27 C
Phnom Penh

លោក ចូ បៃដិន អំពាវនាវ​ឱ្យ​មាន​កម្លាំង​រួម​គ្នា​ការពារ​សេរីភាព​និង​ប្រជាធិបតេយ្យ​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃទី​៦ មិថុនា ជា​ខួប ៨០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​រំដោះ​ប្រទេស​បារាំង ពី​កងទ័ព​ណាហ្ស៊ី-អាល្លឺម៉ង់។ រដ្ឋាភិបាល​បារាំង រៀបចំ​ព្រឹត្តិការណ៍​វាយ​បំបែក​បន្ទាយ​ណាហ្ស៊ី-អាល្លឺម៉ង់ នៅ​ខេត្ត​ណរម៉ង់ឌី ដែល​ត្រូវ​ចាត់ទុក​ថា​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ នាំ​ទៅ​រក​ការ​ផ្តួល​រំលំ​របប​ណាហ្ស៊ី ហើយ​ឈាន​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

ក្នុង​ព្រឹត្តិការណ៍​នេះ ប្រធានាធិបតី​បារាំង បាន​អញ្ជើញ​មេដឹកនាំ​ពិភពលោក​ចូលរួម មាន​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ផង​ដែរ។ ប៉ុន្តែ​លើក​នេះ មិន​មាន​វត្តមាន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះ​ទេ ព្រោះតែ​លោក Emmanuel Macron មិន​បាន​សរសេរ​លិខិត​អញ្ជើញ។

ការ​រំលឹក​ទិវា D-Day ក្នុង​សង្គ្រាម​លោក​លើក​ទី​២ គឺ​កងកម្លាំង​សម្ពន្ធមិត្ត​បាន​វាយ​ដណ្ដើម​បាន​បន្ទាយ​របស់​កងទ័ព​ណាហ្ស៊ី-អាល្លឺម៉ង់ នៅ​ខេត្ត​ណរម៉ង់ឌី។ កងទ័ព​ចម្រុះ​ច្រើន​ជាតិ​សាសន៍ មាន​កងទ័ព​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី បែលហ្ស៊ិក ដាណឺម៉ាក ហុឡង់ដ៍ ន័រវែស ប៉ូឡូញ និង​ប្រទេស​ជាច្រើន​ទៀត។ កងទ័ព​មកពី​ប្រទេស​ទាំងនោះ ប្រយុទ្ធ​កៀក​ស្មា​គ្នា​ដើម្បី​ឧត្ដមគតិ​រួម គឺ​ប្រយុទ្ធ​ដើម្បី​សេរីភាព។

ក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ​ដែល​លោក ចូ បៃដិន ថ្លែង​សច្ចា​ថា សហរដ្ឋ​អាមេរិក និង​អង្គការ​ណាតូ ប្ដេជ្ញា​មិន​បោះបង់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​អ៊ុយក្រែន ដែល​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី។

នៅ​ក្នុង​បរិវេណ​នៃ​បូជនីយដ្ឋាន​បញ្ចុះ​សព​យុទ្ធជន​សម្ពន្ធមិត្ត​ដែល​បាន​ពលី​ជីវិត លោក បៃដិន បាន​ថ្លែង​ថា៖ សម្ពន្ធមិត្ត​នឹង​មិន​ដើរ​ចេញពី​ការ​ការពារ​អ៊ុយក្រែន ហើយ​ក៏​មិន​ចុះចាញ់​អ្នក​ឈ្លានពាន​ដាច់ខាត។

លោក បៃដិន រំលឹក​ថា អ៊ុយក្រែន ត្រូវ​បាន​រំលោភ​ឈ្លានពាន​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដែល​លោក​ហៅថា​ជា​ជន​ផ្ដាច់ការ​មាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ប្រទេស​ជិតខាង។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​រូប​នេះ​កត់សម្គាល់​ថា ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ជាច្រើន​នៅ​ពេលនេះ កំពុង​ស្ថិត​ក្នុង​ហានិភ័យ​កាន់តែ​ខ្លាំង​ចាប់តាំងពី​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

