដើមចម​នៃ​បញ្ហា​ជម្លោះ ចាំបាច់​ត្រូវតែ​ដោះស្រាយ​ក្នុង​ជំហាន​ដំបូង​បំផុត គឺ​ស្រប​តាម​ភាគី​ទាំង​ពីរ ដែល​ត្រូវតែ​ទទួល​បាន​ការ​ការពារ​តាមរយៈ​ការ​បង្កើត​កិច្ចព្រមព្រៀង ដោយ​ឈរ​លើ​គោលការណ៍​នៃ​សមភាព និង​សន្តិសុខ​ដោយ​មិន​អាច​បែងចែក​ដាច់​ពី​គ្នា​បាន​ឡើយ។

ក្រុង​មូស្គូ តែងតែ​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​គ្នា ប៉ុន្តែ​បាន​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ​គាប​សង្កត់​ទីក្រុង​គៀវ និង​ក្រុម​ប្រទេស​លោក​ខាងលិច ត្រូវតែ​ទទួលស្គាល់​តំបន់​ទាំងឡាយ​ណា​ដែល​កងទ័ព​រុស្ស៊ី កំពុង​កាន់កាប់​នៅ​អ៊ុយក្រែន ក៏ប៉ុន្តែ​ទីក្រុង​គៀវ បាន​ច្រានចោល ហើយ​ពោល​ពាក្យ​ចំអក​វិញ​ថា អ៊ុយក្រែន គ្មាន​ដី​ទំនេរ​សម្រាប់​ច្រៀក​ទឹកដី​របស់​ខ្លួន​ទៅ​ឱ្យ​អ្នក​ឈ្លានពាន​នោះ​ទេ។

កាលពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​បង្ហើប​អំពី​ការ​ចង់​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ​ជួរមុខ តែ​លោក ពូទីន បង្ហាញ​ជំហរ​ដូចនេះ​ខណៈ​លោក​បញ្ជា​ឱ្យ​ទ័ព​នុយក្លេអ៊ែរ ធ្វើ​សមយុទ្ធ​ដោយ​អូស​ក្បាលគ្រាប់​នុយក្លេអ៊ែរ​តាក់ទិក មក​សម្ញែង​គំរាម​ទាំង​អ៊ុយក្រែន និង​បស្ចិម​ប្រទេស។

យ៉ាងណា សហរដ្ឋ​អាមេរិក និង​សម្ពន្ធភាព មិន​បាន​ពោល​ពាក្យ​ចុះចាញ់​ចំពោះ​ការ​គំរាម​របស់​រុស្ស៊ី ម្ដង​ណា​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស