26 C
Phnom Penh

ឧកញ៉ា​ឃាតករ​យក​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​សម្លាប់​មនុស្ស​ដល់​ក្នុង​ផ្ទះ តុលាការ​ថា​គ្មាន​ចេតនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទ​ឃាតកម្ម មិន​គិត​ទុក​ជា​មុន​តាម​មាត្រា​១៩៩ ដែល​ត្រូវ​ដាក់​គុក ១៥​ឆ្នាំ គឺជា​ការ​ចោទប្រកាន់​ប្រាសចាក​នីតិវិធី​ច្បាប់ ដោយសារ​ជនល្មើស​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​សម្លាប់ ដែល​សម​នឹង​ទទួល​ទោស​ដាក់​គុក​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា តាមរយៈ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ដែល​ផ្ដិត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជន​ដៃ​ដល់​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​អំពើ​ឃាតកម្ម​នេះ ព្រោះ​ថា​ពេល​ទៅ​ផ្ទះ​ជនរងគ្រោះ ជន​ដៃ​ដល់​មាន​កាំភ្លើងខ្លី​សៀត​ជាប់​នឹង​ចង្កេះ​រួច​ជាស្រេច​ដែល​បង្កប់​ក្នុង​អាវ​ក្រៅ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង បាន​កើត​ឡើង​តាំងពី ២ ទៅ ៣​ថ្ងៃ​មុន​ម្ល៉េះ ខណៈ​អតីត​ឧកញ៉ា ស្រី ស៊ីណា ទើប​នឹង​លេច​មុខ​នៅ​ពេល​ក្រោយ ដូច្នេះ​មាន​ន័យ​ថា ចាប់តាំងពី​ចេញ​ដំណើរ​ពី​គេហដ្ឋាន​របស់​គាត់​ទៅ​កន្លែង​កើតហេតុ​ដែល​ប្រដាប់​ដោយ​អាវុធ​មាន​គ្រាប់​ពេញ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឃាតករ​រូប​នេះ​មាន​ចេតនា​ទៅ​សម្លាប់ និង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទៅ​ហើយ។

អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ការ​ចោទប្រកាន់​របស់​តុលាការ​លើ​ជន​ដៃ​ដល់​ដែល​ដាក់​ទោស​ត្រឹមតែ​ជាប់​គុក ១៥​ឆ្នាំ ប្រាកដ​ជា​រង​នូវ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ ដូច្នេះ​ករណី​នេះ តុលាការ​គួរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដើម្បី​ព្រមាន​ដល់​មនុស្ស​ដែល​រំលោភ​បំពាន​ច្បាប់​ដទៃ​ទៀត ហើយ​បើ​ផ្អែក​តាម​ភស្តុតាង ការ​កាត់ទោស​ដាក់​គុក​ឃាតករ​រូប​នេះ​មួយ​ជីវិត គឺជា​ការ​សម្រេច​ត្រឹមត្រូវ​បំផុត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អយ្យការ​អម​សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាន​សម្លាប់​មនុស្ស​កាលពី​ពេល​ថ្មីៗ​នេះ​ពី​បទ ឃាតកម្ម, ប៉ុនប៉ង​ឃាតកម្ម និង​ការ​ប្រើ​អាវុធ​ខុស​ច្បាប់​ប៉ុណ្ណោះ មិន​ជា​ឃាតកម្ម​គិត​ទុក​ជា​មុន​តាម​មាត្រា​២០០ នោះ​ទេ។

កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អំពើ​ឃាតកម្ម​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​ចំនួន ២ គឺ​ទី​១ ពី​បទ​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​ត្រូវ​ដាក់​គុក​ចំនួន ១៥​ឆ្នាំ តាម​មាត្រា​១៩៩។ ចំណែក​ឯ​សំណុំរឿង​ទី​២ គឺ​អំពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើ​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​បាន​បង្ក​របួស​ស្នាម​ដល់​ជនរងគ្រោះ ២​នាក់​ផ្សេង​ទៀត​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​នោះ ដែល​ត្រូវ​ផ្ដន្ទាទោស​ចំនួន​រហូត​ដល់ ១៥​ឆ្នាំ​ដូច​គ្នា​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​នឹង​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​សំណុំរឿង​នេះ ក្នុង​ករណី​រក​ឃើញ​នូវ​ភស្តុតាង​ថ្មី​បន្ថែម​ទៀត ដើម្បី​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា។

ក្រោយ​ការ​សម្រេច​របស់​តុលាការ ស្រាប់តែ​ខ្សែ​វីដេអូ​មួយ​ត្រូវ​បាន​គេ​ទម្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ដែល​បាន​បង្ហាញ​ពី​ទង្វើ​អមនុស្សធម៌​ឃោរឃៅ​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ក្នុង​ការ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ទៅ​លើ​ជនរងគ្រោះ ដែល​សកម្មភាព​នៃ​ឃាតកម្ម​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ត្រៀម​ទុក​របស់​ជន​ដៃ​ដល់ មុន​នឹង​ឈាន​ដល់​ការ​បាញ់​សម្លាប់​នេះ។

ទាក់ទិន​នឹង​ការ​ទម្លាយ​វីដេអូ​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ថា ការ​ផ្សព្វផ្សាយ​វីដេអូ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​គ្រួសារ​ជនរងគ្រោះ និង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​ជនរងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​ផ្សព្វផ្សាយ​ឃ្លីប​វីដេអូ​នេះ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ប៉ះពាល់​ដល់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផង​ដែរ។ លោក នេត្រ ភក្ដ្រា អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ចែកចាយ​ផ្សព្វផ្សាយ​ខ្សែ​វីដេអូ​នេះ​ជាបន្ទាន់ និង​ស្នើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ បញ្ឈប់​ការ​ចែករំលែក​នូវ​រូបភាព​ដ៏​សាហាវ​ឃោរឃៅ​នេះ​ថែម​ទៀត។

ទោះជា​បែប​នេះ​ក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ជុំ កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ មិថុនា ថា សម្រាប់​ករណី​ឃាតកម្ម​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា បើ​សម្រេច​ថា​មិនមែន​ជា​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន ដូចជា​មិន​សម​ទំនង​ឡើយ ព្រោះ​ខ្មាន់​កាំភ្លើង និង​ជនរងគ្រោះ មិន​ដែល​ស្គាល់​គ្នា​ទេ​ពី​មុន​មក រីឯ​ទំនាស់​គឺ​កើត​ឡើង​រវាង​តែ​អ្នក​ផ្ទះ​ជាប់​គ្នា​ប៉ុណ្ណោះ។

លោក​បន្ត​ថា ប៉ុន្តែ​ក្រោយ​មាន​ទំនាស់ ស្រាប់តែ​លេច​មុខ​ខ្មាន់​កាំភ្លើង​មក​ដល់​ក្នុង​ផ្ទះ​ជនរងគ្រោះ​ជាមួយ​នឹង​កាំភ្លើង ពាក់​អាវ​ដៃ​វែង​ពី​លើ​អាវ​យឺត ដើម្បី​ងាយស្រួល​សៀត​កាំភ្លើង​នៅ​ចង្កេះ និង​ដើរ​ចូល​ក្នុង​ផ្ទះ​ជនរងគ្រោះ ព្រមទាំង​ប្រើ​សម្ដី​ធ្ងន់ៗ​ដាក់​ជនរងគ្រោះ ហើយ​ក៏​ធ្វើការ​បាញ់​សម្លាប់​លើ​ជនរងគ្រោះ​តែម្តង។

លោក ជុំ កុសល បន្ថែម​ថា ពេល​បាញ់​សម្លាប់​បុរស​ដែល​ជា​គូដណ្ដឹង​រួច​ហើយ ក៏​បាញ់​សម្លាប់​នារី​ដែល​ជា​គូដណ្ដឹង​ថែម​ទៀត នៅ​ពេល​នាង​ចូល​ទៅ​ជួយ។ លើស​ពី​នេះ ក៏​បាញ់​សម្លាប់​បុគ្គលិក ២​នាក់​ដែល​កំពុង​អង្គុយ​ធ្វើការ​ក្នុង​ផ្ទះ​នោះ​ដែរ ចំណែកឯ​រថយន្ត​របស់​ខ្មាន់​កាំភ្លើង​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ បាន​ទុក​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ។

ប្រភព​ដដែល​លើកឡើង​ថា សកម្មភាព​នេះ​មាន​ន័យ​ថា ខ្មាន់​កាំភ្លើង​បាន​ទទួល​ដំណឹង​ពី​អ្នក​ជួល​ផ្ទះ​រួច ហើយ​រៀបចំ​ខ្លួន​ជាស្រេច​ក្នុង​ការ​ធ្វើ​សកម្មភាព​នេះ​តែម្តង ព្រោះ​រូបគេ​មាន​ទាំង​កាំភ្លើង ទាំង​ការ​ទុក​រថយន្ត​ពី​ចម្ងាយ ដើម្បី​ងាយស្រួល​ចល័ត​ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព ដូច្នេះ តើ​បែប​នេះ​អាច​ចាត់ទុក​ថា​ឃាតកម្ម​មិន​គិត​ទុក​ជា​មុន​បាន​ទេ?