តែ​លោក បៃដិន ព្រមាន​ថា៖ សូម​កុំ​យល់​ច្រឡំ​ឱ្យ​សោះ​ថា សម្ពន្ធមិត្ត​ឱន​ក្បាល​ចុះចាញ់​ជន​ផ្ដាច់ការ គឺ​មិន​មាន​ឡើយ។ ផ្ទុយទៅវិញ សម្ពន្ធមិត្ត​ក្នុង​អឺរ៉ុប​កាន់តែ​រឹងមាំ​រួម​គ្នា​ប្រឆាំង​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ។

ជាមួយ​គ្នា​នេះ លោក បៃដិន បាន​ហៅ​ទិវា D-Day ថា​ជា​ការ​បង្ហាញ​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​ក្រុម​សម្ពន្ធមិត្ត​នៅ​គ្រា​នោះ​បាន​រំលឹក​ឱ្យ​ពិភពលោក​ត្រូវតែ​រឹងមាំ​កាន់តែ​ខ្លាំង​ឡើង ប្រឆាំង​អ្នក​ឈ្លានពាន​សេរីភាព​របស់​ប្រទេស​អធិបតេយ្យ​ប្រជាធិបតេយ្យ។ ទិវា D-Day វា​ជា​មេរៀន​មួយ​ដែល​ជនជាតិ​អាមេរិក​មិន​ដែល​ភ្លេច​ឡើយ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​សម្ដែង​គារវកិច្ច​គោរព​ចំពោះ​ក្រុម​ទាហាន​ជើងចាស់​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ដែល​បាន​ចូលរួម​ក្នុង​ទិវា D-Day ដែល​ពួកគាត់​មាន​អាយុ​ជាង ១០០​ឆ្នាំ​ទៅ​ហើយ។

ជាមួយ​គ្នា​នេះ ព្រះមហាក្សត្រ Charles នៃ​ចក្រភព​អង់គ្លេស ដែល​មាន​ឯកសណ្ឋាន​កងទ័ព ក៏​បាន​ឡើង​ថ្លែង​ទទូច​ឱ្យ​មាន​កិច្ច​សាមគ្គី​គ្នា​ជា​អន្តរជាតិ​ដ៏​ធំ​ប្រយុទ្ធ​ដើម្បី​សន្តិភាព។ ព្រះអង្គម្ចាស់ Charles មាន​បន្ទូល​ទាំង​ភាសា​អង់គ្លេស និង​ភាសា​បារាំង ថា «យើង​ងើប​ឡើង​កៀក​ស្មា​គ្នា ប្រឆាំង​ប្រព័ន្ធ​ផ្ដាច់ការ​ឃោរឃៅ»។

ក្នុង​វត្តមាន​ជា​ប្រវត្តិសាស្ត្រ ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) អធិការបតី​អាល្លឺម៉ង់ Olaf Scholz និង​មេដឹកនាំ​ជាច្រើន ក៏​បាន​ឱន​គោរព​ចំពោះ​ព្រលឹង​នៃ​វីរភាព​ទ័ព​សម្ពន្ធមិត្ត​ដែល​បាន​ពលី​ជីវិត ដើម្បី​សេរីភាព​នៃ​មនុស្ស​ជាតិ​ពិភពលោក ប៉ុន្តែ​ក៏​រំលឹក​ចំពោះ​យុទ្ធជន​អ៊ុយក្រែន ដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​ឈ្លានពាន​របស់​ទ័ព​រុស្ស៊ី បាន​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន មក​ទល់​ពេលនេះ។

នៅ​ពេល​ពិភពលោក​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​ទិវា D-Day ពី​ទីក្រុង​មូស្គូ លោក ពូទីន បាន​ព្រមាន​ប្រទេស​លោក​ខាងលិច​ថា កុំ​ស្មាន​ថា​រុស្ស៊ី មិន​ហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ បើ​ប្រទេស​រុស្ស៊ី ធ្លាក់​ក្នុង​ការ​ឈ្លានពាន គឺ​ត្រូវតែ​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។

បើ​តាម​លោក ពូទីន ក្រុម​បស្ចិម​ប្រទេស​កំពុងតែ​មើលស្រាល​ថា រុស្ស៊ី នឹង​មិន​ហ៊ាន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ គឺជា​ការ​ភាន់ច្រឡំ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស