28 C
Phnom Penh

អាមេរិក​បន្ត​ដាក់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទាប​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​អាមេរិក បន្ត​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ទាប​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស គឺ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិត ៣ ឬ Tier 3 ដោយសារតែ​មន្ត្រី​ជាន់ខ្ពស់ និង​ទីប្រឹក្សា​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​កម្ពុជា គឺជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ និង​ទីតាំង​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ ទី​២៥ មិថុនា ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០២៤ របស់​ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា ប្រតិបត្តិការ​ឆបោក​អនឡាញ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ការ​វាយតម្លៃ​ស្ដីពី​ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

សហរដ្ឋ​អាមេរិក​អះអាង​ថា អំពើពុករលួយ និង​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​វាយតម្លៃ​ចំណាត់ថ្នាក់​កម្រិត​ទី​៣ នៃ​ការ​ចម្រើន​តិចតួច​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

របាយការណ៍​ដដែល​សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បំពេញ​ឲ្យ​បាន​ពេញលេញ​ចំពោះ​ការ​លុបបំបាត់​ការ​ជួញដូរ ហើយ​មិន​បាន​ធ្វើ​ឱ្យ​មាន​កិច្ច​ខិតខំ​គួរ​ឱ្យ​កត់សម្គាល់ ដើម្បី​លុបបំបាត់​សកម្មភាព​ជួញដូរ ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​៣ (Tier 3)។

កម្រិត​បី (Tier 3) មាន​ន័យ​ថា រដ្ឋាភិបាល​ម្ចាស់​ប្រទេស​មិន​បាន​ប្រឹងប្រែង​ជា​ដុំកំភួន និង​តាម​បទដ្ឋាន​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ការពារ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ (TVPA)។ ក្នុង​ការ​ចាត់​ថ្នាក់​កម្ពុជា​នៅ​កម្រិត​៣ នេះ ដោយសារ​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​កម្ពុជា​ខ្លះ​នៅ​ក្នុង​សកម្មភាព​ដែល​មាន​ទំនាក់ទំនង​នឹង​ការ​ជំរុញ​ឱ្យ​មាន​ការ​ជួញដូរ តួយ៉ាង​ដូចជា​នៅ​ក្នុង​អំពើ​ឧក្រិដ្ឋ​ឆបោក​តាម​បណ្ដាញ​អ៊ីនធឺណិត ជាដើម។

របាយការណ៍​ដដែល​បង្ហាញ​ថា កម្ពុជា​គ្មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ស្រាវជ្រាវ តាមដាន វែកមុខ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ទុច្ចរិត និង​កង្វះ​ប្រព័ន្ធ​បង្ការ​បទល្មើស។

របាយការណ៍​ដដែល​រក​ឃើញ​ថា មាន​ឧក្រិដ្ឋកម្ម​ជាច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ប្រឹងប្រែង​ដោះស្រាយ រួម​មាន​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​ក្នុង​វិស័យ​កម្សាន្ត និង​អាជីវកម្ម​ឡឥដ្ឋ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស។

ជា​ការ​ឆ្លើយតប រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ហាក់ដូចជា​មាន​ភាព​មិន​ច្បាស់លាស់ ហើយ​យោង​តែ​ទៅ​លើ​ចំណុច​អវិជ្ជមាន។

អ្នកស្រី​ថា ទាក់ទិន​នឹង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ បាន​ក្លាយ​ជា​ក្តី​បារម្ភ​របស់​សកលលោក ដែល​ទាំង​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​នៅ​បន្ត​រក​យុទ្ធសាស្ត្រ ដើម្បី​លុបបំបាត់​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​មួយ​នេះ។

អ្នកស្រី​ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​នៅ​បន្ត​ធ្វើ​ការ​ទប់ស្កាត់ និង​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​នេះ ហើយ​កម្ពុជា​ក៏​ចង់​ឃើញ​អាមេរិក​នឹង​ជួយ​យ៉ាងណា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ ព្រោះ​អាមេរិក​បាន​ត្រឹមតែ​ប្រកាស​ថា​ជួយ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​សហការ​ពិតប្រាកដ​នោះ មិន​ទាន់​កើត​មាន​នៅឡើយ​ទេ។

អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវ​បង្កើន​ការ​ប្រឹងប្រែង​របស់​ខ្លួន​លើ​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។ លោក​ថា កម្ពុជា​នឹង​ខាតបង់​អត្ថប្រយោជន៍ ប្រសិនបើ​ខកខាន​មិន​បាន​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​លើ​ចំណាត់ថ្នាក់​នៃ​ការ​ដោះស្រាយ​អំពើ​ជួញដូរ​មនុស្ស​នេះ។

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​បណ្តុះបណ្តាល​ទៅ​លើ​មន្ត្រី​ដែល​ទាក់ទង​ជាមួយ​នឹង​ការ​បង្ក្រាប និង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ពីព្រោះ​បទល្មើស​កាន់តែ​ទំនើបកម្ម ដូច្នេះ​មន្ត្រី​កម្ពុជា​ទាំងអស់​ត្រូវតែ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ទាក់ទង​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ការ​ពិនិត្យ​មើល​ឱ្យ​ឃើញ​ពី​ការ​ជួញដូរ​មនុស្ស។

កាលពី​ចុង​ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា អំពើ​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​បង្កើត​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដោយ​មាន​ជនរងគ្រោះ​ប្រមាណ ១​សែន​នាក់​ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាង ១​សែន​នាក់​ផ្សេង​ទៀត (១២០ ០០០​នាក់) ចូល​ទៅ​កាន់​ប្រទេស​ភូមា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស