សកម្មជនចលនាមាតាធម្មជាតិ អំពាវនាវឱ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ និងផ្តល់ភាពស្អាតស្អំដល់ខ្លួនវិញ ចំពោះសវនាការដែលនឹងត្រូវធ្វើឡើងពេញ ១ថ្ងៃនៅថ្ងៃពុធនេះ។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ មិថុនា នេះថា រាល់សកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិទាំងអស់ មិនបានធ្វើឡើងក្នុងបំណងបំផ្លាញជាតិ ឬមានចេតនាបំពានច្បាប់នោះទេ ប៉ុន្តែជាសកម្មភាពស្របតាមច្បាប់ ដើម្បីការពារធនធានធម្មជាតិរបស់កម្ពុជាប៉ុណ្ណោះ។
លោក ថុន រដ្ឋា លើកឡើងថា ការការពារបរិស្ថានគឺជាការងារដែលសកម្មជនចលនាមាតាធម្មជាតិស្រឡាញ់ និងជាចំណែកដ៏តូចមួយដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិរបស់កម្ពុជាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប និងសម្រាប់មនុស្សជំនាន់ក្រោយតែប៉ុណ្ណោះ។
សកម្មជនចលនាមាតាធម្មជាតិរូបនេះសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់ដើម្បីសងភាពស្អាតស្អំជូនពួកគេវិញ ចំពោះការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ» លើសកម្មភាពចូលរួមការពារបរិស្ថានរបស់ពួកគេកន្លងមកនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ ប្រកាសបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃពុធ ទី៥ មិថុនា។
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកយកសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ទៅបើកសវនាការនៅថ្ងៃទី៥ ខែមិថុនា នេះ។
សំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ អាចប្រឈមមុខនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១០ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាពពិតមែននោះ។
សកម្មជនបរិស្ថានដែលរងនូវការចោទប្រកាន់ពីបទ ប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់ រួមមានលោក យឹម លាងហ៊ី, អ្នកនាង ស៊ុន រដ្ឋា និងលោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson)។
ចំណែកសកម្មជនមួយចំនួនផ្សេងទៀត ដូចជា លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី, លោក លី ចាន់ដារ៉ាវុត, លោក ម៉ិញ ពិសិដ្ឋ, កញ្ញា រ៉ី រក្សា និងលោក ពក ខើយ បានរងបទចោទរួមគំនិតក្បត់។
សកម្មជនបរិស្ថានទាំងនេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង ១៤ខែម្តងរួចមកហើយ ប៉ុន្តែអំឡុងពេលជាប់ឃុំ ពួកគេក៏រងនូវបទចោទ រួមគំនិតក្បត់ បន្ថែមមួយបទល្មើសទៀត។
ដោយឡែកលោក អាឡិច ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ដោយកំបាំងមុខ បន្ទាប់ពីលោកត្រូវបានអាជ្ញាធរខ្មែរបណ្តេញចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ កន្លងទៅ។
ក្រុមយុវជនចលនាមាតាធម្មជាតិ គឺជាក្រុមយុវជនដែលសកម្មខាងការពារបរិស្ថាននៅកម្ពុជា ក៏ធ្លាប់ពុះពារតស៊ូមតិយ៉ាងប្តូរផ្តាច់ប្រឆាំងទៅនឹងការលុបបឹងក្នុងរាជធានីភ្នំពេញ ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនានា។
ដោយសារសកម្មភាពទាំងនេះ ពួកគេក៏បានទទួលពានរង្វាន់អន្តរជាតិ Right Livelihood ឆ្នាំ២០២៣ សម្រាប់ការលើកទឹកចិត្តកាលពីពេលកន្លងទៅផងដែរ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
យ៉ាងណាក៏ដោយ ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា កំពុងអនុវត្តផ្ទុយពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញដែលបានចែងពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ មិថុនា នេះថា លោកបានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិមួយដែលរៀបចំដោយសមាជសេរីភាពពិភពលោក World Liberty Congress (WLC) នៅលើវេទិកាសេរីភាពទីក្រុងអូស្លូ កាលពីពេលថ្មីៗនេះ។
លោក សម រង្ស៊ី លើកឡើងថា លោកបាននិយាយទៅកាន់អ្នកចូលរួមមកពីជុំវិញពិភពលោកជាច្រើនអំពីស្ថានភាពធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជិះជាន់ និងសម្លាប់សិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់ពលរដ្ឋខ្មែរសព្វថ្ងៃនេះ។
លោកបញ្ជាក់ថា កម្ពុជាត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ ដើម្បីការពារ និងពង្រឹងស្ថាប័នប្រជាធិបតេយ្យ និងការការពារសេរីភាពរបស់ពលរដ្ឋ។
លោកបន្ថែមថា សម្រាប់ពលរដ្ឋខ្មែរគ្រប់រូបក៏ត្រូវតែរួបរួមគ្នាក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបអំណាចផ្ដាច់ការដែរ។
ទាក់ទិននឹងបញ្ហានេះ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Phil Robertson បានលើកឡើងកាលពីពេលថ្មីៗនេះថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ រួមទាំងសេរីភាពសារព័ត៌មានផង ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