26 C
Phnom Penh

អ្នក​ឃ្លាំមើល​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​លើ​អង្គការ​សង់ត្រាល់​ជា​ការ​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​ចាត់ទុក​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ ទៅ​លើ​អង្គការ​សង់ត្រាល់ ថា​បាន​បង្កប់​នូវ​ចរិត​នយោបាយ​ក្នុង​បំណង​បោស​សម្អាត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ ដើម្បី​កុំ​ឱ្យ​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​ទៅ​ថ្ងៃ​មុខ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា នេះ​ថា ការ​កំណត់​ឱ្យ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​គណនី​របស់​ស្ថាប័ន​មួយ​នេះ​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​នៅ​ធនាគារ​នៅ​កម្ពុជា ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ក្នុង​ការ​កម្ទេច​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​កុំ​ឱ្យ​ធ្វើ​សកម្មភាព​ជួយ​សហជីព និង​កម្មករ​រងគ្រោះ​បន្ត​ទៀត។

លោក​បញ្ជាក់​ថា ករណី​ដែល​ក្រសួង​មហាផ្ទៃ តម្រូវ​ឱ្យ​សង់ត្រាល់​បង្ហាញ​ពី​ព័ត៌មាន​គណនី​ធនាគារ លុះត្រាតែ​មាន​ជម្លោះ​ក្នុង​ស្ថាប័ន​នេះ​ជុំវិញ​អំពើពុករលួយ រហូត​មាន​ការ​ប្តឹងផ្តល់​ពី​សមាជិក​ផ្ទៃក្នុង ប៉ុន្តែ​ករណី​នេះ ក្រសួង​មហាផ្ទៃ​អនុវត្ត​ច្បាប់​ដោយ​ចាប់​បង្ខំ និង​មិន​សម​ហេតុផល​ទាល់តែសោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា វិធានការ​បោស​សម្អាត​អ្នក​ដែល​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​ដើរ​ដល់​ដំណាក់កាល​ចុងក្រោយ គឺ​ការ​បោស​សម្អាត​សង្គម​ស៊ីវិល បន្ទាប់ពី​បោស​សម្អាត​បក្ស​នយោបាយ និង​សារព័ត៌មាន​ឯករាជ្យ​វីអូឌី ដែល​សេសសល់​ចុងក្រោយ​នៅ​កម្ពុជា កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ​នោះ ដូច្នេះ​ករណី​នេះ គឺជា​ល្បិច​នយោបាយ​សុទ្ធសាធ។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ឱ្យ​ផ្តល់​ព័ត៌មាន​ពី​គណនី​ដែល​បាន​បើក​សម្រាប់​ប្រតិបត្តិការ​នៅ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ឱ្យ​ក្រសួង​មហាផ្ទៃ ជា​កំហិត។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា សង់ត្រាល់​មាន​រយៈពេល​ត្រឹមតែ ៣០​ថ្ងៃ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ ដើម្បី​ធ្វើ​របាយការណ៍ ប៉ុន្តែ​បើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ទេ ក្រសួង​នឹង​ចាត់​វិធានការ​ច្បាប់​ទៅ​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ធរមាន។

ទោះជា​យ៉ាងណា​ក៏ដោយ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៤០​ស្ថាប័ន (៤៤​ស្ថាប័ន) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ចាត់​វិធានការ​លើ​អង្គការ​សង់ត្រាល់ គឺជា​ការ​ព្យាយាម​បំភិតបំភ័យ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​តស៊ូ​មតិ​ដើម្បី​សេរីភាព​របស់​សហជីព និង​កម្មករ​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស