26 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​មហាជន​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​របស់​អយ្យការ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​របស់​មហាជន​ដែល​ទាមទារ​ឱ្យ​ដាក់​ឃាតករ​រូប​នេះ​ជាប់​គុក​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។

អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា បើ​ផ្អែក​លើ​ការ​តាមដាន​ជុំវិញ​ករណី​នេះ គឺ​អាច​កត់សម្គាល់​លើ​ដំណើរ​រឿង​នេះ​នៅ​ត្រង់​ថា ឃាតកម្ម​នេះ​កើត​ឡើង​ក្រោយ​ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង​តាំងពី ៣​ថ្ងៃ​មុន​មក​ម្ល៉េះ ដូច្នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ឃាតកម្ម​នេះ​មាន​ភាគរយ​ខ្ពស់​ទៅ​រក​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។

លោក​បន្ត​ថា តើ​គេ​អាច​ទិញ​កាំភ្លើង​នោះ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពេល​មាន​ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង​ដែរ​ឬ​ទេ ឬ​កាំភ្លើង​នោះ​ជា​កាំភ្លើង​ដែល​គេ​មាន​ស្រាប់​តាំង​ពី​មុន​មក ហើយ​តែងតែ​ដាក់​ជាប់​ខ្លួន​បែប​នេះ​រហូត​មក?

លោក​អះអាង​ថា ចម្លើយ​ជនល្មើស​មាន​តែ​ប៉ុន្មាន​ម៉ាត់​ដែល​បាន​ឆ្លើយ​នៅ​ថ្ងៃ​ចាប់​ខ្លួន​ប៉ុណ្ណោះ ខណៈ​ចម្លើយ​ផ្សេង​ទៀត​គ្មាន​នរណា​បាន​ដឹង​ទេ​ថា គេ​បាន​ឆ្លើយ​ដូចម្តេច ដូចជា​ថា​រូបគេ​ធ្វើ​ដំណើរ​ចេញ​មកពី​ផ្ទះ​ទៅ​កាន់​ផ្ទះ​ជនរងគ្រោះ​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ក្នុង​គោល​បំណង​អ្វី?

អតីត​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ទោះបី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ព្យាយាម​បកស្រាយ​ថា​អំពើ​ឃាតកម្ម​នេះ​មិន​បាន​គិត​ទុក​ជា​មុន​ក៏ដោយ ក៏​មហាជន​មិន​អាច​ទទួល​យក​បាន​ដែរ ព្រោះ​ពលរដ្ឋ​មិន​មែន​មិន​ចេះ​សិក្សា​លើ​ហេតុផល​នោះ​ទេ ទោះបី​គាត់​មិនមែន​ជា​អ្នក​ច្បាប់​ក៏ដោយ ក៏​ហេតុផល​នៃ​ឃាតកម្ម​គិត​ទុក​ជា​មុន មិន​គិត​ទុក​ជា​មុន គ្មាន​អ្វី​ដែល​ពិបាក​យល់​នោះ​ទេ។

លោក ស៊ឹង សែនករុណា អះអាង​ថា បើ​ការ​អនុវត្ត​ច្បាប់​លើ​ជន​ទុច្ចរិត​មិន​បាន​ត្រឹមត្រូវ​ទេ នោះ​មាន​ន័យ​ថា ច្បាប់​របស់​កម្ពុជា​គឺជា​ច្បាប់​ដែល​ការពារ​ជន​ខិលខូច និង​ដាក់​ទោស​លើ​ជន​ស្លូតត្រង់​ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ដែល​រំពឹង​លើ​ច្បាប់​សម្រាប់​ការពារ​យុត្តិធម៌​ឱ្យ​ពួកគេ ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ចំណាត់ការ​ផ្លូវច្បាប់ ដោយ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទ រំលោភ​លំនៅឋាន តាម​មាត្រា​២៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ​បន្ថែម​មួយ​ករណី​ទៀត។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ ជន​ដៃ​ដល់​ឈ្មោះ ស្រី ស៊ីណា បាន​បាញ់​សម្លាប់​គូដណ្ដឹង​មួយ​គូ​ដល់​ក្នុង​ផ្ទះ និង​បង្ក​របួស​ស្នាម​ដល់​ជនរងគ្រោះ ២​នាក់​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​អំពើ​ឃាតកម្ម​នេះ អយ្យការ​អម​សាលាដំបូង​បាន​សម្រេច​ចោទប្រកាន់ ៣​ករណី គឺ​បទ​ឃាតកម្ម, បទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ហើយ​ករណី​នេះ​ត្រូវ​បាន​បំបែក​ដល់​ទៅ​ជា ២​សំណុំរឿង​ឯណោះ។

ការ​បំបែក​ជា​ពីរ​សំណុំរឿង​បែប​នេះ គឺ​ត្រូវ​កំណត់​ឱ្យ​ឃាតករ​ជាប់​ពន្ធនាគារ​រយៈពេល ៣០​ឆ្នាំ​ពេញ ដែល​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១៥​ឆ្នាំ​ម្តង​ក្នុង ១​សំណុំរឿង ខណៈ​បទ​ចោទ​ថ្មី​នេះ​អាច​នឹង​ត្រូវ​បន្ថែម​ទោស ១​ឆ្នាំ​ទៀត ដែល​គិត​ជា​សរុប គឺ​ត្រូវ​កើន​ឡើង​ដល់ ៣១​ឆ្នាំ ស្រប​ពេល​ដែល​ឃាតករ​រូប​នេះ​មាន​អាយុ ៥០​ឆ្នាំ​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ លើកឡើង​ថា បើ​ទោះបីជា​អតីត​ឧកញ៉ា ស្រី ស៊ីណា មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​ត្រូវ​ដាក់​គុក​មួយ​ជីវិត​ព្រោះតែ​គ្មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ក៏ដោយ ក៏​សំណុំរឿង​នេះ​នៅតែ​អាច​ចោទប្រកាន់​ពី​បទ ឃាតកម្ម​គិត​ទុក​ជា​មុន នៅ​ពេល​ក្រោយ​បាន​ដដែល ប្រសិនបើ​មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ពី​ធាតុ​ផ្សំ​គ្រប់គ្រាន់​នោះ។

លោក កើត រិទ្ធ លើកឡើង​ថា ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៣០​ឆ្នាំ​របស់​ឃាតករ​រូប​នេះ នឹង​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បន្ធូរបន្ថយ​ទោស​ដាច់ខាត ហើយ​បើ​ឃាតករ​រូប​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ទោស​ពេញលេញ​តាម​ច្បាប់​ទេ លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង និង​ដក​ខ្លួន​ចេញពី​ពិភព​ច្បាប់​ថែម​ទៀត។

មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ​ទៅ ១៥​ឆ្នាំ។ ចំណែក​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា ឃាតកម្ម​គិត​ទុក​ជា​មុន គឺជា​អំពើ​សម្លាប់​មនុស្ស​ដោយ​គិត​ទុក​ជា​មុន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

កាលពី​អំឡុង​ឆ្នាំ​២០១៤ ឧកញ៉ា ថោង សារ៉ាត់ ដែល​បាន​រង​ការ​ចោទប្រកាន់​ថា​បាន​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០២០ ឧកញ៉ា​រូប​នេះ​ក៏​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស