ប៉ូលិសខេត្តបាត់ដំបង បញ្ជូនជនសង្ស័យជាអ្នករត់ម៉ូតូកង់បីដឹកស្ត្រីជនជាតិបារាំង និងវត្ថុតាងទៅតុលាការខេត្តបាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យសារភាពថាបានប៉ុនប៉ងគំរាមប្លន់យកទ្រព្យសម្បត្តិរបស់ស្ត្រីរងគ្រោះជនជាតិបារាំង។
នៅចំពោះមុខសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លីញ បានផ្តល់ចម្លើយថារូបគេបានធ្វើសកម្មភាពចំពោះស្ត្រីបរទេសម្នាក់ជាជនជាតិបារាំង អាយុ ២២ឆ្នាំ ដោយព្យាយាមដឹកស្ត្រីរូបនេះតាមម៉ូតូកង់បីទៅកន្លែងស្ងាត់ណាមួយ ដើម្បីប៉ុនប៉ង (គំរាមប្លន់) យកទ្រព្យសម្បត្តិរបស់នាងកាលពីថ្ងៃទី០៥ ខែសីហា កន្លងទៅ ខណៈដែលស្ត្រីបរទេសរូបនេះបានចុះពីរថយន្តក្រុង ហើយជិះ PassApp ទៅកាន់កន្លែងស្នាក់នៅ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ប៉ូលិសខេត្តបាត់ដំបង ឲ្យដឹងថា ជនសង្ស័យដែលរត់ម៉ូតូកង់បីមិនបានជូនស្ត្រីបរទេសរងគ្រោះទៅកាន់គោលដៅផ្ទះសំណាក់ ពេជ្រ ខៀវ ក្នុងក្រុងបាត់ដំបង ទេ ដោយព្យាយាមជិះពង្វាងទៅកន្លែងផ្សេង ហើយក៏ក្រឡាប់ម៉ូតូកង់បីជាហេតុធ្វើឲ្យស្ត្រីទេសចរជនជាតិបារាំង មានឱកាសរត់ចេញពីនោះទាំងរបួសរាងកាយ ក្នុងនោះក៏បាក់ឆ្អឹងម្រាមដៃកណ្តាលផងដែរ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sam Achhara បានបង្ហោះថា ដោយមានការសំណូមពរពីភ្ញៀវទេសចរបរទេសដែលជាជនរងគ្រោះ ក៏បានសរសេររៀបរាប់ពីហេតុការណ៍ដែលបានកើតឡើង ដើម្បីជាដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច។ ក្រោយពីបានឃើញព័ត៌មាននោះ ក៏មានការឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបញ្ចេញនូវទស្សនៈស្រដៀងៗគ្នាថា ប្រសិនបើរឿងនេះជាការពិត នោះអាជ្ញាធរត្រូវតែដាក់ទោសជនសង្ស័យរត់ម៉ូតូកង់បីនេះឲ្យបានធ្ងន់ធ្ងរ ដោយសារសកម្មភាពរបស់ពួកគេបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ សន្តិសុខ និងវិស័យទេសចរណ៍យ៉ាងធ្ងន់ធ្ងរផងដែរ។
បើតាមគេហទំព័រហ្វេសប៊ុកប៉ូលិសខេត្តបាត់ដំបង ឱ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មាននេះពីអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៧ ខែសីហា។
ជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លីញ នេះធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ម្តងរួចមកហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលកាលនោះរូបគេបានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះម្នាក់ជាស្ត្រីជនជាតិបារាំង ដែរនៅក្រុងបាត់ដំបង ប៉ុន្តែក្រោយពីចេញពីពន្ធនាគារវិញ បុគ្គលនេះនៅតែបន្តប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតដោយគ្មានរាងចាល៕