28 C
Phnom Penh

អាជីវករ​ខេត្ត​ប៉ៃលិន នឹង​ធ្វើ​បុណ្យ​៧​វត្ត​អរគុណ​លោក ហ៊ុន ម៉ាណែត បើ​ដក​តំណែង​អ្នកស្រី បាន ស្រីមុំ ពី​អភិបាល​ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អាជីវករ​ក្នុង​ខេត្ត​ប៉ៃលិន អះអាង​ថា ពួកគេ​នឹង​ធ្វើ​កម្មវិធី​ជប់លៀង​អរគុណ​លោក ហ៊ុន ម៉ាណែត ពេញ​មួយ​ខេត្ត ហើយ​នឹង​ធ្វើ​បុណ្យ ៧​វត្ត ប្រសិនបើ​លោក​អាច​ដក​តំណែង​អភិបាល​ខេត្ត​ពី​អ្នកស្រី បាន ស្រីមុំ។

ពួកគេ​និយាយ​ថា អភិបាល​ខេត្ត​ប៉ៃលិន រូប​នេះ បាន​គំរាម​ដុត​ផ្សារ​ចាស់​ដែល​ពួកគេ​កំពុង​រក​ចំណូល​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​បង្ខំ​ឱ្យ​ពួកគេ​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី។

ក្រុម​អាជីវករ​ជាច្រើន​នាក់​ក្នុង​ខេត្ត​ប៉ៃលិន បាន​ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​ទីតាំង​លក់ដូរ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា អ្នកស្រី បាន ស្រីមុំ បាន​ប្រើ​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​គាបសង្កត់​ឱ្យ​ក្រុមហ៊ុន​ក្នុង​ខេត្ត​ប៉ៃលិន ទាំងអស់ ឱ្យ​ចូល​ជា​ក្រុមហ៊ុន​ក្រោម​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​គាត់ ដូចជា ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក ក្រុមហ៊ុន​អគ្គិសនី រួម​ទាំង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត។

ប្រភព​ដដែល​ត្អូញត្អែរ​ថា រាល់​ថ្ងៃ​នេះ អាជីវករ និង​ភ្ញៀវ​ដែល​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​ចាស់ សុទ្ធតែ​មាន​ការ​ភិតភ័យ និង​បារម្ភ​ដូចៗ​គ្នា​បន្ទាប់ពី​មាន​ការ​គំរាម​ថា ទីតាំង​ផ្សារ​ដែល​ពួកគេ​កំពុង​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​កន្លង​មក​នេះ នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល ប្រសិនបើ​ពួកគេ​នៅតែ​រឹង​ទទឹង​មិន​ព្រម​នាំគ្នា​ទៅ​លក់ដូរ​នៅ​ទីតាំង​ថ្មី។

ពលរដ្ឋ​ទាំងនេះ​បន្ថែម​ថា ដោយសារតែ​ការ​គំរាម​នេះ ភ្ញៀវ​ដែល​ធ្លាប់​តែ​ចេញ​ចូល​ទិញ​អីវ៉ាន់​កុះករ​កន្លង​មក មិន​ហ៊ាន​ចូល​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​ដូច​មុន​នោះ​ទេ។

ពលរដ្ឋ​ដដែល​នេះ​គូស​បញ្ជាក់​ថា បើ​លោក ហ៊ុន ម៉ាណែត ដក​តំណែង​អ្នកស្រី បាន ស្រីមុំ ពួកគេ​ប្រាកដជា​មាន​ជីវភាព​ធូរធារ​ជាង​ពេលនេះ ហើយ​ពួកគេ​ក៏​នឹង​ធ្វើ​កម្មវិធី​ជប់លៀង​អរគុណ​លោក ហ៊ុន ម៉ាណែត ពេញ​មួយ​ខេត្ត ព្រមទាំង​ធ្វើ​បុណ្យ ៧​វត្ត ដើម្បី​លាង​អំពើ​ទុច្ចរិត និង​ស្មោកគ្រោក​ដែល​ធ្លាប់​កើត​មាន​ក្នុង​ខេត្ត​នេះ​កន្លង​មក​ថែម​ទៀត។

ប្រភព​ដដែល​លើកឡើង​ថា ទង្វើ​គាបសង្កត់​របស់​អ្នកស្រី បាន ស្រីមុំ កំពុងតែ​ប្រព្រឹត្ត​យ៉ាង​អនាធិបតេយ្យ​ពេញ​ខេត្ត​ប៉ៃលិន ដែល​គាបសង្កត់​មិនមែន​ត្រឹមតែ​ពលរដ្ឋ​ទេ គឺ​គាបសង្កត់​ទៅ​លើ​មន្ត្រី​ក្នុង​ខេត្ត រហូត​ដល់​ព្រះសង្ឃ​តាម​វត្ត​អារាម​ថែម​ទៀត ខណៈ​ផលប្រយោជន៍​ដែល​គាត់​ទទួល​បាន គឺ​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួនឯង​ទាំងអស់។

ជាង​នេះ​ទៀត អ្នកស្រី បាន ស្រីមុំ ក៏​បាន​ធ្វើ​របាយការណ៍​កុហក​នាយករដ្ឋមន្ត្រី​ដែរ ព្រោះ​ថា​ខេត្ត​ប៉ៃលិន បាន​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​មិន​ខុស​ពី​ខេត្ត​ផ្សេងៗ​ទៀត​នោះ​ទេ ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ​បែរ​ជា​ទទួល​បាន​ពានរង្វាន់​ជា​ទឹកប្រាក់ ២០០​លាន​រៀល​ក្នុង​នាម​ជា​ខេត្ត​ដែល​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ។

ពលរដ្ឋ​រងគ្រោះ​ទាំងនេះ​បញ្ជាក់​ថា ជនរងគ្រោះ​ទាំងអស់​មិន​ហ៊ាន​តវ៉ា​នឹង​អំណាច​របស់​គាត់​ទេ ដោយសារតែ​អ្នកស្រី បាន ស្រីមុំ តែងតែ​លើក​យក​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី មក​ធ្វើ​ជា​បង្អែក ដូច្នេះ​ជនរងគ្រោះ​មាន​តែ​សម្ងំ​ទ្រាំ​ឈឺចាប់​គ្រប់ៗ​គ្នា​រហូត​មក​ទល់​ពេលនេះ។

អ្នកស្រី បាន ស្រីមុំ ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ត្រាស់​បង្គាប់​ជា​អភិបាល​ខេត្ត​ប៉ៃលិន ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ មក តាម​សំណើ​របស់​លោក ហ៊ុន សែន។ បើ​គិត​មក​ដល់​ឆ្នាំ​២០២៤ នេះ អ្នកស្រី បាន ស្រីមុំ កាន់​តំណែង​នេះ​អស់​រយៈពេល ៤​ឆ្នាំ​ហើយ បន្ទាប់ពី​ធ្វើ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ប៉ៃលិន អស់ ២​អាណត្តិ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៣ មក។

អ្នកស្រី បាន ស្រីមុំ បាន​ទទួល​បណ្ណ​សរសើរ និង​រង្វាន់​ខេត្ត​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤។

អ្នកស្រី បាន ស្រីមុំ ធ្លាប់​មាន​ប្រវត្តិ​ជា​នារី​ក្នុង​ហាង​ខារ៉ាអូខេ ៥៥៥ ក្នុង​ខេត្ត​ប៉ៃលិន ប៉ុន្តែ​គាត់​បាន​លេច​មុខ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០០៣ មក បន្ទាប់ពី​ក្លាយ​ជា​ភរិយា​អតីត​មេ​យោធា​ខ្មែរក្រហម​លោក អ៊ី ឈាន ដែល​ជា​អភិបាល​ខេត្ត​ប៉ៃលិន នា​ពេល​នោះ ខណៈ​លោក អ៊ី ឈាន ក៏​បាន​លែងលះ​ប្រពន្ធ​ដើម​ដែរ ដើម្បី​រួម​រស់​មេត្រី​ជាមួយ​អ្នកស្រី បាន ស្រីមុំ រហូត​មក​ទល់​ពេលនេះ។

១០​ឆ្នាំ​ក្រោយ គឺ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក អ្នកស្រី បាន ស្រីមុំ បាន​ក្លាយ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​តំណែង​ជា​អនុប្រធាន​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ផង​ដែរ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០២០ ក៏​ត្រូវ​លោក ហ៊ុន សែន ស្នើ​ឱ្យ​ធ្វើ​ជា​អភិបាល​ខេត្ត​ប៉ៃលិន វិញ។

រហូត​មក​ទល់​ពេលនេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកស្រី បាន ស្រីមុំ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស