27 C
Phnom Penh

ណាតូ៖ ប្រទេស​ហុងគ្រី ព្រម​បញ្ឈប់​ការ​បោះឆ្នោត​ជំទាស់​រឿង​ផ្ដល់​ជំនួយ​ឱ្យ​អ៊ុយក្រែន​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Jens Stoltenberg អគ្គលេខាធិការ​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់តិក​ខាងជើង ហៅ​កាត់​ថា ណាតូ (NATO) ឬ​សម្ព័ន្ធភាព​យោធា​ណាតូ បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​១២ មិថុនា នេះ​ថា រដ្ឋាភិបាល​នៃ​នាយករដ្ឋមន្ត្រី Viktor Orban ប្រទេស​ហុងគ្រី សម្រេច​ចិត្ត​ថា​លែង​ប្រើ​សិទ្ធិ​បោះឆ្នោត​ជំទាស់​ក្នុង​ការ​ផ្ដល់​ជំនួយ​យោធា​របស់​អង្គការ​ណាតូ ដែល​ត្រូវ​គាំទ្រ​អ៊ុយក្រែន ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

តែ​បើ​តាម​លោក​អគ្គលេខាធិការ​ណាតូ​រូប​នេះ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី Viktor Orban មិន​ចូលរួម​ផ្ដល់​មូលនិធិ​សម្រាប់​ជំនួយ​យោធា​ពី​ប្រទេស​ហុងគ្រី ទៅ​ឱ្យ​អ៊ុយក្រែន នោះ​ទេ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃទី​១២ មិថុនា នេះ។

អង្គការ​ណាតូ នឹង​បើក​កិច្ចប្រជុំ​កំពូល​ដែល​មាន​សមាជិក ៣២​ប្រទេស ត្រូវ​ធ្វើ​នៅ​ខែ​កក្កដា នា​ទីក្រុង​វ៉ាស៊ីនតុ​ន នា​ខែ​ក្រោយ​នេះ។ ក្នុង​ឱកាស​នោះ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន និង​សមភាគី​ណាតូ ត្រូវ​ស្នើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​អំពី​ការ​បង្កើត​កម្មវិធី​សន្តិសុខ​រយៈពេល​យូរ​ជាមួយ​ប្រទេស​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​ការ​បញ្ជាក់​ពី​ការ​ផ្ដល់​ជំនួយ​យោធា និង​ការ​ហ្វឹកហាត់​កងទ័ព​បម្រុង​នៃ​ប្រទេស​អ៊ុយក្រែន។ ប៉ុន្តែ​ប្រទេស​ហុងគ្រី នឹង​មិន​ចូលរួម​ការ​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ណា​របស់​ណាតូ ចំពោះ​ប្រទេស​អ៊ុយក្រែន នោះ​ទេ។

លោក Jens Stoltenberg បាន​បញ្ជាក់​ដូចនេះ​ពេល​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban។

តាម​លោក Stoltenberg រូបលោក និង​លោក Orban បាន​ព្រមព្រៀង​គ្នា​ដែល​ថា​ចំពោះ​ហុងគ្រី មិន​ចូលរួម​ជួយ​វិភាគទាន​ណា​មួយ​ទៅ​អ៊ុយក្រែន តាមរយៈ​ណាតូ ឬ​មិន​ជួយ​ផ្ទាល់​តែម្ដង គឺជា​រឿង​របស់​ប្រទេស​ហុងគ្រី តែ​ចំពោះ​សំឡេង​គាំទ្រ​ភាគច្រើន​ហើយ​នោះ គឺ​ហុងគ្រី ក៏​មិន​ប្រើ​សិទ្ធិ​វេតូ​ទៀត​ដែរ។

នៅ​ពេល​ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ហុងគ្រី សន្យា​លែង​ជំទាស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ឆ្ពោះ​ទៅ​រក​ប្រទេស​អ៊ុយក្រែន ព្រោះ​ថា​គឺ​ការ​ប្ដេជ្ញា​របស់​ប្រទេស​សមាជិក​ណាតូ។ នេះ​បើ​តាម លោក Stoltenberg។

តាម​លក្ខន្តិកៈ​នៃ​ធម្មនុញ្ញ​អង្គការ​ណាតូ ការ​សម្រេច​ណា​មួយ​អាច​ធ្វើ​បាន លុះត្រា​តែ​មាន​សំឡេង​ស្រុះ​គ្នា​ទាំង ៣២​ប្រទេស ហើយ​បើ​មាន​ប្រទេស​ណា​មួយ​វេតូ នឹង​ជាប់​គាំង​ការ​សម្រេច​ចិត្ត​របស់​ណាតូ​ទាំងស្រុង។

ហុងគ្រី ជា​ប្រទេស​ចុងក្រោយ​គេ​ដែល​សម្រេច​ឱ្យ​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ចូល​ជា​សមាជិក​ណាតូ ប៉ុន្តែ​ហុងគ្រី យល់ព្រម​ដូចនេះ​ក្រោយពី​មេដឹកនាំ​ណាតូ ដែល​មាន​ឥទ្ធិពល​ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ហុឡង់ដ៍ កាណាដា បែលហ្សិក ប៉ូឡូញ ព្រមាន​ខ្លាំងៗ ទើប​ប្រទេស​ហុងគ្រី ដូរ​ឥរិយាបថ ហើយ​គាំទ្រ​ឱ្យ​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ក្លាយ​ជា​សមាជិក​ថ្មី​ទី​៣១ និង​៣២ ក្នុង​អង្គការ​ណាតូ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា លោក Tamas Sulyok ប្រធានាធិបតី​នៃ​ប្រទេស​ហុងគ្រី មិន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល Bucharest Nine ដែល​ជា​ក្រុម​ប្រទេស​អឺរ៉ុប នៅ​ប៉ែក​ខាងកើត​នៃ​អង្គការ​ណាតូ ក្នុង​រដ្ឋធានី Riga នៅ​ប្រទេស​ឡាតវី នោះ​ទេ។

តាម​ក្រឹត្យក្រម​ទម្លាប់​នៃ​ក្រុម​ប្រទេស Bucharest Nine ប្រធានាធិបតី​នៃ​ប្រទេស​ប៊ុលហ្គារី សាធារណរដ្ឋ​ឆេក អេស្តូនី ហុងគ្រី ឡាតវី លីទុយអានី ប៉ូឡូញ រូម៉ានី និង​ស្លូវ៉ាគី តែងតែ​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​ប្រទេស​ទាំង ៩ នៅ​អឺរ៉ុប​ខាងកើត ហើយ​សុទ្ធសឹងតែ​ជា​សមាជិក​ណាតូ។ តែ​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Viktor Orban នៃ​ប្រទេស​ហុងគ្រី បាន​ចាត់​ឱ្យ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ឡាតវី ធ្វើ​ជា​អ្នក​តំណាង​ជំនួស​លោក​ប្រធានាធិបតី Tamas Sulyok។ ការិយាល័យ​ប្រធានាធិបតី បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹង​មិន​បញ្ចប់​ទៅ​ជាមួយ​នឹង​សេចក្តី​ថ្លែងការណ៍​រួម​រវាង​ប្រទេស​ទាំង ៩ នេះ​ដែរ។

ប៉ុន្តែ​អ្នក​នាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ឡាតវី លោក Edgars Rinkevics បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា សេចក្តី​ថ្លែងការណ៍​រួម នឹង​អាច​ចេញ​បាន ទោះជា​ប្រធានាធិបតី​ឡាតវី មិន​ចូលរួម​ក៏ដោយ គឺ​សេចក្តី​ថ្លែងការណ៍​មួយ​តាងនាម​ឱ្យ​ប្រទេស​រូម៉ានី និង​ប៉ូឡូញ ដែល​រួម​គ្នា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ។

ហុងគ្រី កំពុង​ស្ថិត​ក្នុង​ការ​ទាស់ទែង​គ្នា​ជុំវិញ​ការ​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី ដោយ​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ដែល​ក្រុម​ប្រឆាំង​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក Viktor Orban ឱ្យ​បញ្ឈប់​ការ​រាំង​ខ្ទប់​ការ​ផ្តល់​ជំនួយ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ហុងគ្រី ក្រោម​ការ​ដឹកនាំ​របស់​លោក Viktor Orban ព្យាយាម​ចង​សម្ព័ន្ធភាព​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី តាមរយៈ​ទំនាក់ទំនង​ទាំង​សម្ងាត់ ទាំង​បើក​ចំហ​ជួប​នឹង​លោក វ៉្លាឌីមៀ ពូទីន។

ឧទាហរណ៍​ជាក់ស្ដែង​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន កាលពី​ប៉ុន្មាន​ខែ​មក​នេះ ដែល​ក្នុង​វេទិកា​នេះ​ក៏​មាន​វត្តមាន​លោក ពូទីន ផង​ដែរ គឺ​ពេល​នោះ លោក Orban បាន​ជួប​ផ្ទាល់​នឹង​លោក ពូទីន ខណៈ​មេដឹកនាំ​អឺរ៉ុប​ដែល​ទៅ​ចូលរួម​វេទិកា​នោះ​ដែរ មិន​បាន​ណាត់​ជួប​លោក ពូទីន នោះ​ទេ។

ប្រទេស​ហុងគ្រី ដែល​មាន​លោក Viktor Orban ជា​នាយករដ្ឋមន្ត្រី នៅ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ហើយ​កាន់តែ​ធ្វើ​ឱ្យ​រឹងមាំ​ជាមួយ​ប្រទេស​ចិន ដែល​ក្រុម​បស្ចិម​ប្រទេស​កំពុង​ដាក់​ទម្ងន់​ទៅ​លើ​ក្រុង​ប៉េកាំង ឱ្យ​ឈប់​ជួយ​រុស្ស៊ី ជាពិសេស​ការ​ផ្ដល់​បច្ចេកទេស​យោធា​ទៅ​ឱ្យ​រុស្ស៊ី ទោះជា​ក្រុង​ប៉េកាំង អះអាង​ថា​វា​គឺជា​សិទ្ធិ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្រៅ​ប្រទេស​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស