26 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​រំលាយ​បក្ស​នយោបាយ​ពាក់ព័ន្ធ​រដ្ឋាភិបាល​និរទេស​របស់​ក្រុម​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​កំពូល​របស់​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ដទៃ​ទៀត ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ណា​ដែល​ធ្វើ​ជា​ដៃ​ជើង ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​កំពុង​រៀបចំ​បង្កើត​នៅ​ក្រៅ​ប្រទេស​នា​ពេលនេះ។

ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួបកំណើត ៧៣​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែ​មិថុនា នេះ លោក ហ៊ុន សែន គំរាម​ថា រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​សន្តិភាព ខណៈ​ប្រជាជន​កម្ពុជា​គ្រប់​គ្នា​ត្រូវតែ​រួម​គ្នា​បន្ត​ការពារ​សន្តិភាព​នេះ​ឱ្យខាងតែ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​ទប់ស្កាត់​នូវ​ចរន្ត​ជ្រុល​និយម​ដែល​អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។

បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​រស់នៅ​ក្រៅ​ប្រទេស កំពុង​ផ្ដួចផ្ដើម​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​នៅ​បរទេស ដែល​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា ក្នុង​បំណង​បំផ្លាញ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ខ្មែរ។

លោក ហ៊ុន សែន លើកឡើង​ថា ដើម្បី​ធានា​ការពារ​សុខ​សន្តិភាព និង​ប្រជាជន សូម​ពលរដ្ឋ និង​រាជរដ្ឋាភិបាល រួម​គ្នា​កម្ចាត់​ឱ្យ​អស់​នូវ​អង្គការ​ចាត់តាំង ឬ​បក្ស​ណា​ក៏ដោយ​ដែល​នៅ​ក្នុង​ប្រទេស​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ជ្រុល​និយម។

លោក​ថា នេះ​គឺជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ធានា​ការពារ​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា ជាពិសេស​គឺ​ត្រូវ​ដាក់​ទោស​ឱ្យ​ធ្ងន់​ចំពោះ​ក្រុម​ជ្រុល​និយម​ទាំងនោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ការ​ផ្ដួចផ្ដើម​គំនិត​បង្កើត​រដ្ឋាភិបាល​និរទេស​បាន​ចាប់ផ្តើម​ហើយ ដូច្នេះ​បក្ស​ណា​ក៏ដោយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​ឯ​បរទេស​នោះ នឹង​ត្រូវតែ​កម្ចាត់​ចោល​ភ្លាម រំសាយ​ចោល​ភ្លាម​នូវ​អង្គការ​ចាត់តាំង​របស់​ពួកគេ។

លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​មិន​អាច​ឱ្យ​ពួកគេ​មាន​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស ហើយ​មាន​សមាជិក​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ដាច់ខាត។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន បែប​នេះ គ្រាន់តែ​ជា​លេស​ដើម្បី​បោស​សម្អាត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​តែប៉ុណ្ណោះ ព្រោះ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​គាត់ គ្មាន​ប្រជាប្រិយភាព​អាច​ប្រកួត​ប្រជែង​នឹង​ក្រុម​ប្រឆាំង​បាន។

លោក អ៊ុំ សំអាន ច្រានចោល​ទាំងស្រុង​ជុំវិញ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បរទេស​នាំគ្នា​បង្កើត​រដ្ឋាភិបាល​និរទេស ព្រោះ​ថា​គាត់​បាន​ប្រកាស​រួច​ហើយ​ពី​ការ​តាម​បំផ្លាញ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ស្រុក​កាលពី​ពេល​ថ្មីៗ​នេះ ដូច្នេះ​ការ​ប្រឌិត​រឿង​របស់​គាត់​នៅ​ពេលនេះ គ្រាន់តែ​ដើម្បី​ឱ្យ​គាត់​អាច​កម្ទេច​ក្រុម​ប្រឆាំង​កាន់តែ​ងាយស្រួល​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ហ៊ុន សែន បាន​ចេញ​សារ​សំឡេង​ណែនាំ​ទៅ​កាន់​សមាជិក​របស់​ខ្លួន​ថា សមាជិក​បក្ស​កាន់​អំណាច​គ្រប់​រាជធានី-ខេត្ត ត្រូវតែ​នាំគ្នា​ប្រើ​យុទ្ធសាស្ត្រ​បំផ្លាញ​ក្រុម​ប្រឆាំង​ឱ្យ​អស់​នៅ​មុន​ការ​បោះឆ្នោត ដោយ​ការ​ទាក់ទាញ​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រួច​ហើយ​ត្រូវ​យក​មក​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​ផុសផុល។

លោក ហ៊ុន សែន បញ្ជាក់​ថា អូសទាញ​បាន​មួយ យក​មួយ និង​ផ្តល់​តំណែង​ឱ្យ​មួយ ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​ទៅ​អូសទាញ​ក្រុម​ប្រឆាំង​បន្ត​ទៀត ដែល​ជា​យុទ្ធសាស្ត្រ​យក​លលក​ទៅ​ទាក់​លលក។ លោក​បន្ត​ថា ពេល​ពួកគេ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ត្រូវ​ថែរក្សា​ការពារ​កុំ​ឱ្យ​អ្នក​ទាំងនោះ​ត្រឡប់​ទៅ​បក្ស​ប្រឆាំង​វិញ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​តាំងពី​ឆ្នាំ​២០១៧ មក គណបក្ស​ប្រឆាំង និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​រង​នូវ​ការ​គំរាមកំហែង​គ្រប់​ទម្រង់ ដូចជា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​កម្លាំង​ជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​សព្វថ្ងៃ​នេះ ជាដើម។

ក្រៅពី​គណបក្ស​ត្រូវ​បាន​រឹតត្បិត​សកម្មភាព សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ក៏​រង​នូវ​ការ​គំរាមកំហែង​ចាប់​ដាក់​គុក​ដោយ​រង​នូវ​បទ​ចោទ​ទាំង​អយុត្តិធម៌​ផ្សេងៗ​ដែរ។

សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​មាន​ចំនួន​សរុប​ជាង ២០​នាក់​ហើយ (២៤​នាក់) សព្វថ្ងៃ​នេះ ក្នុង​នោះ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដល់​ទៅ ២​ដង​ឯណោះ ដូចជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស