26 C
Phnom Penh

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​កោសល្យ​វោហារ គង់ ណៃ ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​កោសល្យ​វោហារ លោកតា គង់ ណៃ ទទួល​អនិច្ចកម្ម​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៨០​ឆ្នាំ​នៅ​ឯង​ស្រុកកំណើត នៅ​ថ្ងៃ​សុក្រ ទី​២៨ មិថុនា បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អស់​រយៈពេល​ជាង ១​ខែ។

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង លោកតា គង់ ណៃ បាន​ទទួល​អនិច្ចធម្ម​នៅ​វេលា​ម៉ោង ១២ និង ៤០​នាទី ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ជា​ស្រុកកំណើត​របស់​លោក ខណៈ​សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​លោក​មាន​អាការៈ​ក្តៅ​ខ្លួន និង​ពិបាក​ដក​ដង្ហើម។ ក្រោយ​ការ​ពិនិត្យ បាន​រក​ឃើញ​ថា លោក​មាន​មាន​ជំងឺ​សួត ទឹកនោម​ផ្អែម និង​ជំងឺ​រលាក​បំពង់ក។

កាលពី​អំឡុង​ឆ្នាំ​២០១៩ លោកតា គង់ ណៃ បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ ម្តង​រួច​មក​ហើយ ដែល​ពេល​នោះ វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា​លោក​មាន​ជំងឺ​សួត។

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ផ្ញើ​សារ​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ នៅ​ថ្ងៃ​សុក្រ ថា លោក​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ជា​មត៌ក​មនុស្ស​រស់​ចាប៉ីដងវែង ដែល​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា មរណភាព​របស់​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ គឺជា​ការ​បាត់បង់​នូវ​មត៌ក​មនុស្ស​រស់​នៃ​សិល្បៈ​ចាប៉ីដងវែង ដែល​ជា​មត៌ក​សិល្បៈ​ដូនតា​ខ្មែរ​បន្សល់​ទុក​យូរលង់​រៀង​មក។

លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​ខិតខំ​ប្រឹងប្រែង​អស់​កម្លាំង​កាយ​ចិត្ត ថែរក្សា ការពារ ផ្ទេរ​បន្ត​នូវ​ចំណេះដឹង និង​បន្សល់​ស្នាដៃ​ទុក​សម្រាប់​កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ។

ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គង់ ណៃ កើត​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​១៩៤៤ នៅ​ភូមិ​ដូង ឃុំ​ស្វាយទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ លោកតា គង់ ណៃ បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​វ័យ ១៨​ឆ្នាំ​ជាមួយ​លោកយាយ តាត ឆេន ដែល​រស់នៅ​ភូមិ​ស្វាយទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត និង​មាន​កូន​ប្រុស​ស្រី​ចំនួន ១០​នាក់ ប្រុស ៤​នាក់ ស្រី ៦​នាក់។

ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ជំងឺ​អុតធំ​កាលពី​កុមារភាព ប៉ុន្តែ​លោក​បាន​សិក្សា​ចាប៉ីដងវែង​តាំងពី​អាយុ ១៣​ឆ្នាំ​ទាំង​ពិការ​ភ្នែក ពី​លោក​ឪពុកមា​របស់​លោក​ឈ្មោះ គង់ ទិត។

រយៈពេល ២​ឆ្នាំ​នៃ​ការ​សិក្សា​ចាប៉ី លោកតា គង់ ណៃ បាន​ចាប់ផ្តើម​មាន​កេរ្តិ៍ឈ្មោះ​តាមរយៈ​នៃ​ការ​ច្រៀង​ចម្រៀង​ចាប៉ី​ដែល​លើកឡើង​នូវ​កំណាព្យ​បុរាណ ដូចជា កំណាព្យ​របស់​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុយ ជាដើម រហូត​ទទួល​ងារ​ថា សង្ហា​ណៃ។

ក្រោយ​របប​ប្រល័យ​ពូជសាសន៍ នៅ​ឆ្នាំ​១៩៨២ លោកតា ណៃ ប្រឡង​ជាប់​ផ្នែក​ចម្រៀង​ចាប៉ី​ទទួល​បាន​ជ័យលាភី​លេខ​១ ថ្នាក់​ខេត្ត ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩១ លោក​បាន​ប្រឡង​ជាប់​ជ័យលាភី​លេខ​១ ផ្នែក​ចម្រៀង​ចាប៉ីដងវែង​ដដែល​នៅ​ទូទាំង​ប្រទេស និង​បាន​ក្លាយ​ជា​សិល្បករ​ចាប៉ីដងវែង​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៧។

នៅ​ឆ្នាំ​២០០១ លោក​ទទួល​បាន​វិញ្ញាបនបត្រ​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ​ខ្មែរ ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា និង​គ្រឿង​ឥស្សរិយយស​ថ្នាក់​មុនីសារាភ័ណ្ឌ​ពី​រាជរដ្ឋាភិបាល។ នៅ​ឆ្នាំ​២០០២ លោក​ទទួល​បាន​វិញ្ញាបនបត្រ​កិត្តិយស​វីរសិល្បៈករ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៣ លោក​បាន​បំពេញ​កិច្ចការ​ក្នុង​នាម​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​នៃ​អង្គការ​ខ្មែរ​អមតៈ និង​បាន​បង្ហាត់​បង្រៀន​សិស្ស​បន្ត​ជាច្រើន​នាក់។

នៅ​ឆ្នាំ​២០០៧ លោក​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋាភិបាល​ម្តង​ទៀត និង​ឆ្នាំ​២០១២ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ថ្នាក់​ជាតិ​ជា​មត៌ក​មនុស្ស​រស់​ដែល​មាន​នាម​ថា កោសល្យ​វោហារ គង់ ណៃ។

នៅ​ឆ្នាំ​២០១៧ លោក​ទទួល​បាន​ពានរង្វាន់​សិល្បៈ និង​វប្បធម៌ ហ្វូ-គុ-អុ-កា (Fukuoka Prize) ជា​ពានរង្វាន់​ដែល​បាន​បង្កើត​ឡើង​ចាប់​តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូ-គុ-អុ-កា ប្រទេស​ជប៉ុន ដែល​ពានរង្វាន់​នេះ​គឺ​សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក​អប់រំ សិល្បៈ និង​វប្បធម៌ ហើយ​ព្រឹទ្ធាចារ្យ គង់ ណៃ គឺជា​បុគ្គល​ទី​៣ របស់​កម្ពុជា ដែល​បាន​ទទួល​ពានរង្វាន់​នេះ។

ចាប៉ីដងវែង បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្តូ (UNESCO) កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស