អ្នកវិភាគនយោបាយ និងក្រុមមេធាវីបានលើកឡើងថា តុលាការប្រទេសបារាំង ពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧ នោះឡើយ ដោយសារតែលោកនាយករដ្ឋមន្ត្រីនៅមានអភ័យឯកសិទ្ធិ។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា តុលាការប្រទេសបារាំង ពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧ នោះឡើយ។ លោកថា លោកនាយករដ្ឋមន្ត្រីកំពុងនៅក្នុងតំណែង ដូច្នេះនៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
ចំណែកឯប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន បានប្រាប់សារព័ត៌មានក្នុងស្រុកថា តុលាការប្រទេសបារាំងមិនមានលទ្ធភាពណាមួយក្នុងការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ លោកថា ប្រសិនបើតុលាការត្រូវការចាប់ខ្លួនលោក ហ៊ុន សែន មែន លុះត្រាតែលោកត្រូវឆ្លងកាត់ ឬចូលក្នុងទឹកដីនៃប្រទេសបារាំង។ លោកបានឲ្យដឹងទៀតថា ក្រៅពីប្រទេសបារាំង ក៏តុលាការពុំមានលទ្ធភាពចាប់លោកនាយករដ្ឋមន្ត្រីដែរ ព្រោះប៉ូលិសមិនអាចធ្វើសកម្មភាពអ្វីបានភ្លាមៗទេ គឺត្រូវឆ្លងច្បាប់ប្រទេសគេ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីដីកាចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ បានសរសេរលើ Facebook របស់លោកនៅថ្ងៃទី៧ ខែកុម្ភៈ ថា តាមសម្ដី Pierre-Olivier Sur ជាមេធាវីរបស់លោកនៅទីក្រុងប៉ារីស ដែលបានផ្តល់បទសម្ភាសន៍ឲ្យទៅភ្នាក់ងារសារព័ត៌មានអន្តរជាតិ AFP ថាតុលាការបារាំង កំពុងតែឈានទៅចាប់ខ្លួននាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន យ៉ាងពិតប្រាកដ។
លោកថា បើលោក ហ៊ុន សែន មិនមានអភ័យឯកសិទ្ធិការទូតទេ គាត់នឹងចូលក្រចកសេះជំនួសអ្នកក្រោមឱវាទគាត់ គឺលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង។
ទោះបីជាលោក ហ៊ុន សែន មិនទាន់បានឡើងតុលាការយ៉ាងណាក៏ដោយ ក៏សាធារណមតិបានដឹងយ៉ាងច្បាស់ថា គាត់ជាជនឧក្រិដ្ឋរួចទៅហើយបន្ទាប់ពីសេចក្តីសម្រេចតុលាការបារាំង ថ្ងៃទី៣០ ខែធ្នូ២០២១ ឲ្យចាប់ខ្លួនលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង យកទៅកាត់ទោសពីបទប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ក្នុងការគប់គ្រាប់បែកនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
កាលពីជាង ២០ឆ្នាំមុន លោក សម រង្ស៊ី និងភរិយាបានដាក់ពាក្យបណ្តឹងមួយនៅតុលាការក្នុងក្រុងប៉ារីស ប្រទេសបារាំង ក្នុងហេតុការណ៍គប់គ្រាប់បែកប៉ុនប៉ងសម្លាប់លោក និងភរិយា គឺអ្នកស្រី ជូឡុង សូមូរ៉ា លោក ជា វិជ្ជា និងមនុស្សប្រមាណ ១០០នាក់ផ្សេងទៀត។
កាលពីចុងខែធ្នូ ឆ្នាំ២០២១ តុលាការប្រទេសបារាំង បានចេញដីកាឱ្យចាប់ខ្លួនមនុស្ស ២នាក់ គឺមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងអតីតមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និងសព្វថ្ងៃជានាយករងខុទ្ទកាល័យលោក ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកប្រចាំការអចិន្ត្រៃយ៍នៅបញ្ជាការដ្ឋានអង្គរក្ស ពីបទ «សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា តុលាការប្រទេសបារាំង មិនអាចធ្វើអ្វីស្រេចតែអំពើចិត្តបានឡើយ ម្យ៉ាងវិញទៀត កម្ពុជាមិនមែនស្ថិតក្រោមឥទ្ធិពលប្រទេសបារាំង នោះទេ។ លោកបន្ថែមថា លោក ហ៊ុន សែន ក៏មិនមែនជាឧក្រិដ្ឋជន ហើយថែមទាំងជាមេដឹកនាំដែលកំពុងកាន់អំណាចកើតចេញពីការបោះឆ្នោត មិនមានហេតុផលណាមួយដែលតុលាការប្រទេសបារាំង ត្រូវប្រើអំណាចរំលោភលើកម្ពុជា ដែលផ្ទុយពីច្បាប់អន្តរជាតិនោះឡើយ។ លោកថា មានតែលោក សម រង្ស៊ី ទៅវិញទេដែលជាអ្នកប្រព្រឹត្តិបទល្មើស ហើយព្យាយាមប្រើប្រាស់វេទិកាអន្តរជាតិទម្លាក់កំហុសប្រឆាំងលោក ហ៊ុន សែន។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ជាអ្នករៀបចំ និងបញ្ជាផ្ទាល់ក្នុងការគប់គ្រាប់បែកនោះ។ កាលពីឆ្នាំ២០១៨ រតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងមិនឲ្យលោក ហ៊ីង ប៊ុនហៀង ជាន់ទឹកដីសហរដ្ឋអាមេរិក ព្រោះលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៃការបោកគ្រាប់បែកលើក្រុមអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ និងអំពើរំលោភសិទ្ធិមនុស្សផ្សេងៗជាច្រើនរាប់មិនអស់ទៀត៕