គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថាក្រុមឧក្រិដ្ឋជនបង្កើតវិធីជួញដូរមនុស្សតាមរបៀបថ្មីៗ ដោយប្រើប្រាស់អាជីវកម្មបន្លំភ្នែកក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការវិនិយោគសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធំៗនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើងក្នុងពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ នេះ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ បើទោះបីជាឧក្រិដ្ឋជនបានធ្វើសកម្មភាពថ្មីៗតាមបណ្តាខេត្តមួយចំនួនក្រៅពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញក៏ដោយ។
រដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃចន្ទ ទី១២ ធ្នូ។
ក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឱ្យមន្ត្រីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំដែលនាំឲ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ និងត្រូវរួមគ្នាលុបបំបាត់ការធ្វើអន្តោប្រវេសន៍ដែលគ្មានសុវត្ថិភាព ខុសច្បាប់ និងការងារខុសច្បាប់ ជាដើម។
លោក ស ខេង ជំរុញឱ្យសមត្ថកិច្ចតាមចាប់មេខ្លោងជួញដូរមនុស្ស និងគ្រឿងញៀន រួមទាំងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធផ្សេងទៀតជុំវិញការលាងលុយកខ្វក់ ជាដើម ដើម្បីទាញកម្ពុជាចេញពីបញ្ជីប្រផេះ។ លោកសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសមួយបានជោគជ័យ លុះត្រាតែវែករកមុខមេខ្លោង ហើយនាំខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ធ្នូ នេះថា ដើម្បីឱ្យកម្ពុជាចេញផុតពីបញ្ជីនៃក្រុមប្រទេសជួញដូរមនុស្ស រដ្ឋាភិបាលត្រូវតែអនុវត្តការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រកបដោយតម្លាភាព ចៀសវាងនូវការអនុវត្តតែទៅលើឈ្មួញដែលជាជនរងគ្រោះ ខណៈឧក្រិដ្ឋជនដែលជាម្ចាស់នៃបទល្មើសនេះ នៅតែរួចផុតពីទោសទណ្ឌ ប្រព្រឹត្តអំពើទុច្ចរិតសេរីក្រៅច្បាប់ដដែល។
លោក សេក សុជាតិ លើកឡើងថា ការសង្ស័យអំពីការឃុបឃិតរវាងឈ្មួញធំៗដែលគ្រប់គ្រងលើបណ្ដាញនៃការជួញដូរមនុស្សជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោសនៅឡើយទេ ខណៈជនល្មើសទាំងនោះបានប្រើមន្ត្រីដែលឃុបឃិតជាមួយខ្លួនធ្វើជាខ្នងបង្អែកសម្រាប់ការពារខ្លួនពួកគេពីផ្លូវច្បាប់ថែមទៀត។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Australian បានចេញផ្សាយកាលពីពេលថ្មីៗនេះថា កម្ពុជាកំពុងរងនូវការសង្ស័យថា បានប្រព្រឹត្តអំពើជួញដូរមនុស្សយ៉ាងធំដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនលាងលុយជនជាតិចិន ដោយជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងក្មួយប្រុសរបស់មេដឹកនាំផ្ដាច់ការនៅកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន តូ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ចេញរបាយការណ៍របស់ខ្លួនដោយចាត់កម្ពុជាចូលទៅក្នុងបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅក្នុងកម្រិត៣ (Tier 3 Watch List) នៃការជួញដូរមនុស្ស។ របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា រាជធានី-ខេត្តទាំង ២៥ របស់ប្រទេសកម្ពុជា គឺជាប្រភពនៃការជួញដូរមនុស្សទាំងអស់៕