លោក ជុំ កុសល បញ្ជាក់​ថា ពាក្យ​ថា​មិន​គិត​ទុក​ជា​មុន គឺ​មាន​ន័យ​ថា មិន​បាន​ត្រៀម​មុន ដូចជា ឧបករណ៍ អាវុធ​មក​ជាមួយ នៅ​ពេល​មាន​ការ​ប្រទូសរ៉ាយ​ក៏​សម្លាប់​តែម្តង រីឯ​ការ​បំបែក​សំណុំរឿង​ជា​ពីរ ក៏​មិន​សម​ទំនង​ថែម​ទៀត ព្រោះ​អង្គហេតុ​កើត​ក្នុង​ពេល​តែ​មួយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​គូស​បញ្ជាក់​ថា លោក​គ្រាន់តែ​ឆ្ងល់​ប៉ុណ្ណោះ ពីព្រោះ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែង​ពី​បទ​ចោទ​ឃាតកម្ម​សម្លាប់ មិន​គិត​ទុក​ជា​មុន ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥​ឆ្នាំ ប៉ុន្តែ​មាត្រា​២០០ បទ​ចោទ​ឃាតកម្ម​សម្លាប់​គិត​ទុក​មុន គឺ​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដូច្នេះ​ចំពោះ​ករណី​ឃាតកម្ម​នេះ តើ​សម​ចោទ​ថា ឃាតកម្ម​សម្លាប់​មិន​គិត​ទុក​មុន​ដែរ​ឬ​ទេ។

ជុំវិញ​ការ​កាត់ក្តី​របស់​តុលាការ​លើ​សំណុំរឿង​លោក ស្រី ស៊ីណា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ មិថុនា នេះ​ថា ជា​ការ​សម្រេច​មិន​សម​ទំនង​ដែល​តំណាង​អយ្យការ​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​អាច​ជាប់​គុក​យ៉ាង​ច្រើន ១៥​ឆ្នាំ​ក្នុង​អំពើ​ឃាតកម្ម​នេះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ការ​បាញ់​មនុស្ស​ស្លាប់ ២​នាក់ គួរតែ​ដាក់​គុក​អស់​មួយ​ជីវិត មិនមែន​ជាប់​គុក​យ៉ាង​ច្រើន ១៥​ឆ្នាំ​នោះ​ទេ ហើយ​ការ​ជាប់​គុក​ក្នុង​រយៈពេល ១៥​ឆ្នាំ​បែប​នេះ គឺ​មាន​ន័យ​ថា ជនល្មើស​អាច​ជាប់​គុក​តិច​ជាង ១៥​ឆ្នាំ។

លោក​ពន្យល់​ថា អតីត​ឧកញ៉ា ស្រី ស៊ីណា អាច​ជាប់​គុក​ត្រឹមតែ ២​សប្តាហ៍ រួច​ហើយ​ក៏​ផ្លាស់​ទៅ​រស់នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់ (VIP) នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប៉ុន្តែ ២ ឬ ៣​ឆ្នាំ​ក្រោយ​មក តុលាការ​ក៏​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដូច​ករណី​ឧកញ៉ា ថោង សារ៉ាត់ ដែល​បាន​សម្លាប់​មនុស្ស​ដូច្នោះ​ដែរ។

លោក អ៊ុំ សំអាន លើកឡើង​ថា ករណី​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត ប៉ុន្តែ​គាត់​បាន​ដេក​នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់ (VIP) នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប្រហែល​ជាង ៣​ឆ្នាំ ក៏​ត្រូវ​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ។

ក្រៅពី​នេះ​ទៀត ករណី​ឧកញ៉ា គិត ធាង បងប្រុស​បង្កើត​ឧកញ៉ា គិត ម៉េង ក៏​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​គុក ៤​ឆ្នាំ​ពាក់ព័ន្ធ​គ្រឿងញៀន ៥០​គីឡូក្រាម​ដែរ ប៉ុន្តែ​គាត់​ដេក​នៅ​បន្ទប់​ម៉ាស៊ីន​ត្រជាក់ (VIP) នៅ​មន្ទីរពេទ្យ​រុស្ស៊ី ប្រហែល ២​ឆ្នាំ ក៏​ត្រូវ​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដូច្នេះ​ករណី​អតីត​ឧកញ៉ា ស្រី ស៊ីណា ក៏​ទំនង​ជា​ដូច​ករណី​ឧកញ៉ា ថោង សារ៉ាត់ និង​ករណី​ឧកញ៉ា គិត ធាង ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ខាងមុខ​នេះ​លើ​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា កាលពី​ពេល​កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​ប្រទេស​កម្ពុជា គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿងក្ដី​សម្រាប់​អ្នក​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ មិនមែន​ជា​កន្លែង​ផ្តល់​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ក្រីក្រ និង​ស្លូតត្រង់​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស