27 C
Phnom Penh

អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ធ្វើការ​ខុស​ច្បាប់​ជិត ៤​ពាន់​នាក់ ដោយសារ​មិន​មាន​ឯកសារ​ត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ជិត ៤​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ត្រឹមតែ​រយៈពេល ១​សប្តាហ៍​កាលពី​ដើម​ខែ​មិថុនា នេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលករ​បរទេស​ខុស​ច្បាប់ ១២០​ថ្ងៃ​របស់​រដ្ឋាភិបាល​ថៃ ដោយសារតែ​ពលករ​ខ្មែរ​ទាំងនោះ​មិន​មាន​ឯកសារ​ត្រឹមត្រូវ។

យោង​តាម​កាសែត The Nation របស់​ថៃ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា នាយកដ្ឋាន​ការងារ​ថៃ បាន​ប្រកាស​ថា ពលករ​បរទេស​ដែល​ចូល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២៦០០០​នាក់) ដែល​មកពី​ប្រទេស​ភូមា ឡាវ កម្ពុជា និង​វៀតណាម ខណៈ​ពលករ​ខុស​ច្បាប់​កម្ពុជា គឺ​មាន​ចំនួន ៣៩៧១​នាក់​ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលករ​បរទេស​ខុស​ច្បាប់​រយៈពេល ១២០​ថ្ងៃ​របស់​រដ្ឋាភិបាល​ថៃ អាជ្ញាធរ​បាន​ត្រួតពិនិត្យ​តាម​រោងចក្រ កន្លែង​ធ្វើការ និង​កន្លែង​ការងារ​នានា​ជិត ២​ពាន់​កន្លែង (១៧៧៤​កន្លែង) នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ។

កាសែត The Nation បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ខុស​ច្បាប់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនោះ ពលករ​បរទេស​ចំនួន ២៤០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ កាត់ទោស ក្នុង​នោះ​ពលករ ១៩០​នាក់​មកពី​ប្រទេស​ភូមា ពលករ ៣៨​នាក់​មកពី​ប្រទេស​ឡាវ ពលករ ៨​នាក់​មកពី​កម្ពុជា និង ៤​នាក់​ទៀត​មកពី​ប្រទេស​ផ្សេងៗ ខណៈ​កម្មករ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដទៃ​ទៀត ត្រូវ​ទទួល​ទោស​ទណ្ឌ​ផ្សេងៗ រួម​ទាំង​ការ​ផាក​ពិន័យ និង​ការ​និរទេស​ទៅ​ប្រទេស​កំណើត​វិញ​ផង​ដែរ។

ច្បាប់​ការងារ​ប្រទេស​ថៃ ចែង​ថា ពលករ​ចំណាកស្រុក​ណា​ដែល​ធ្វើការ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ឬ​ធ្វើ​អាជីវកម្ម​ណា​ដែល​គ្មាន​ការ​អនុញ្ញាត អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥​ពាន់​បាត​ទៅ​ដល់ ៥​ម៉ឺន​បាត ព្រមទាំង​ហាម​ធ្វើការ​នៅ​ប្រទេស​ថៃ រយៈពេល ២​ឆ្នាំ និង​និរទេស​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ថែម​ទៀត។

លើស​ពី​នេះ ប្រសិនបើ​ពលករ​ខុស​ច្បាប់​ទាំងនោះ​មិន​អាច​បង់​ប្រាក់​ពិន័យ​ទេ ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ប៉ុន្តែ​អំឡុង​ពេល​ដែល​ពួកគេ​ត្រូវ​បាន​និរទេស ស្រាប់តែ​ពលករ​ទាំងនោះ​វិល​ចូល​ទៅ​ប្រទេស​ថៃ វិញ ពួកគេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ដដែល។

ទាក់ទិន​នឹង​បញ្ហា​នេះ របាយការណ៍​របស់​អង្គការ​សង់ត្រាល់ បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣ ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ចំនួន​ជាង ២​លាន​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​ប្រមាណ ១​លាន​នាក់​ដែល​មិន​មាន​ឯកសារ​ស្រប​ច្បាប់ កំពុង​ប្រឈម​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​ថៃ។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ជាង ១​លាន​នាក់​ដែល​មិន​មាន​ឯកសារ​ផ្លូវច្បាប់ ដោយសារតែ​មួយ​ចំនួន​ចូល​ទៅ​ទឹកដី​ថៃ ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​មួយ​ចំនួន​ទៀត ឯកសារ​ផ្លូវច្បាប់​របស់​ពួកគេ​ផុត​កំណត់​ព្រោះ​តែ​មិន​បន្ត​សុពលភាព។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២៣ គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​ក្នុង​ការ​បន្ត​ពេលវេលា​សម្រាប់​ពលករ​បរទេស​ដោយ​អនុម័ត​ទៅ​លើ​សំណើ​របស់​ក្រសួង​ការងារ​ថៃ ដូចជា​បន្ធូរបន្ថយ​ដល់​ពលករ​បរទេស ក្នុង​នោះ​ថៅកែ​រោងចក្រ​ដែល​បាន​ដាក់​ស្នើ​បញ្ជី​ឈ្មោះ​ពលករ​ត្រឹម​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ស្រប​តាម​ការ​ណែនាំ​របស់​គណៈរដ្ឋមន្ត្រី គឺ​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​អាច​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

ជាង​នេះ​ទៀត ពលករ​ដែល​មកពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដែល​បាន​បញ្ចប់​កិច្ចសន្យា MOU រយៈពេល ៤​ឆ្នាំ ចន្លោះ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ និង​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ អាច​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ រហូត​ដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៤ ផង​ដែរ។

ប៉ុន្តែ​អំឡុង​ពេល​នោះ ថៅកែ​រោងចក្រ​ត្រូវតែ​រៀបចំ​ដំណើរការ​ស្នើសុំ​ការ​អនុញ្ញាត​ជ្រើសរើស​ពលករ​តាម​ប្រព័ន្ធ MOU ឡើងវិញ ខណៈ​ពលករ​បរទេស​ទាំងនោះ​អាច​ត្រឡប់​ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​ដើម្បី​ដំណើរការ​លិខិត​អនុញ្ញាត និង​ត្រឡប់​មក​កាន់​ប្រទេស​ថៃ វិញ ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​រហូត​រយៈពេល​ដល់ ៣០​ថ្ងៃ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​សេចក្តី​ណែនាំ​មួយ ដោយ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​គ្រប់​ខេត្ត បិទ​ច្រក​របៀង​ខុស​ច្បាប់​ទាំងអស់។

លោក ស សុខា បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​ខ្វះ​ចន្លោះ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ចេញពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដូច្នេះ​ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឆ្លងដែន និង​បញ្ឈប់​នូវ​ការ​ចេញ​ឯកសារ​ឆ្លងដែន​មិន​ប្រក្រតី គឺ​មាន​តែ​បិទ​ច្រក​របៀង​ខុស​ច្បាប់​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស