28 C
Phnom Penh

ទីប្រឹក្សា​លោក ត្រាំ បង្ហាញ​ផែនការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន បើ​លោក ត្រាំ ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំពូល​ទីប្រឹក្សា​របស់​លោក ដូណាល់ ត្រាំ ចំនួន ២​រូប បាន​បង្ហាញ​ផែនការ​មួយ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី ប្រសិនបើ​លោក ត្រាំ ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៥ មិថុនា ថា ផែនការ​សន្តិភាព​ដែល​រៀបរៀង​ដោយ​ទីប្រឹក្សា​របស់​លោក ដូណាល់ ត្រាំ គឺ​ការ​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន បើ​អ៊ុយក្រែន មិន​ព្រម​ទៅ​កាន់​តុ​ចរចា។

ជាមួយ​គ្នា​នេះ សហរដ្ឋ​អាមេរិក​នឹង​ព្រមាន​ទៅ​ក្រុង​មូស្គូ ផង​ដែរ បើសិន​ក្រុង​មូស្គូ ច្រានចោល​ការ​ចរចា គឺ​ក្រុង​វ៉ាស៊ីនតោន នឹង​បង្កើន​ជំនួយ​យោធា​ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​លោក Keith Kellogg ឧត្តមសេនីយ៍​ចូលនិវត្តន៍​ដែល​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ដូណាល់ ត្រាំ។

តាម​ប្រភព​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ផែនការ​សន្តិភាព​របស់​លោក ត្រាំ សម្រាប់​ប្រទេស​អ៊ុយក្រែន គឺជា​យុទ្ធសាស្ត្រ​របស់​លោក ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ។

អ្នក​ធ្វើ​ផែនការ​នេះ គឺ​លោក​ឧត្តមសេនីយ៍ Kellogg និង Fred Fleitz ដែល​ពួកគាត់​ធ្លាប់​កាន់​តំណែង​ជា​ប្រធាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ត្រាំ កាលពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១។ តាម​ផែនការ​នេះ គឺ​បទ​ឈប់​បាញ់​គ្នា​ត្រូវ​អនុវត្ត​ផ្ទាល់​នៅ​សមរភូមិ​ជួរ​មុខ​អំឡុង​ការ​បើក​កិច្ចចរចា។

បើ​តាម​លោក Fred Fleitz ផែនការ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន នេះ ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ ហើយ​លោក ត្រាំ ក៏​បាន​ឯកភាព​ផង​ដែរ។ តែ​អ្នក​នាំពាក្យ​សម្រាប់​លោក ត្រាំ លោក Steven Cheung បាន​និយាយ​ថា មាន​តែ​សេចក្ដី​ថ្លែងការណ៍​ដែល​ធ្វើ​ឡើង​ដោយ​លោក ត្រាំ ហើយ​មាន​ការ​យល់ព្រម​ពី​ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក ត្រាំ ទើប​ចាត់​ទុក​ជា​ផ្លូវការ។

បើ​តាម​អ្នក​នាំពាក្យ​របស់​លោក ត្រាំ ផែនការ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​រៀបរៀង​ដោយ​លោក Kellogg និង Fleitz ត្រូវ​រង់ចាំ​ពិនិត្យ និង​សម្រេច​ដោយ​ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ជា​មុន​សិន ប៉ុន្តែ​អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា បើ​លោក ត្រាំ ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី​៥ វិច្ឆិកា គឺ​លោក ត្រាំ ច្បាស់​ជា​ប្រញាប់ប្រញាល់​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ចំពោះ​រដ្ឋការ​លោក ចូ បៃដិន វិញ មិន​ដែល​បង្ខំ​ឱ្យ​អ៊ុយក្រែន ទៅ​កាន់​តុ​ចរចា​នោះ​ទេ ដោយ​ចាត់ទុក​ថា​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​អ៊ុយក្រែន ជា​អ្នក​សម្រេច​អំពី​ជោគវាសនា​របស់​ខ្លួន។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន លោក Adrienne Watson។

តែ​អ្នក​សង្កេតការណ៍​ថា​ផែនការ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន របស់​ទីប្រឹក្សា​លោក ត្រាំ គឺជា​ការ​ដោះដូរ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ដ៏​ធំ​មួយ​អំពី​ការ​ជួយ​គាំទ្រ​ប្រទេស​អ៊ុយក្រែន ដែល​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព ហើយ​ផែនការ​នេះ​អាច​នឹង​ប្រឈមមុខ​នឹង​ការ​រិះគន់​ពី​សម្ពន្ធភាព​នៅ​អឺរ៉ុប អាច​រួម​ទាំង​ក្នុង​សមាជិក​សភា​របស់​បក្ស​សាធារណរដ្ឋ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ វិមាន​ក្រឹមឡាំង បាន​ឱ្យ​ដឹង​ថា រាល់​ផែនការ​សន្តិភាព​ដែល​បំផុស​គំនិត​ឡើង​ដោយ​លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ត្រូវតែ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែ​បើក​ចំហ​សម្រាប់​ការ​ចរចា។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា៖ តម្លៃ​នៃ​ផែនការ​ណា​មួយ គឺ​ស្ថិត​នៅ​លើ​ស្ថានភាព​ជាក់ស្តែង ឱ្យ​ស្រប​នឹង​លោក​ប្រធានាធិបតី ពូទីន ដែល​បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​បើក​ចំហ​កិច្ចចរចា ដោយ​គិតគូរ​ពី​ភាព​ជាក់ស្តែង​នៅ​សមរភូមិ​ជួរមុខ។

នៅ​មុន​វេទិកា​ពិភពលោក​ស្ដីពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ធ្វើ​ឡើង​នៅ​ប្រទេស​ស្វីស កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា លោក ពូទីន បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ទៅ​កាន់​វេទិកា​នេះ គឺ​ទី​១ អ៊ុយក្រែន ត្រូវតែ​ដក​ទ័ព​របស់​ខ្លួន​ចេញពី​សមរភូមិ​ជួរមុខ និង​ទី​២ ត្រូវ​ដក​ពាក្យ​សុំ​ចូល​សមាជិក​នៃ​អង្គការ​យោធា​ណាតូ។

លោក ពូទីន សន្យា​ថា បើ​អ៊ុយក្រែន ព្រម​ទទួល​លក្ខខណ្ឌ​ទាំង​ពីរ​នេះ គឺ​រុស្ស៊ី នឹង​ផ្ដើម​ការ​ចរចា​ជាមួយ​អ៊ុយក្រែន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ប៉ុន្តែ​ភាគី​អ៊ុយក្រែន បាន​ទាត់​ចោល​ទាំងស្រុង។ លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​ថា មិន​អាច​ទទួល​បាន​ឡើយ ព្រោះ​លក្ខខណ្ឌ​របស់​អ្នក​ឈ្លានពាន​មិន​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង។

ភ្លាមៗ​ក្រោយពី​វេទិកា​សន្តិភាព​នៅ​ប្រទេស​ស្វីស ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​មាន ៨០​ប្រទេស និង ៤​អង្គការ​អន្តរជាតិ​គាំទ្រ លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​លោក ពូទីន វិញ ការ​ចរចា​អាច​ចាប់ផ្ដើម​បាន​ហើយ​ដោយ​យក​ផែនទី​ចង្អុល​ផ្លូវ​របស់​វេទិកា​សន្តិភាព​មក​កំណត់​គោលដៅ​នៃ​ការ​ចរចា​ដែល​លើកឡើង​ពី​ការ​ទាមទារ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព​បូរណភាព​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន។

តាម​លោក ហ្សេឡេនស្គី ពាក្យ​ថា​គោរព​អធិបតេយ្យភាព​បូរណភាព​ទឹកដី​មាន​ន័យ​ថា រុស្ស៊ី​ត្រូវ​ដក​ទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន ហើយ​ទទួលស្គាល់​កិច្ចព្រមព្រៀង​ព្រំដែន​រួម​នៅ​ឆ្នាំ​១៩៩១ ដែល​ដែនដី​អ៊ុយក្រែន នៅ​ជ្រោយ​ឧបទ្វីប​គ្រីមៀ ក៏​ស្ថិត​ក្នុង​អធិបតេយ្យភាព​អ៊ុយក្រែន ដែរ ទោះជា​រុស្ស៊ី យក​បាន​តាំងពី​ឆ្នាំ​២០១៤ ក៏ដោយ។

ថ្មីៗ​នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​របស់ Reuters/Ipsos បង្ហាញ​ថា អ្នក​បោះឆ្នោត​អាមេរិក​ចាត់ទុក​លោក ដូណាល់ ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​ល្អ​ជាង​លោក បៃដិន តែ​ខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​ចូលចិត្ត​វិធីសាស្ត្រ​របស់​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​លោក ចូ បៃដិន ក្នុង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​ការពារ​សេរីភាព​សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ​ប្រទេស​ធំ​ឈ្លានពាន។

តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុងក្រោយ​នេះ ទាំង​លោក ដូណាល់ ត្រាំ និង​លោក ចូ បៃដិន មិន​ទាន់​មាន​សំឡេង​លើស​គ្នា​ដាច់ខាត​នោះ​ទេ គឺ​មាន​ន័យ​ថា នៅតែ​ប្រហាក់ប្រហែល​គ្នា។ យ៉ាងណា មាន​ការ​បារម្ភ​មួយ គឺ​លោក បៃដិន មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ដែល​ឆ្នាំ​នេះ​លោក​មាន​អាយុ ៨២​ឆ្នាំ ហើយ​លោក ត្រាំ ក៏​មាន​វ័យ​ចាស់​បន្តិច​ដែរ គឺ​ឆ្នាំ​នេះ​លោក ត្រាំ មាន​អាយុ ៧៧​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស