26 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​កម្មវិធី CoolApp ត្រូវ​បង្កើត​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ធានា​ឯកជនភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​អះអាង​ថា ជា​កិត្តិយស​របស់​កម្ពុជា​ដែល​អាច​បង្កើត​កម្មវិធី CoolApp សម្រាប់​ទំនាក់ទំនង ប៉ុន្តែ​កត្តា​ដែល​សំខាន់​បំផុត គឺ​ត្រូវ​បង្កើត​ទំនុក​ចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់ ទាំង​គុណភាព និង​ប្រព័ន្ធ​ច្បាប់ សម្រាប់​ធានា​ពី​ឯកជនភាព បើ​ទោះបីជា​លោក ហ៊ុន សែន ប្រកាស​ថា​មិន​អាច​មាន​ជន​ណា​ម្នាក់​ចូល​មើល​បាន​ឡើយ សូម្បីតែ​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា នេះ​ថា លោក​មិន​ទាន់​អាច​វាយតម្លៃ​ពី​គុណភាព​របស់​កម្មវិធី CoolApp ថា​មាន​កម្រិត​សុវត្ថិភាព​ប៉ុនណា​នៅឡើយ​ទេ។ ជាង​នេះ​ទៀត លោក​ក៏​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​អាច​អនុវត្ត​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​លើ​កម្មវិធី​ថ្មី​នេះ​ដោយ​ស្មើភាព​កម្រិត​ណា​នោះ​ដែរ ប្រសិនបើ​មាន​ការ​បែកធ្លាយ​នូវ​ការ​ទំនាក់ទំនង​ពី​កម្មវិធី​នេះ។

លោក​ថា ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​បំបែក​ទៅ​ជា​កូដ (Encryption) គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​ធានា​សុវត្ថិភាព​ទិន្នន័យ ឬ DATA ប៉ុន្តែ​បញ្ហា​ចោទ​គឺ​នៅ​ត្រង់​ថា តើ DATA (ទិន្នន័យ) នោះ​នរណា​ជា​អ្នក​បង្កើត​វា ហើយ​នរណា​ជា​អ្នក​ធ្វើ (Encryption) ដែល​មាន​ន័យ​ថា នរណា​ជា​អ្នក​បញ្ចូល​កម្មវិធី​ដើម្បី​ធានា​ឱ្យ​មាន​សុវត្ថិភាព​លើ DATA ទាំងនោះ។

លោក​បន្ថែម​ថា អ្នក​ធ្វើ Encryption ដើម្បី​រក្សា​សុវត្ថិភាព​ទិន្នន័យ ក៏​អាច​ធ្វើ Decryption បាន​ដែរ គឺ​ពួកគេ​អាច​បញ្ចូល​កម្មវិធី​លាក់​ទិន្នន័យ​បាន តែ​ក៏​អាច​បញ្ចូល​កម្មវិធី​បើក​យក​ទិន្នន័យ​ទាំងនោះ​មក​វិញ​បាន​ដែរ ដូច្នេះ​វា​ក៏​ជា​ការ​ព្រួយបារម្ភ​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ធានា​ពី​ឯកជនភាព​របស់​ពួកគេ។

លោក សេក សុជាតិ អះអាង​ថា ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ថ្មី​នេះ ប្រហែល​ដោយសារ​កន្លង​មក​តែងតែ​មាន​ការ​បែកធ្លាយ​ការ​សន្ទនា និង​ទំនាក់ទំនង​ឯកជន​មួយ​ចំនួន ខណៈ​វិធានការ​ច្បាប់​លើ​ករណី​ទម្លាយ​រឿង​ឯកជន​របស់​អ្នក​ដទៃ​នោះ ហាក់​នៅ​មាន​កម្រិត​នៅឡើយ ជាពិសេស​សម្រាប់​អ្នក​ដែល​ត្រូវ​គេ​ចាត់ទុក​ថា​មិន​ស្រប​នឹង​រដ្ឋាភិបាល។

កាលពី​យប់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤ មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពី​ការ​បកស្រាយ​របស់​អគ្គនាយក​សារព័ត៌មាន ហ្វ្រែស ញូវ (Fresh News) លោក លឹម ជាវុត្ថា ទៅ​កាន់​អ្នក​រិះគន់​កម្មវិធី CoolApp នេះ​ថា អ្នក​រិះគន់​គួរ​ពិចារណា​លើក​ទឹកចិត្ត​ដល់​អ្នក​បង្កើត​កម្មវិធី​នេះ។

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​អគ្គនាយក​សារព័ត៌មាន ហ្វ្រែស ញូវ (Fresh News) លោក លឹម ជាវុត្ថា (ស្ដាំ) ហើយ​ក៏​ជា​ស្ថាបនិក​កម្មវិធី CoolApp។

ប្រភព​ដដែល​បន្ត​ថា កម្មវិធី CoolApp គឺ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ Cool App Co., Ltd មិនមែន​ផលិត​ឡើង​ដោយ​ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍​របស់​កម្ពុជា​ទេ ដូច្នេះ​មិន​អាច​មាន​ជន​ណា​ម្នាក់​ចូល​មើល​បាន​ឡើយ សូម្បីតែ​ម្ចាស់​ក្រុមហ៊ុន​ក៏ដោយ។

លោក លឹម ជាវុត្ថា អះអាង​ថា កម្មវិធី CoolApp មិន​រក្សា​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ទេ ព្រោះ​ទិន្នន័យ​ទាំងនោះ​រក្សា​នៅ​លើ​ទូរសព្ទ និង​កុំព្យូទ័រ​រៀងៗ​ខ្លួន​របស់​អ្នក​ប្រើប្រាស់ ដូច្នេះ CoolApp មិនមែន​បង្កើត​ឡើង​ដើម្បី​ប្រមូល​ទិន្នន័យ​ឲ្យ​រដ្ឋាភិបាល​ទេ ព្រោះ​ទិន្នន័យ​គឺ​នៅ​លើ​អ្នក​ប្រើ​ទាំងអស់។

ទោះជា​បែប​នេះ​ក្តី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មិថុនា ថា លោក ហ៊ុន សែន បង្កើត​កម្មវិធី CoolApp ក្នុង​បណ្ដាញ​សង្គម ដើម្បី​ងាយស្រួល​លួច​ចូល​មើល និង​លួច​ស្តាប់​ពលរដ្ឋ​ខ្មែរ​ដែល​ហ៊ាន​និយាយ​ការពិត និង​ចង់​សម្ដែង​មតិ​ដោយ​សេរី។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ជឿ​ការ​ភូតភរ និង​បោក​បញ្ឆោត​របស់​លោក ហ៊ុន សែន ទាក់ទង​នឹង​កម្មវិធី CoolApp នេះ ព្រោះ​ទង្វើ​បែប​នេះ គឺ​គាត់​ធ្វើ​តាម​គំរូ​ពី​ប្រទេស​ចិន​កុម្មុយនីស្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស