33 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​២៧ មិថុនា ប្រារព្ធ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា កំណត់​យក​ថ្ងៃទី​២៧ ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMES Day) ដោយ​នឹង​ប្រារព្ធ​ទិវា​នេះ​ជា​លើកដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មិថុនា នេះ ក្នុង​បំណង​រួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ និង​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ជា​លើក​ទី​១ ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា ការ​កំណត់​ទិវា​នេះ​ដើម្បី​លើក​កម្ពស់ និង​ផ្តល់​តម្លៃ​ដល់​វិស័យ​នេះ​ដែល​ជា​មូលដ្ឋានគ្រឹះ និង​ជា​កម្លាំង​ចលករ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ការ​អភិវឌ្ឍន​សង្គម​ប្រកប​ដោយ​បរិយាបន្ន។

លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក​មាន​ឆន្ទៈ និង​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត​ក្នុង​ការ​បន្ត​អនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​គាំពារ និង​ពង្រឹង​សមត្ថភាព ផលិតភាព និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​ពន្លឿន​ការ​ចូលរួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ធន់​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា។

របាយការណ៍​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ថា សព្វថ្ងៃ​នេះ កម្ពុជា​មាន​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ប្រមាណ ៩០% លើ​មូលដ្ឋាន​ផលិតកម្ម​អាជីវកម្ម​សរុប​ដែល​បាន​រួម​ចំណែក​ផ្តល់​ការងារ​ពី ៦០% ទៅ ៧០% និង​បាន​រួម​ចំណែក ៥០% នៃ​ផលិតផល​ក្នុង​ស្រុក​នៅ​ទូទាំង​ពិភពលោក។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​មាន​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ជាង ៧​សែន​មូលដ្ឋាន (៧៥៣៦៧០​មូលដ្ឋាន) មាន​កម្លាំង​ពលកម្ម​សរុប​ជាង ២​លាន​នាក់ (២៩៨០៥៦៩​នាក់) ដែល​បាន​ចូលរួម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ស្មើ ៦៣% និង​ផ្តល់​ការងារ​លើស​ពី ៧០% ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​ក្នុង​វេទិកា​ពិភាក្សា​ស្ដីពី «ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ឆ្នាំ​២០២៤» នៅ​កម្ពុជា ថា សេដ្ឋកិច្ច​ខ្នាត​តូច និង​មធ្យម (SME) របស់​កម្ពុជា កំពុង​ប្រឈម​ឧបសគ្គ​ធ្ងន់ធ្ងរ។

លោក​បន្ថែម​ថា ការ​ប្រឈម​គឺ​ទាំង​វត្ថុធាតុដើម​ក្នុង​ការ​ផលិត និង​ធនធាន​មនុស្ស ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា ខណៈ​របាយការណ៍​សេដ្ឋកិច្ច​កើន​ឡើង​កន្លង​មក គឺ​ដោយសារ​បាន​មកពី​ការ​នាំចេញ​តែប៉ុណ្ណោះ ខណៈ​សេដ្ឋកិច្ច​ក្នុង​ស្រុក​នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល។

បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើង​ថា បញ្ហា​ប្រឈម​របស់​កម្ពុជា​លើ​វត្ថុធាតុដើម គឺ​ការ​ចំណាយ​លើ​ថ្លៃដើម​ខ្ពស់ ដោយសារតែ​កម្ពុជា​គ្មាន​វត្ថុធាតុដើម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ការ​ផលិត​ដោយ​ខ្លួនឯង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​ស្វែងរក​ទីផ្សារ​ក្នុង​ការ​ប្រកួតប្រជែង ជាពិសេស​ការ​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ប្រទេស​ជិតខាង ដូចជា វៀតណាម និង​ថៃ ជាដើម។

ជាង​នេះ​ទៀត កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ខ្វះ​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ​ដែរ ត្បិត​កន្លង​មក កម្ពុជា​តែង​ជួល​អ្នក​បច្ចេកទេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ឱ្យ​មក​ជួយ​បណ្តុះបណ្តាល​អ្នក​បច្ចេកទេស​របស់​ខ្លួន​ជានិច្ច។

លោក​បន្ត​ថា អ្នកជំនាញ​បរទេស​ដែល​កម្ពុជា​ជួល​មក​បណ្តុះបណ្តាល​ទាំងនោះ គេ​មិន​ដែល​ចង់​ឱ្យ​ប្រទេស​កម្ពុជា​រីក​លូតលាស់​សេដ្ឋកិច្ច​ជាង​ប្រទេស​របស់​ពួកគេ​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​សេដ្ឋកិច្ច​របស់​កម្ពុជា​មិន​អាច​មាន​សន្ទុះ​ដូច​ប្រទេស​ទាំងនោះ។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បញ្ហា​សេដ្ឋកិច្ច​ខ្នាត​តូច និង​មធ្យម​របស់​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​ប្រឈម​នឹង​ការ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត និង​ខ្វះ​ធនធាន​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ក៏​ខ្វះ​តម្លាភាព​ក្នុង​ការ​ដឹកនាំ​ដែល​អាច​ឱ្យ​វិនិយោគទុន​បរទេស​ទុកចិត្ត​បាន​ដែរ។

លោក​បន្ថែម​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ពី​សហភាព​អឺរ៉ុប និង​អាមេរិក កន្លង​មក ត្រូវ​បាន​កាត់ផ្ដាច់ ខណៈ​លោក ហ៊ុន ម៉ាណែត ក៏​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កខ្វក់​នៅ​លើ​ពិភពលោក​ថែម​ទៀត ដូច្នេះ​កម្ពុជា​កាន់តែ​មាន​ភាព​ចង្អៀត​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​តាមរយៈ​នៃ​ការ​ទាក់ទាញ​វិនិយោគទុន​បរទេស ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​នៅ​ពេលនេះ និង​ទៅ​ថ្ងៃ​មុខ។

កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នកជំនួញ​កខ្វក់​ចំនួន ១២​នាក់​លើ​ពិភពលោក ដែល​ជា​រនាំង​ដ៏​ធំ​ក្នុង​ការ​រាំងស្ទះ​ដល់​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស