នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានសម្រេចដកលោក Li Shangfu ពីមុខតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងដកចេញពីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ ក៏មានរដ្ឋមន្ត្រី ២រូបទៀតត្រូវដកហូតតំណែងដែរ។
រដ្ឋមន្ត្រីចិន ២រូបនេះ គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Liu Kun និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Zhigang។ សំណុំរឿងឈានដល់ការដកហូតតំណែងរដ្ឋមន្ត្រី ៣រូបនេះ ត្រូវបានសង្ស័យថាអាចមកពីរឿងកិបកេង និងពុករលួយ។
រដ្ឋមន្ត្រីទាំង ៣រូបនេះត្រូវបានដកហូតពីតំណែងនៅថ្ងៃតែមួយ កាលពីថ្ងៃអង្គារ ទី២៤ តុលា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី២៥ តុលា នេះ។ ប៉ុន្តែការដកហូតលោក Li Shangfu ពីមុខតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននាំឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកសង្កេតការណ៍ និងបណ្ដាញផ្សាយព័ត៌មានអន្តរជាតិ។
បក្សកុម្មុយនីស្តចិន ដែលបានដករដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺជាលើកទីពីរនៃកម្មាភិបាលជាន់ខ្ពស់ក្នុងរយៈពេលបីខែ ដោយបង្កើតជាចម្ងល់អំពីស្ថិរភាពនៃក្រុមកម្មាភិបាលជុំវិញប្រធានាធិបតីចិន លោក Xi Jinping។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ឧត្តមសេនីយ៍ Li ដែលត្រូវដកពីតំណែងជារដ្ឋមន្ត្រីការពារជាតិ ក្រោយពីលោកបានបាត់មុខពីសាធារណៈអស់រយៈពេលពីរខែ។ ក្នុងពេលជាមួយគ្នានេះ បក្សកុម្មុយនីស្តចិន ក៏បានប្រកាសផងដែរថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ត្រូវបានដកចេញពីតំណែងសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋផងដែរ។
ក៏ប៉ុន្តែទូរទស្សន៍រដ្ឋចិន CCTV ដែលបានរាយការណ៍អំពីសមាជិកសភាដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន បានអនុម័តលើការដកកម្មាភិបាលជាន់ខ្ពស់ទាំងពីរនេះ ដោយមិនបានផ្តល់ការពន្យល់ណាមួយឡើយ។
មកដល់ពេលនេះ ពុំទាន់ដឹងថា អ្នកជំនួសតំណែងលោក Li មានឈ្មោះអ្វីនោះទេ ដោយទុកឲ្យប្រទេសនេះគ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈក្រុងប៉េកាំង ត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិពីប្រទេសផ្សេងៗនៅឯវេទិកា Xiangshan នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា។
លោក Li ដែលមានអាយុ ៦៥ឆ្នាំត្រូវបានគេឃើញចុងក្រោយជាសាធារណៈនៅថ្ងៃទី២៩ ខែសីហា។
លោក Li បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន កាលពីខែមីនា ឆ្នាំ២០២៣។ នៅក្នុងពេលលោក Li កំពុងបាត់ខ្លួន ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Li កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ដោយសង្ស័យថាពាក់ព័ន្ធនឹងអំពើពុករលួយទាក់ទងនឹងលទ្ធកម្មឧបករណ៍ និងការអភិវឌ្ឍ។
កាសែត Financial Times ដែលស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក ៣នាក់ផ្សេងគ្នា បានចុះផ្សាយថា លោក Li ដែលបាត់ខ្លួន ទំនងដោយសារតែបានរងការស៊ើបអង្កេតផ្ទៃក្នុងពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ។
ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមថា ករណីពុករលួយមាននៅក្នុងក្រសួងការពារជាតិ ហើយមានការពាក់ព័ន្ធទៅដល់លោក Li ព្រោះលោកធ្លាប់ជាប្រធានអគ្គនាយកដ្ឋានគ្រឿងសព្វាវុធ។
លោក Li ទើបតែចូលកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ នៅពេលដែលលោក Xi ចាប់ផ្តើមកាន់អំណាចអាណត្តិទី៣ ជាប្រមុខរដ្ឋចិន ដែលប្រទេសកុម្មុយនីស្តមួយពុំធ្លាប់មាន។
ចំពោះលោក Li ដែលរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការទិញយន្តហោះចម្បាំង និងឧបករណ៍ពីប្រទេសរុស្ស៊ី គឺជារដ្ឋមន្ត្រីការពារជាតិដែលកាន់តួនាទីបានខ្លីបំផុតនៃប្រវត្តិរដ្ឋមន្ត្រីប្រទេសចិន។
ចំណែកលោក Qin Gang ក៏បានបម្រើការមិនដល់មួយឆ្នាំ មុនពេលដែលលោកបានបាត់ខ្លួនពីសាធារណៈ ហើយត្រូវបានជំនួសឡើងវិញដោយលោក Wang Yi ជាអតីតរដ្ឋមន្ត្រីការបរទេស។
ចំណែកកាសែតសហរដ្ឋអាមេរិក Wall Street Journal បានដកស្រង់ប្រភពជាច្រើនថា លោក Qin មានទំនាក់ទំនងស្នេហាលួចលាក់ ខណៈពេលដែលលោកជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក។
យ៉ាងណា ទាំងលោក Li និងលោក Qin ដែលមុននឹងត្រូវដកតំណែង សុទ្ធតែបាត់មុខពីសាធារណៈដូចគ្នា ត្រូវបានចោទសួរអំពីការផ្លាស់ប្ដូរកម្មាភិបាលជាន់ខ្ពស់របស់ប្រទេសចិន ចំពេលកំណើនសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចទី២ នេះ កំពុងធ្លាក់ចុះ ហើយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែជួបបញ្ហាច្រើនឡើង។
បើតាមការវិភាគរបស់លោក Neil Thomas អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Asia Society Policy គឺការដកហូតតំណែងរបស់កម្មាភិបាលចិន ២រូបខាងលើនេះ អាចជាលទ្ធផលនៃការមិនចុះសម្រុងជាមួយនឹងមន្ត្រីក្រោមឱវាទតាមក្រសួង ដែលមិនពេញចិត្តនឹងរដ្ឋមន្ត្រីដែលលោក Xi បានតែងតាំង ហើយអាចបូកនឹងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Liu Kun និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Zhigang ដែលត្រូវបានដកហូតតំណែងនៅថ្ងៃតែមួយជាមួយ Li Shangfu ពីមុខតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ៕