28 C
Phnom Penh

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅ​លើ​ពួកគេ​និង​ផ្ដល់​ភាព​ស្អាតស្អំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅ​លើ​ពួកគេ និង​ផ្តល់​ភាព​ស្អាតស្អំ​ដល់​ខ្លួន​វិញ ចំពោះ​សវនាការ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ពេញ ១​ថ្ងៃ​នៅ​ថ្ងៃ​ពុធ​នេះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មិថុនា នេះ​ថា រាល់​សកម្មភាព​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំងអស់ មិន​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បំផ្លាញ​ជាតិ ឬ​មាន​ចេតនា​បំពាន​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​សកម្មភាព​ស្រប​តាម​ច្បាប់ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ប៉ុណ្ណោះ។

លោក ថុន រដ្ឋា លើកឡើង​ថា ការ​ការពារ​បរិស្ថាន​គឺជា​ការងារ​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ស្រឡាញ់ និង​ជា​ចំណែក​ដ៏​តូច​មួយ​ដើម្បី​ថែរក្សា​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​តែប៉ុណ្ណោះ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​បទ​ចោទប្រកាន់​ដើម្បី​សង​ភាព​ស្អាតស្អំ​ជូន​ពួកគេ​វិញ ចំពោះ​ការ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ» លើ​សកម្មភាព​ចូលរួម​ការពារ​បរិស្ថាន​របស់​ពួកគេ​កន្លង​មក​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ ប្រកាស​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​ពុធ ទី​៥ មិថុនា។

កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​យក​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់ ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា នេះ។

សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់ អាច​ប្រឈមមុខ​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១០​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ពិត​មែន​នោះ។

សកម្មជន​បរិស្ថាន​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់ រួម​មាន​លោក យឹម លាងហ៊ី, អ្នកនាង ស៊ុន រដ្ឋា និង​លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson)។

ចំណែក​សកម្មជន​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី, លោក លី ចាន់ដារ៉ាវុត, លោក ម៉ិញ ពិសិដ្ឋ, កញ្ញា រ៉ី រក្សា និង​លោក ពក ខើយ បាន​រង​បទ​ចោទ​រួម​គំនិត​ក្បត់។

សកម្មជន​បរិស្ថាន​ទាំងនេះ ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១៤​ខែ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​អំឡុង​ពេល​ជាប់​ឃុំ ពួកគេ​ក៏​រង​នូវ​បទ​ចោទ រួម​គំនិត​ក្បត់ បន្ថែម​មួយ​បទល្មើស​ទៀត។

ដោយឡែក​លោក អាឡិច ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់​ដោយ​កំបាំង​មុខ បន្ទាប់ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៥ កន្លង​ទៅ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ គឺជា​ក្រុម​យុវជន​ដែល​សកម្ម​ខាង​ការពារ​បរិស្ថាន​នៅ​កម្ពុជា ក៏​ធ្លាប់​ពុះពារ​តស៊ូ​មតិ​យ៉ាង​ប្តូរផ្តាច់​ប្រឆាំង​ទៅ​នឹង​ការ​លុប​បឹង​ក្នុង​រាជធានី​ភ្នំពេញ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នានា។

ដោយសារ​សកម្មភាព​ទាំងនេះ ពួកគេ​ក៏​បាន​ទទួល​ពានរង្វាន់​អន្តរជាតិ Right Livelihood ឆ្នាំ​២០២៣ សម្រាប់​ការ​លើក​ទឹកចិត្ត​កាលពី​ពេល​កន្លង​ទៅ​ផង​ដែរ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

យ៉ាងណា​ក៏ដោយ ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៤ មិថុនា នេះ​ថា លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ដែល​រៀបចំ​ដោយ​សមាជ​សេរីភាព​ពិភពលោក World Liberty Congress (WLC) នៅ​លើ​វេទិកា​សេរីភាព​ទីក្រុង​អូស្លូ កាលពី​ពេល​ថ្មីៗ​នេះ។

លោក សម រង្ស៊ី លើកឡើង​ថា លោក​បាន​និយាយ​ទៅ​កាន់​អ្នក​ចូលរួម​មកពី​ជុំវិញ​ពិភពលោក​ជាច្រើន​អំពី​ស្ថានភាព​ធ្លាក់​ចុះ​ដ៏​ធ្ងន់ធ្ងរ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជិះជាន់ និង​សម្លាប់​សិទ្ធិ​ជា​មូលដ្ឋាន និង​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ។

លោក​បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ការ​អន្តរាគមន៍​ជាបន្ទាន់​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ការពារ និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ និង​ការ​ការពារ​សេរីភាព​របស់​ពលរដ្ឋ។

លោក​បន្ថែម​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ក៏​ត្រូវ​តែ​រួបរួម​គ្នា​ក្នុង​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ចេញពី​របប​អំណាច​ផ្ដាច់ការ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក Phil Robertson បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​បញ្ជាក់​ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ផង ត្រូវ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស